នរណាៗក៏ដឹងយ៉ាងច្បាស់ដែរថា ទឹកដោះម្តាយមានប្រយោជន៍ច្រើនជាងគេបំផុតសម្រាប់ការចិញ្ចឹមកូន តែនៅក្នុងករណីខ្លះអ្នកម្តាយក៏មានភាពចាំបាច់ត្រូវតែប្រើម្សៅទឹកដោះគោមកជួយដែរ ដូចជា ពេលអ្នកម្តាយឈឺធ្ងន់មិនអាចឱ្យកូនតូចបៅដោះបាន ឬអ្នកម្តាយមិនអាចចិញ្ចឹមកូនតូចដោយខ្លួនឯងបានជាដើម ដូច្នេះហើយយើងត្រូវតែទទួលស្គាល់ថា ចាំបាច់ត្រូវតែពឹងលើម្សៅទឹកដោះគោ។
ឥឡូវយើងមកមើលពីព័ត៌មាន និងពាក្យណែនាំរបស់លោកវេជ្ជបណ្ឌិតជំនាញ អំពីវិធីជ្រើសរើសទឹកដោះគោម្សៅរបស់កូនតូចវិញប្រសើរជាង។
វិធីជ្រើសរើសម្សៅទឹកដោះគោ
ម្សៅទឹកដោះគោនៅលើទីផ្សារដែលយើងឃើញនោះ មានឱ្យជ្រើសរើសច្រើនយ៉ាង ច្រើនយីហោណាស់ ដោយយីហោនីមួយៗសុទ្ធតែព្យាយាមកែច្នៃឱ្យមានចំណែកផ្សំដូចទឹកដោះម្តាយបំផុត ដូចជាកាត់បន្ថយជាតិប្រូតេអុីននៅក្នុងទឹកដោះគោ ដើម្បីឱ្យដូចទឹកដោះម្តាយឱ្យបានច្រើនបំផុត ព្រោះទារកបើបានទទួលជាតិប្រូតេអុីនច្រើនជ្រុលពេក ក្រលៀននឹងកាន់តែធ្វើការខ្លាំងឡើង ឬសម្រួលខាបូហាយដ្រេតនៅក្នុងចំណែកផ្សំមួយចំនួនឱ្យស្រដៀងទឹកដោះម្តាយ ងាយស្រួលរំលាយ មិនកកជាដុំៗ និងបន្ថែមសារជាតិអាហារផ្សេងៗដែលមានប្រយោជន៍ចំពោះទារកចូលទៅ ព្រោះនៅក្នុងទឹកដោះម្តាយមានសារធាតុអាហារច្រើនជាង200ប្រភេទឯណោះ។
ការជ្រើសរើសម្សៅទឹកដោះគោត្រូវមើលលើអាយុរបស់កូនជាចម្បង ទឹកដោះដែលជាទឹកដោះគោនឹងមានចាប់តាំងពី៖
រូបមន្តទី1: សម្រាប់ទារកទើបនឹងកើត រហូតដល់1ឆ្នាំ យើងហៅថា Infant Formula។
រូបមន្តទី2: គឺជាទឹកដោះរូបមន្តបន្ត ឬ Follow on Formula សម្រាប់ទារកអាយុ6ខែ ដល់3ឆ្នាំ។
រូបមន្តទី3: ជាម្សៅទឹកដោះគោគ្រប់គ្រឿង ហៅថា Powdered Whole Milk ។
ក្រៅពីអាយុកូនហើយ ត្រូវសង្កេតមើលថា តើកូនយើងមានសភាវពិសេសណាមួយដែលត្រូវជ្រើសរើសម្សៅទឹកដោះគោសម្រាប់គេជាពិសេស ឬក៏អត់ ដូចជា នៅលើក្មេងដែលមានជំងឺខាង មេតាបូលីហ្សឹម រំលាយជាតិប្រូតេអុីនមួយចំនួនមិនបាន ត្រូវប្រើម្សៅទឹកដោះគោរូបមន្តពិសេសដោយឡែក ឬបើចំពោះក្មេងដែលគ្រួសារមានប្រវត្តិច្បាស់ថា មានរោគប្រតិកម្មចាញ់ ក៏នឹងមានម្សៅទឹកដោះគោពិសេសមួយដែលយកជាតិប្រូតេអុីនធំៗមករំលាយឱ្យតូច គឺជារូបមន្តសម្រាប់ក្មេងដែលមានសភាវប្រថុយប្រថាននឹងការកើតប្រតិកម្មចាញ់។
ក្រៅពីនោះ នៅមានម្សៅទឹកដោះគោសម្រាប់ក្មេងដែលមានសភាវផ្សេងៗទៀត ដូចជា ទារកដែលប្រសូតមុនកំណត់ នឹងមានទឹកដោះគោពិសេសដែលផ្តល់នូវកម្លាំងថាមពល និងមានសារជាតិអាហារប្រភេទខ្លះច្រើនជាងម្សៅទឹកដោះគោធម្មតា ដើម្បីបំប៉នឱ្យកាន់តែរឹងមាំឡើង។ ក្មេងដែលមានសភាវក្អែទឹកដោះចេញមកវិញ ឬសាច់ដុំមាត់ក្រពះមិនល្អ ក៏នឹងមានទឹកដោះគោរូបមន្តពិសេសដោយឡែក