ពិធីជប់លៀងផ្សេងៗ បានបន្តរហូតដល់ថ្ងៃអាទិត្យ ខណៈដែលអ្នកគាំទ្ររាប់ម៉ឺននាក់របស់ក្រុម Real Madrid បានចេញមកអបអរសាទរការទទួលជ័យជម្នះរបស់ក្រុមរបស់ពួកគេក្នុងលទ្ធផល 3-1 លើក្រុម Liverpool និងការឈ្នះពានក្របខ័ណ្ឌ Champions League ចំនួន 3លើកជាប់ៗគ្នា។
Gareth Bale បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ 1គ្រាប់ក្នុងចំណោមគ្រាប់បាល់ដ៏អស្ចារ្យបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផងដែរ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Liverpool ក្នុងទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ ដើម្បីឈ្នះពាននេះជាលើកទី 3ជាប់គ្នា។
ការស៊ុតបាល់បករំលងក្បាលរបស់ Bale នៅនាទីទី៦៤ បានជួយឱ្យក្រុម Real នាំមុខ 2-1 ភ្លាមៗ ក្រោយពីចូលលេងក្នុងពេលចាប់ផ្តើមមិនបានល្អនៅដើមតង់ទី2 ខណៈ Karim Benzema បានជួយឱ្យក្រុម Real មានគ្រាប់នាំមុខមុន ដោយសារតែការធ្វេសប្រហែសរបស់អ្នកចាំទី Loris Karius។
ខ្សែប្រយុទ្ធ Sadio Mane បានរកគ្រាប់បាល់តាមស្មើក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែ Bale បានជួយឱ្យ Real នាំមុខម្តងទៀត ហើយបន្ទាប់មកទើបបំពេញជ័័យជម្នះរបស់ក្រុមខ្លួនជាមួយនឹងការស៊ុតបាល់ពីចម្ងាយដែលធ្វើឱ្យ Karius បានត្រឹមតែអាចដាល់បាល់ឱ្យចូលទីខ្លួនឯងប៉ុណ្ណោះ។
អ្នកគាំទ្រម្នាក់បានឱ្យដឹងថា៖ «នេះគឺជាក្រុមដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះនឹងមិនកើតឡើងម្តងទៀតឡើយ។ យើងគឺជាក្រុមខ្លាំងបំផុត»៕
ប្រភពពី៖ Sport24