កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីការជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិ ដើម្បីជាប្រយោជន៍ដល់កូន។
1. កូនបានរៀនយល់ដឹងពីភាសា: តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នារឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។
2. ជំរុញខួរក្បាល: ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។
3. បង្កើនចំណេះដឹង: ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។
4. យល់ពីខ្លួនឯង យល់ពីអ្នកដទៃ: ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។
5. ចេះឆ្លើយឆ្លងទាក់ទង: ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់អ្នកឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