ដែលនឹងធ្វើឱ្យក្មេងលែងសូវក្អែចេញមក ចំណែកឯក្មេងដែលមានអាការរាករូស ឬការរំលាយអាហារខុសប្រក្រតី នឹងមានម្សៅទឹកដោះគោជាពិសេសដោយឡែកដូចគ្នាដែរ គឺជាទឹកដោះដែលគ្មានជាតិ លែកតូស។ ម្សៅទឹកដោះគោដែលជារូបមន្តពិសេសទាំងនេះ ប្រភេទខ្លះអ្នកម្តាយអាចទិញបានដោយខ្លួនឯង តែប្រភេទខ្លះទៀតត្រូវឱ្យលោកគ្រូពេទ្យជួយ ព្រោះត្រូវពិនិត្យមើលប្រវត្តិរបស់ក្មេងម្នាក់ៗផង។
ចំពោះទារកដែលរឹងប៉ឹងល្អ ប្រសូតតាមកំណត់ ជ្រើសរើសប្រើម្សៅទឹកដោះគោប្រភេទណាក៏គ្មានខុសប្លែកគ្នាដែរ តែត្រូវមើលថា តើមានឆ្លងកាត់ការត្រួតពិនិត្យដែរឬទេ? បើចង់បានការណែនាំ ក៏ចង់ជម្រាបថា អ្នកម្តាយគួរសាកល្បងទិញកំប៉ុងតូចប្រើមើលសិន បើកូនញ៉ាំហើយមិនឆ្ងល់ពោះ បន្ទោបង់បានតាមប្រក្រតីក៏អូខេ។ ពេលលាយ ក៏ត្រូវលាយតាមកម្រិតដែលបានបញ្ជាក់ទុកស្រាប់ បើលាយខាប់ជ្រុលពេក អាចនឹងធ្វើឱ្យកូនតូចរាក ឬទល់លាមកបាន ឬបើលាយរាវពេក នឹងធ្វើឱ្យកូនតូចទទួលបានថាមពលមិនគ្រប់គ្រាន់។
សង្កេតមើលកូនតូចបៅទឹកដោះគោ
មានអ្នកម្តាយជាច្រើនដែលពេលកូនយំ ក៏ឱ្យបៅទឹកដោះ ព្រោះគិតថា កូនឃ្លាន ការពិតទៅកូនអាចមិនទាន់ឃ្លានក៏ថាបានដែរ អាចយំដោយសារមូលហេតុអ្វីផ្សេងផងក៏មិនដឹង ដូច្នេះចង់ឱ្យអ្នកម្តាយសាកល្បងសង្កេតមើលជាមុនសិន ព្រោះជាធម្មតា ទារកក្នុងអំឡុង2-3ខែដំបូងនឹងបៅក្នុងមួយពេល2-3អនស៍(1អនស៍ស្មើនឹង28.35ក្រាម) បើជាម្សៅទឹកដោះគោ អាចនឹងឱ្យបៅរៀងរាល់3-4ម៉ោងម្តង បើទឹកដោះម្តាយវិញអាចនឹងញឹកជាង គឺប្រហែលជារៀងរាល់2-3ម៉ោងម្តង ព្រោះទឹកដោះម្តាយងាយស្រួលរំលាយជាង ដូច្នេះ បើកូនទើបនឹងបៅទឹកដោះហើយមិនយូរប៉ុន្មាន ករណីកូនស្រែកយំនេះ អ្នកត្រូវពិនិត្យមើលមូលហេតុផ្សេងជាមុនសិន។
នៅលើទារកទើបនឹងកើត រហូតដល់2-3ខែដំបូង នឹងមានប្រតិកម្មមួយដែលហៅថា Sucking Reflex គឺអ្វីក៏ដោយដែលនៅក្នុងមាត់ ទារកនឹងតបស្នងដោយការបឺត ទើបធ្វើឱ្យអ្នកម្តាយយល់ច្រឡំជាញយដង ដោយគិតថាកូនបិុនមឹម ឃើញកូនបិុនមឹម មឹមបានជារឿយៗបែបនេះ លុះដល់ពេលកូនយំក៏ញ៉ុកដបទឹកដោះគោដាក់មាត់កូន ពេលដាក់ដល់មាត់ កូនក៏ស្ងាត់ និងចេះតែបឺតជារឿយៗទៅ ធ្វើឱ្យបៅលើសកំណត់ កូនក៏ណែនឆ្ងល់ពោះ។ អ្នកម្តាយត្រូវចេះសង្កេតមើលទង្វើការបៅទឹកដោះរបស់កូន និងរៀនយល់ដឹងរវាងអ្នកម្តាយដែលមានកូនតូចដូចគ្នា នឹងបានតារាងការបៅទឹកដោះដែលមិនដូចគ្នា អ្នកម្តាយខ្លះអាចឱ្យកូនបៅពេលថ្ងៃញឹក អ្នកម្តាយខ្លះទៀតឱ្យកូនបៅពេលយប់ញឹក តែបើដល់ពេលត្រូវឱ្យបៅទឹកដោះហើយ តែកូនកំពុងគេងលក់ ក៏មិនចាំបាច់ដាស់កូនឱ្យភ្ញាក់ឡើងមកបៅដែរ បណ្តោយឱ្យកូនគេងឱ្យបានយូរសិនចុះ រួចហើយលោកឪពុកអ្នកម្តាយចាំបន្ថែមពេលមឹមទឹកដោះឱ្យកូននៅពេលក្រោយក៏បាន៕