ការពន្យារកំណើតគឺជាការអនុវត្តតាមវិធីសាស្ត្រមួយចំនួន ដើម្បីការពារអ្នកពីការបង្ករកំណើត។ ស្ត្រីរាប់លាននាក់ បានជ្រើសរើសវិធីនៃការពន្យារកំណើតទៅតាមកាលៈទេសៈ និងស្ថានភាពសុខភាពរបស់ពួកគេ។ មុននឹងធ្វើការសម្រេចចិត្តថាតើអ្នកនឹងត្រូវប្រើប្រាស់វិធីណា ដើម្បីពន្យារកំណើតនោះអ្នកត្រូវតែបានដឹងពីគុណប្រយោជន៍ ផលវិបាក និងកត្តាមួយចំនួនទៀតឱ្យបានច្បាស់ជាមុនសិន។ ភាពច្បាស់លាស់អស់ទាំងនោះអាចកើតមានឡើងបានលុះណាតែអ្នកបានទៅជួបពិភាក្សាឱ្យបានច្បាស់ ប៉ុន្តែប្រសិនបើអ្នកចង់បានព័ត៌មានខ្លះៗអំពីការពន្យារកំណើតជាមុនសិននោះសូមតាមដានអត្ថបទខាងក្រោមដូចតទៅ៖
ស្រោមអនាម័យ៖ មិនត្រឹមតែមានប្រសិទ្ធភាពក្នុងការការពារមិនឱ្យមានផ្ទៃពោះនោះទេ តែវាថែមទាំងអាចជួយការពារអ្នកពីការចម្លងរោគផ្សេងៗផងដែរ។ ដើម្បីទទួលបាននូវលទ្ធផលជាទីពេញចិត្តនោះ អ្នកក៏ត្រូវតែដឹងពីរបៀបប្រើប្រាស់ និងត្រូវចេះពិនិត្យឱ្យបានច្បាស់មិនឱ្យមានរហែក ឬផុតកំណត់ប្រើប្រាស់នោះឡើយ។ សូមសាកសួរព័ត៌មានបន្ថែមពីអ្នកជំនាញអំពីវិធីប្រើប្រាស់ ប្រសិនបើអ្នកនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការប្រើប្រាស់ស្រោមអនាម័យដើម្បីធ្វើការពន្យារកំណើត។
ថ្នាំលេបពន្យារកំណើត៖ ជាវិធីការពារអ្នកពីការមានគត៌មួយប្រភេទទៀតដែលតម្រូវឱ្យអ្នកត្រូវលេបវាជារៀងរាល់ថ្ងៃ។ ថ្នាំនេះ មានប្រភេទអ័រម៉ូនម្យ៉ាងឈ្មោះ អឺសត្រូហ្សែន (estrogen) និង ប្រូដ្យិសស្ដេរ៉ូន (progesterone) ដែលមានតួនាទីការពារកុំឱ្យស្ដ្រីមានផ្ទៃពោះបាន។ ការពន្យារកំណើតតាមរយៈការលេបថ្នាំអាចជួយកាត់បន្ថយភាពស្លេកស្លាំង និងកាត់បន្ថយការឈឺចាប់នៅពេលមានឈាមរដូវបានខ្លះ ប៉ុន្តែវាក៏បណ្តាលឱ្យមានផលវិបាកមួយចំនួនដូចជា វិលមុខ ឡើងទម្ងន់ ដោះឡើងតឹង ឈឺដោះ ឈឺក្បាល ឬក្អួតចង្អោរជាដើម។
ថ្នាំលេបពន្យារកំណើតបន្ទាន់៖ វាមិនមែនជាប្រភេទថ្នាំដែលតម្រូវឱ្យអ្នកលេបជារៀងរាល់ថ្ងៃនោះទេ តែវាអាចការពារអ្នកពីការមានផ្ទៃពោះបានតាមរយៈពេលដែលគេបានកំណត់ បន្ទាប់ពីរួមភេទរួច។ ថ្នាំពន្យារកំណើតបន្ទាន់ អាចមានប្រសិទ្ធភាពបាន លុះត្រាតែលេបបន្ទាប់ពីមានការរួមភេទរួចមិនឱ្យលើសពី72ម៉ោង។
