Andres Iniesta បានចុះហត្ថលេខាជាមួយក្លិបជប៉ុន Vissel Kobe ក្រោយពីបានបញ្ចប់កិច្ចសន្យារបស់គេជាមួយនឹងក្លិប Barcelona។
ខ្សែបម្រើវ័យ 34ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយនឹងលោក Hiroshi Mikitani ដែលជាម្ចាស់ក្លិប Kobe។ លោក Mikitani បានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការប្រកាសថា Andres Iniesta នឹងចុះហត្ថលេខាលេងជាមួយនឹងក្លិប Vissel Kobe ក្រោយពីការបញ្ចប់អាជីពជាប្រវត្តិសាស្ត្ររបស់គេនៅឯក្លិប Barcelona។ Iniesta បានចុះហត្ថលេខាលើកិច្ចសន្យារបស់គេ ហើយបាននិយាយតាមរយៈអ្នកបកប្រែម្នាក់។ លក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យានេះ ត្រូវបានបិទជិត ប៉ុន្តែ បណ្តាញសារព័ត៌មានរបស់ជប៉ុន បានចេញផ្សាយថា រូបគេនឹងទទួលបានចំណូល 30លានដុល្លារអាមេរិក ក្នុងរយៈពេល 1ឆ្នាំពីកិច្ចសន្យារយៈពេល3ឆ្នាំរបស់គេ។ Iniesta បានឱ្យដឹងថា៖ «ខ្ញុំទទួលបានសំណើជាច្រើន ក្លិបផ្សេងទៀតបានបង្ហាញពីការចាប់អារម្មណ៍លើខ្ញុំ»។
ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ខ្ញុំបានជ្រើសរើសយក Vissel Kobe ដោយសារតែវាជាគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ពួកគេក៏មានការជឿជាក់ជាច្រើនផងដែរលើខ្ញុំក្នុងនាមជាមនុស្ស និងជាកីឡាករម្នាក់ ដែលនោះគឺជាហេតុផលដ៏ធំមួយ»។ សូមជម្រាបថា លោក Mikitani ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Rakuten ដែលជាម្ចាស់ឧបត្ថម្ភធំរបស់ក្លិប Barcelona ផងដែរ៕
ប្រភពព័ត៌មាន៖ The Guardian