ខ្សែបម្រើជើងចាស់ Andres Iniesta បានបញ្ជាក់ថា រូបគេនឹងផ្ទេរទៅកាន់ប្រទេសជប៉ុន និងត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាជាមួយនឹងក្លិប Vissel Kobe នៅថ្ងៃនេះ។
Iniesta វ័យ 34ឆ្នាំ បានលេងក្នុងការប្រកួតលើកទី674 របស់គេ និងជាលើកចុងក្រោយរបស់គេសម្រាប់ក្រុម Barcelona ម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានផ្តួលក្រុម Real Sociedad ក្នុងលទ្ធផល 1-០ ក្នុងការប្រកួតចុងក្រោយនៅរដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានលើកពានក្របខ័ណ្ឌ La Liga និងបានថ្លែងសុន្ទរកថាពីមុខអ្នកគាំទ្ររបស់ខ្លួននាកីឡដ្ឋាន Nou Camp ក្រោយពីសំឡេងកញ្ចែបញ្ចប់ការប្រកួត។ Iniesta បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter កាលពីល្ងាចថ្ងៃពុធ រួមជាមួយនឹងរូបថតនៅលើយន្តហោះមួយគ្រឿងជាមួយនឹងលោក Hiroshi Mikitani ប្រធានក្លិប Vissel Kobe ដោយសរសេរថា៖ «កំពុងតែធ្វើដំណើរទៅកាន់ផ្ទះថ្មីរបស់ខ្ញុំ ជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំ»។ ក្លិប Vissel Kobe បានប្រកាសពីការរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្លិបរបស់ក្របខ័ណ្ឌ J-League ត្រូវបានរំពឹងទុកថា នឹងប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើរូបនេះ។ ពួកគេបានចុះហត្ថលេខាជាមួយនឹង Lukas Podolski សមាជិកឈ្នះពាន World Cup របស់អាល្លឺម៉ង់ កាលពីឆ្នាំ2017 ហើយបើយោងទៅតាមរបាយការណ៍ផ្សេងៗ ពីប្រទេសអេស្ប៉ាញ ក្លិប Vissel Kobe បានយកឈ្នះក្នុងការប្រជែងជាមួយនឹងក្របខ័ណ្ឌអូស្ត្រាលី A-League ដើម្បីចុះហត្ថលេខាជាមួយនឹង Iniesta។
អំឡុងរយៈពេល 16ឆ្នាំរបស់គេជាមួយនឹងក្លិប Barcelona ខ្សែបម្រើវ័យ 34ឆ្នាំរូបនេះ បានឈ្នះពាន La Liga 9លើក និងពាន Champions League 4លើក៕
ប្រភពពី៖ Sky Sports