ថ្នាំចាក់ពន្យារកំណើត៖ វិធីមួយផ្សេងទៀតដែលអាចជួយការពារអ្នកពីការមានផ្ទៃពោះនោះគឺការចាក់ថ្នាំពន្យារកំណើតរាល់3ខែម្តង។ ជាទូទៅថ្នាំប្រភេទនេះ គេចាក់នៅលើដើមដៃ និងនៅលើត្រគាក ប៉ុន្តែសូមកុំភ្លេចទៅចាក់ជាថ្មីម្តងទៀតតាមពេលវេលាដែលគ្រូពេទ្យបានណាត់ ព្រោះបើមិនដូច្នេះទេអ្នកអាចនឹងមានកូនដោយមិនដឹងខ្លួនក៏ថាបាន។ ការចាក់ថ្នាំអាចធ្វើឱ្យមានការរំខានមួយចំនួនឡើងដូចជា ការមករដូវយឺតយ៉ាវ ដោះឡើងតឹង ឈឺដោះ ឬឈឺក្បាលតិច។
ការពន្យារកំណើតដោយប្រើកង៖ កងពន្យារកំណើតមានពីរប្រភេទ គឺកងដាក់ក្នុងស្បូន និងកងដាក់ដៃ។ កងដាក់ដៃស្បូនគឺជាឧបករណ៍តូចមួយដែលអាចបត់បានសម្រាប់ដាក់ចូលក្នុងស្បូន ដើម្បីការពារមិនឱ្យមានផ្ទៃពោះ។ ចំណែកឯកងដាក់ដៃវិញ គឺជាបំពង់តូចៗទន់អាចបត់បាន មានទំហំប៉ុនដើមឈើគូសក្នុងនោះមានជាតិអ័រម៉ូន ប្រូហ្សេស្ទីន ដែលជាអ័រម៉ូនដូចគ្នាទៅនឹងអ័រម៉ូនធម្មជាតិក្នុងខ្លួនស្ដ្រីសម្រាប់ការពារការមានផ្ទៃពោះ។ បំពង់ទាំងនេះដាក់បញ្ចូលទៅក្រោមស្បែកដើមដៃរបស់ស្ដ្រី។ កងដាក់ដៃមាន3ប្រភេទ ប្រភេទទី1 គឺជាកងដែលមានបំពង់6ដើម ការពារបាន7ឆ្នាំ។ ប្រភេទទី2 គឺកងមាន2ដើម ការពារបាន5ឆ្នាំ។ រីឯប្រភេទទី3 គឺកង1ដើម ការពារបាន3ឆ្នាំ។ ការដាក់កងអាចផ្តល់នូវភាពងាយស្រួល មិនមានការរំខានដល់ការរួមភេទ មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ សមស្របសម្រាប់ស្ត្រីដែលបំបៅដោះកូន ហើយវាក៏ជាវិធីដ៏ល្អមួយសម្រាប់អ្នកដែលមានបំណងចង់ពន្យារកំណើតក្នុងរយៈពេលវែង។
នៅមានវិធីពន្យារកំណើតផ្សេងៗទៀតដែលអ្នកអាចអនុវត្ត ប៉ុន្តែមិនថាអ្នកជ្រើសរើសវិធីពន្យារកំណើតណាមួយនោះទេ សូមទៅជួបពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីស្វែងរកវិធីពន្យារកំណើតមួយដែលសមស្របបំផុតសម្រាប់ខ្លួនអ្នក។ ម្យ៉ាងវិញទៀតសូមចងចាំឱ្យបានច្បាស់នូវករណីមួយចំនួនដែលគ្រូពេទ្យបានហាមមិនឱ្យធ្វើ ដើម្បីចៀសវាងការកើតមាននូវបញ្ហាផ្សេង៕