ប៉ុន្មានម៉ោងមុននេះបន្ដិច ម្ចាស់បទចម្រៀង “ស្នេហ៍ខ្ញុំខុសអ្វី?” ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ បានបង្ហោះសារសម្ដែងការមិនពេញចិត្តចំពោះការរងនូវភាពអយុត្តិធម៌របស់បងស្រីខ្លួន។
លោក គីម សាន ប្អូនបង្កើតអ្នកនាង ដេននី ក្វាន់ បានស៊ែរព័ត៌មានរបស់តារាស្រីវ័យក្មេងម្នាក់ដែលបានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានការអើពើ និងចំណាត់ការពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសោះឡើយ។ លោកបានរៀបរាប់ថា «អយុត្តិធម៌ចំពោះ ដេននី ក្វាន់ ពេកហើយ ហេតុអ្វីក៏ក្រសួងវប្បធម៌លម្អៀងម្ល៉េះ? ធ្វើជាមនុស្សចាស់ តែចាស់លម្អៀង មិនត្រឹមត្រូវ ធ្វើអ្វីមិនស្មើភាព សិល្បះស្រុកខ្មែរប្រកាន់បក្ខពួកណាស់…គ្រាន់តែ ដេននី ក្វាន់ ស្លៀកពាក់សិចស៊ីលក់ផលិតផលនៅក្នុងផ្ទះសោះ នាំគ្នាប្រតិកម្មពេញសិល្បៈថា ធ្វើឱ្យខូចវប្បធម៌ និងបិទមិនឱ្យសម្តែងពេញមួយឆ្នាំ ។ ចុះម៉េចក៏ក្រសួងវប្បធម៌មិនក្រឡេកមើលតារាសិចស៊ីផ្សេងផង មានច្រើនណាស់ តែបែជាធ្វើមិនដឹងមិនឮ ឬក៏ខាងក្រសួងមានបញ្ហាភ្នែកមើលមិនច្បាស់ មិនដឹងសមិនដឹងខ្មៅ…ចប់ហើយអ៊ីចេះៗ សូម្បីតែក្មេងអាយុ 3ឆ្នាំក៏មើលឃើញថា ក្រសួងវប្បធម៌លម្អៀង មិនយុត្តិធម៌…ប្រកាន់បក្ខពួកគាបសង្កត់តែ ដេននី ក្វាន់!» ។
គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ការដាក់ពិន័យសិល្បៈ លើតារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ គឺគ្រប់រយៈពេល1ឆ្នាំហើយ (ថ្ងៃទី27 ខែឧសភា ឆ្នាំ2017-11 ខែឧសភា ឆ្នាំ2018) ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំពិនិត្យសម្រេចលើកលែងការដាក់ពិន័យ ចំពោះតារាសម្តែងស្រីរូបនេះ។ ជាមួយគ្នានោះដែរ តារាសម្តែងសិចស៊ី ដេននី ក្វាន់ ក៏ធ្លាប់បានលើកឡើងពីអារម្មណ៍របស់ខ្លួនថា «លទ្ធផលយ៉ាងណា នាងខ្ញុំព្រមទទួលយ៉ាងពេញចិត្ត…! បើទោះជាឱ្យសិទ្ធិនាងខ្ញុំចូលសិល្បៈវិញ ឬមិនឱ្យ ក៏ស្របតាម គឺអត់ប្រកែកទេ។ អស់រយៈពេលមួយឆ្នាំហើយដែលខ្ញុំផ្អាកពីសិល្បៈ ចុះបើឥឡូវខ្ញុំមានឱកាសចូលសិល្បៈវិញ តើអ្នកទាំងអស់គ្នា នៅគាំទ្រខ្ញុំដែរទេ?»។
នេះហើយជាមេរៀនជីវិតសិចស៊ីរបស់តារាស្រី ដេននី ក្វាន់ នៅក្នុងសង្គមសិល្បៈ ដែលតារាៗជំនាន់ក្រោយគួរតែពិចារណាពីភាពសិចស៊ីរបស់ខ្លួនឡើងវិញ៕