ទោះបីជាការចរចាតម្លៃក្នុងការទិញ-លក់កម្មសិទ្ធិឯកជននៅក្នុងអគារប៊ុលឌិងស នៅមានមតិមួយចំនួនតូចពុំទាន់មានការយល់ព្រមទទួលយកនូវដំណោះស្រាយក៏ដោយ ប៉ុន្ដែបើគិតចាប់តាំងពីពេលដែលបើកយុទ្ធនាការនៃការចុះកិច្ចសន្យាទិញ-លក់រហូតមកដល់ពេលនេះឃើញថា ដំណើរការមានភាពរលូន និងកំពុងតែឈានទៅរកលទ្ធផលវិជ្ជមានជាខ្លាំង។
ជំនួបរវាងអាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយប្រជាជាពលរដ្ឋរស់នៅក្នុង «អគារប៊ុលឌិងស» ចំនួន 493 គ្រួសារ ត្រូវបានអាជ្ញាធរសម្រេចផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងការទិញកម្មសិទ្ធិឯកជនក្នុងមួយម៉ែត្រការ៉េ 1400ដុល្លារអាមេរិក ដោយគិតទៅលើចំនួនការ៉េនៅក្នុងមួយយូនីតៗ។
គ្រានោះគេសង្កេតឃើញមានការឯកភាពពីប្រជាពលរដ្ឋប្រមាណជាង 90%ទៅហើយ ដែលទទួលយកការទិញកម្មសិទ្ធិឯកជនរបស់ពួកគាត់នៅក្នុងអគារនេះក្នុងតម្លៃ1400ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះអ្នកដែលបានយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួននឹងអាចទទួលបានប្រាក់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។ រីឯអ្នកដែលមិនទាន់មានការយល់ស្របអាជ្ញាធរនឹងធ្វើការដោះស្រាយតាមជាក់ស្ដែង។
តែទោះជាយ៉ាងនេះក្ដី គេមើលឃើញថា ដំណើរការនៃការមកចុះកិច្ចសន្យាលក់ត្រូវបានប្រព្រឹត្ដទៅយ៉ាងរលូន និងមានប្រជាជនចូលមកធ្វើកិច្ចសន្យាជាបន្ដបន្ទាប់ ពិសេសក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះមានការវិវឌ្ឍទៅមុខយ៉ាងលឿន។ ដោយគិតចាប់ពីថ្ងៃទី16 ខែឧសភា ឆ្នាំ2017 មក ប្រជាជនរស់នៅលើក្នុងបន្ទប់អគារនោះចំនួន 327យូនីតក្នុងចំណោម 493 យូនីតបានមកចុះកិច្ចសន្យាលក់ដែលសើ្មនឹង66,33%។ និងមកដល់ថ្ងៃទី17ខែឧសភាម្សិលមិញនេះ គិតត្រឹមម៉ោង5 និង30នាទីល្ងាច មានប្រជាជនមកចុះកិច្ចសន្យាលក់បន្ថែមបាន 367យូនីត ឬសើ្មនឹង74,44%ហើយ។
យោងតាមការសន្និដ្ឋានពីមហាជនជាច្រើនដែលកំពុងតែតាមដានលើរឿងនេះបានលើកឡើងថា ដំណើរការនេះកំពុងតែបង្ហាញសញ្ញាវិជ្ជមានដែលធ្វើឱ្យគេមានសង្ឃឹមថា អាចនឹងឃើញអគារដ៏ថ្មីប្រណីតមួយជំនួសឱ្យអគារវ័យចំណាស់ទ្រុឌទ្រោមនេះផុសឡើងនាកណ្ដាលរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន៕