មួយរយៈចុងក្រោយនេះ អ្នកគាំទ្រកត់សម្គាល់ឃើញថា តារាសម្ដែងជើងចាស់ អ្នកនាង កែវ ស្រីនាង បានប្រែប្រួលរូបសម្រស់ខុសប្លែកជាងមុន ដោយសារតែមើលទៅឃើញមានទឹកមុខស្លេកស្លាំង ហើយថែមទាំងធ្លាក់សម្រស់ជាងមុន និងមិនសូវមានកម្លាំងកំហែងដូចមុនឡើយ។ អ្នកនាងធ្លាប់បានបង្ហើបប្រាប់អ្នកសិល្បៈដូចគ្នាថា ហេតុផលដែលអ្នកនាងកាត់សក់ខ្លី និងមានទឹកមុខស្លេកស្លាំងជាងមុននេះ គឺបណ្ដាលមកពីអ្នកនាងឈឺច្រើនពេក ព្រោះតែជំងឺឈាមស ស៊ីឈាមក្រហមវាធ្វើទុក្ខហ្នឹងឯង។ អ្នកនាងថែមទាំងបានបង្ហើបប្រាប់ទៀតថា ចំណាយអស់រាប់ម៉ឺនដុល្លារ ទៅព្យាបាលនៅក្រៅប្រទេស តែមិនមានលទ្ធផលល្អឡើងសោះ។
គួររំឭកផងដែរថា កាលពីថ្ងៃសម្ពោធរឿង «កាំបិតមុខ២» ដែលអ្នកនាងបានសម្ដែងជាតួឯកស្រី ជាមួយលោក អូន ឧស្សាហ៍ ជារឿងភាគរបស់ស្ថានីយទូរទស្សន៍ PNN កន្លងទៅ អ្នកនាងបានប្រាប់អ្នកសារព័ត៌មានថា ជំងឺឈាមស ស៊ីឈាមក្រហមរបស់អ្នកនាង ពិតជាធ្វើទុក្ខខ្លាំងមែន ប៉ុន្តែមិនដល់ថ្នាក់ធ្វើឱ្យអ្នកនាងពិបាកទ្រាំនោះទេ គឺធ្វើទុក្ខដោយសារតែអ្នកនាងប្រឹងប្រែងធ្វើការលើសកម្រិត ហើយសម្រាកមិនបានប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា ជំងឺមួយនេះ ពិតជារុករានសេចក្ដីសុខរបស់អ្នកនាងមែន គឺឱ្យតែពេលណាដែលអ្នកនាងធ្វើការលើសកម្រិត ឬលេបថ្នាំមិនទៀងទាត់ គឺវាធ្វើឱ្យអ្នកនាងទទួលរងការធ្វើទុក្ខខ្លាំងតែម្ដង។
អ្នកនាង បានបញ្ជាក់ដែរថា គ្រូពេទ្យហាមមិនឱ្យអ្នកនាងធ្វើការលើសពីកម្លាំងដែលខ្លួនឯងមាននោះទេ និងត្រូវសម្រាកឱ្យបានច្រើន ក៏ប៉ុន្ដែអ្នកនាងមិនចង់បាត់បង់ឱកាសសម្ដែងរឿងភាគឱ្យ PNN ទើបបានជាអ្នកនាងសម្រេចយកជំនួយការតាមខ្លួន ដើម្បីដាស់តឿនអ្នកនាងឱ្យពិសាថ្នាំតាមការកំណត់។ អ្នកនាងបានបង្ហាញពីការត្អូញត្អែរ ជុំវិញជំងឺរបស់ខ្លួនដែលមើលមិនជានេះ ដោយបង្ហើបប្រាប់ថា បានចេញទៅព្យាបាលនៅក្រៅប្រទេសច្រើនលើកច្រើនសា និងចំណាយអស់ប្រាក់ច្រើនសន្ធឹកមកហើយ ប៉ុន្តែលទ្ធផលនៅតែបានត្រឹមតែលេបថ្នាំជាប្រចាំ ដើម្បីទប់សភាពជំងឺកុំឱ្យទ្រុឌទ្រោមទៅវិញតែប៉ុណ្ណោះ៕