នៅពេលថ្មីនេះៗ បទចម្រៀងរបស់តារាស្រីនៅក្នុងផលិតកម្ម WE Production កញ្ញា សាមុត ស្រីកា ដែលមានចំណងជើងថា «មនុស្សពិសេសមិនសូវសំខាន់» កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តែជាអកុសលតារាស្រីរូបនេះ បែរជាបង្ហើបប្រាប់មហាជននៅក្នុងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នេះគឺជាបទចម្រៀងចុងក្រោយរបស់នាងទៅវិញ ធ្វើឱ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង នៅពេលដឹងពីដំណឹងនេះ។
អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិនៅក្រោមវីដេអូរបស់នាងថា ដោយសារតែរូបសម្រស់នាងមិនសូវស្អាតដូចតារាដទៃ ទើបផលិតកម្មមួយនេះទុកនាងចោល មិនសូវបញ្ចេញបទចម្រៀងឱ្យនាងឡើយ ហើយក៏មិនខ្វល់ពីសមត្ថភាពរបស់នាងដែរ។ យ៉ាងណាក៏ដោយ តារាស្រីវ័យក្មេង និងធ្លាប់មានភាពលេចធ្លោជាងគេតាមរយៈកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី 1 រូបនេះ បានបញ្ជាក់នៅលើបណ្ដាញហ្វេសប៊ុកខ្លួនថា នាងស្រឡាញ់បទចម្រៀងថ្មីមួយនេះខ្លាំងណាស់ តែនេះក៏បទចុងក្រោយរបស់នាងផងដែរ។ នាងសរសេរថា «”មនុស្សពិសេសមិនសូវសំខាន់” ស្រលាញ់បទនេះណាស់ ជាការនិពន្ធទំនុកច្រៀងដោយលោកគ្រូ Pechi និពន្ធបទភ្លេង និងសម្រួលតន្រ្តីដោយ លោកគ្រូ សាន់ សុវណ្ណឌីន ហើយក៏ជាបទចុងក្រោយរបស់នាងខ្ញុំផងដែរ»។
គួរកត់សម្គាល់ផងដែរថា ខណៈដែលបទចម្រៀង «មនុស្សពិសេសមិនសូវសំខាន់» បានបញ្ចេញនៅលើទំព័រផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ភ្លាមៗនោះមានបណ្ដាមិត្តភ័ក្ដិរបស់តារាស្រីរូបនេះបានស៊ែរបទចម្រៀងបន្តភ្លាមៗទៅឱ្យនាង តែនាងបានឆ្លើយតបប្រាប់ទៅពួកគេវិញថា «ឥឡូវឈប់ពីទីនោះហើយ» សបញ្ជាក់ឱ្យដឹងថា នាងពិតជាបានបញ្ចប់កុងត្រា 5ឆ្នាំជាមួយផលិតកម្ម WE Production ក៏ដូចជាក្រុមហ៊ុនផលិតកម្មរស្មីហង្សមាសប្រាកដមែន។
គួបញ្ជាក់ផងដែរថា ព័ត៌មានឈប់ច្រៀងរបស់តារាស្រីមួយនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសោកស្ដាយចំពោះរូបនាងយ៉ាងខ្លាំង និងមិនចង់ឱ្យនាងឈានជើងចេញពីវិថីសិល្បៈឡើយ ព្រោះថា នាងពិតជាមានសមត្ថភាពខាងចម្រៀងមិនធម្មតាទេ រហូតដល់គ្រូបង្វឹកម្នាក់នៅក្នុងចំណោមគ្រូបង្វឹក 4 រូប ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 1 បានលាន់មាត់ថា «សម្រាប់ខ្ញុំ ប្អូនស្រីមានសម្លេងធម្មជាតិល្អ ច្រៀងមិនប្រឹង មានទឹកដម មានមនោសញ្ចេតនា»៕