ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១១ បានឈានដល់ជុំទី៤ហើយ ដោយជើងខ្លាំង ២ក្រុម ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្រុមអគ្គិសនីកម្ពុជា (EDC) បានកក់កៅអីរួចរាល់ ក្រោយទទួលបានជ័យជម្នះរៀងៗខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ ។
សម្រាប់លទ្ធផលប្រកួតជើងទី៣ របស់ក្រុមប៉ូលិស គឺបានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវេស្ទើន ២-១ ប៉ុន្ដែលទ្ធផលនេះ មិនអាចរំលាយឱកាសឡើងទៅវគ្គបន្ដរបស់ក្រុមប៉ូលិសបានឡើយ ដោយសារកាលពីជួបគ្នាជើងទី១ ក្រុមវេស្ទើន បានចាញ់ប៉ូលិស ២-០ ។
ដូច្នេះសរុបលទ្ធផលជួបគ្នា ២ជើង គឺប៉ូលិស ឈ្នះវេស្ទើន ៣-២ ។ចំណែកក្រុមអគ្គិសនីកម្ពុជាវិញ បានបន្ដបំបាក់ក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ដោយលទ្ធផល ៧-០ មិនឲ្យតដៃរួចឡើយ ខណៈជើងទី១ អគ្គិសនីកម្ពុជាយកឈ្នះក្នុងទឹកដី ៨-០ ។ សរុបជួបគ្នាទាំង ២ជើង ក្រុមចំណូលថ្មីនៃលីកកំពូលកម្ពុជានេះបានបំបាក់ខេត្តសៀមរាប ១៥-០ ដើម្បីទទួលបានកៅអីជុំទី៤ យ៉ាងងាយតែម្ដង៕