លេចនោម ជាបញ្ហាដែលជួបប្រទះច្រើននៅលើមនុស្សស្រី ដោយសារបច្ច័យមួយចំនួន ដូចជា ការមានគភ៌ ការប្រសូតបុត្រ ការវះកាត់ខាងជំងឺស្ត្រី ជាពិសេសការវះកាត់ស្បូន។ល។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្ស1នាក់ក្នុងចំណោម5នាក់ដែលកើតជំងឺនេះ គឺជាស្ត្រី និងច្រើនជាងបុរសដល់ទៅ3ដងឯណោះ។
មូលហេតុផ្សេងៗរបស់ជំងឺលេចនោម
មូលហេតុសំខាន់គឺភាពខុសប្រក្រតីដែលកើតឡើងទាំងខាងផ្នែកនៃការធ្វើការងារ និងខាងផ្នែករូបរាងរបស់អវយវៈដែលមានចំណែកក្នុងការគ្រប់គ្រងការបន្ទោបង់ទឹកនោម ដូចជា ខួរក្បាល និងប្រព័ន្ធប្រសាទដែលគ្រប់គ្រងទ្រាំទប់ និងបញ្ចេញទឹកនោម ប្លោកនោម បង្ហួរនោម ប្រព័ន្ធខ្ជឹបបង្ហួរនោម និងសាច់ដុំក្នុងឆ្អឹងត្រគាក។
ក្នុងវ័យកុមារ : កើតឡើងដោយសារប្រព័ន្ធគ្រប់គ្រងការបន្ទោបង់នៅមិនទាន់ដំណើរការស្រួល និងទង្វើរួមទាំងទម្លាប់និស្ស័យមួយចំនួន និងច្រើនតែចេញមកក្នុងរូបបែបនៃការលេចនោមដាក់ពូកនៅពេលយប់ញឹកញាប់។
ក្នុងវ័យក្រមុំ : ច្រើនតែកើតឡើងដោយសារតែមានទម្លាប់និស្ស័យមួយចំនួនដែលមិនត្រឹមត្រូវ ដូចជា ទទួលទានទឹកតិច ទ្រាំទប់មិនព្រមនោមរយៈពេលយូរ ឬញឹកញាប់ ធ្វើឱ្យប្លោកនោមកើតមានការច្របាច់ខ្លួនខុសប្រក្រតីរហូតដល់ទ្រាំទប់ទឹកនោមលែងរួច។
សម្រាប់មនុស្សវ័យកណ្តាល ៈ អ្នកដែលធ្លាប់មានគភ៌ ឬធ្លាប់វះកាត់ស្បូនពីមុនមក អាចមានការចុះខ្សោយរបស់សាច់ដុំខ្ជឹបមាត់ប្លោកនោម ធ្វើឱ្យបិទមិនជិត។ នៅលើមនុស្សវ័យចំណាស់ និងអស់វដ្តរដូវវិញ អ័រម៉ូនភេទស្រីនឹងថយចុះធ្វើឱ្យប្រព័ន្ធការបិទខ្ជឹបរបស់បង្ហួរនោមចុះខ្សោយ ធ្វើឱ្យមានទឹកនោមលេចជ្រាបចេញមកបានដូចគ្នា។
អាការដែលបង្ហាញពីការលេចនោម
អាការផ្សេងៗរបស់ការលេចនោមបែបនេះមានដូចជា មានអារម្មណ៍ថាត្រូវតែនោម តែមិនអាចទៅនោមបានទាន់ ពេលកណ្តាស់ ក្អកមានទឹកនោមលេចចេញមក អាការទឹកនោមហូរចេញមកដោយមិនដឹងខ្លួន ឬទឹកនោមស្រក់ចេញមកក្រោយពេលបត់ជើងតូចរួចជាដើម។
វិធីបំបាត់ និងកែអាការលេចនោម
ការព្យាបាល អាស្រ័យលើមូលហេតុរបស់អាការថា តើកើតភាពខ្វះចន្លោះនៅលើអវយវៈដែលគ្រប់គ្រងការបត់ជើងតូចក្នុងផ្នែកណាមួយ។ ជាទូទៅ វិធីក្នុងការរក្សាព្យាបាលមាន3យ៉ាង គឺ ការព្យាបាលដោយទង្វើ ការព្យាបាលដោយប្រើថ្នាំ និងការព្យាបាលដោយវះកាត់។ អ្នកដែលមានអាការមិនសូវខ្លាំងប៉ុន្មាន គួរចាប់ផ្តើមពីការព្យាបាលដោយទង្វើ គឺការបង្វឹកសាច់ដុំក្នុងឆ្អឹងត្រគាក ដោយការខ្ជឹបមាត់បង្ហួរនោមដែលមានលក្ខណៈដូចពេលខ្ជឹបទ្រាំទប់នោមអ៊ីចឹង ដោយត្រូវធ្វើឱ្យបាន100 ដងក្នុងមួយថ្ងៃ។ វិធីនេះត្រូវមានការអត់ធ្មត់ ព្រោះត្រូវប្រើពេលរាប់ខែទំរាំនឹងឃើញលទ្ធផល និងគួរធ្វើឱ្យបានជាប់លាប់ ដើម្បីកុំឱ្យអាការនេះកើតឡើងទៀត។
វិធីងាយៗក្នុងការការពារមិនឱ្យកើតអាការលេចនោម
. គួរទទួលទានទឹកឱ្យបានយ៉ាងតិចក្នុងមួយថ្ងៃពី8-10កែវ។
. មិនគួទ្រាំទប់នោមញឹកញាប់ ឬយូរៗជ្រុលពេកឡើយ។
. ចៀសវាងពីសភាវណាដែលត្រូវប្រើកម្លាំងប្រឹងនៅខាងក្នុងប្រអប់ពោះខ្លាំងៗ និងអាការទល់លាមក។
. ធ្វើលំហាត់ប្រាណសាច់ដុំក្នុងឆ្អឹងត្រគាកដោយការខ្ជឹបមាត់បង្ហួរនោមជាប្រចាំ។
បញ្ហាធំនឹងក្លាយជាបញ្ហាតូចដែលអាចការពារ និងដោះស្រាយវិញបាន ដោយគ្រាន់តែកែសម្រួលទង្វើណាដែលប្រថុយនឹងការកើតជំងឺ និងឧស្សហ៍មើលថែទាំខ្លួនដោយវិធីងាយៗទាំងនេះ នារីៗសម័យថ្មីយើង នឹងច្បាស់ជាស្ថិតនៅឆ្ងាយពីជំងឺលេចនោមនេះជាមិនខាន៕