លោក Unai Emery បានប្រកាសពីបំណងរបស់លោកក្នុងការជួយឱ្យ Arsenal «ក្លាយជាក្រុមដ៏ខ្លាំងបំផុតក្នុងក្របខ័ណ្ឌ Premier League និងពិភពលោក» ក្រោយពីត្រូវបានប្រកាសជាអ្នកចាត់ការទូទៅថ្មីជំនួសកន្លែងរបស់លោក Arsene Wenger ក្នុងកិច្ចសន្យារយៈពេល 3ឆ្នាំ។
នៅថ្ងៃនៃការប្រកាសពីការតែងតាំងនោះ លោក Ivan Gazidis នាយកប្រតិបត្តិរបស់ក្លិប បានបញ្ជាក់ថា ការងារក្នុងក្លិប Arsenal គឺជាការងារដ៏គួរឲ្យចង់ធ្វើបំផុតក្នុងពិភពកីឡាបាល់ទាត់ និងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ពួកគេជឿជាក់ថា ពួកគេទទួលបានគ្រូបង្វឹកម្នាក់ដែលនឹងបង្កើតឱ្យមានការចងចាំទៅលើជ័យជម្នះកាលពីអតីត។ លោក Emery បាននិយាយភាសាអង់គ្លេស ក្នុងការបង្ហាញខ្លួនរបស់លោកនៅឯកីឡដ្ឋាន Emirates ដែលពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ហើយលោកបានចាត់ទុកថា ការប្រជែងនៅចំពោះមុខរបស់លោក «គឺជាសុបិនដែលក្លាយជាការពិត»។ លោក Emery បានយល់ព្រមធ្វើការក្នុងរចនាសម្ព័ន្ធថ្មី ហើយលោកដឹងថា ក្លិបនឹងផ្តល់កញ្ចប់ថវិកា 50លានផោន ទៅលើការទិញចូលកីឡាករថ្មីនៅរដូវកាលក្រោយ។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថា លោកនឹងមិនធ្វើការផ្លាស់ប្តូរទាំងស្រុងឡើយទៅលើក្រុម Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ6 នៅលើតារាងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ លោក Emery បានឱ្យដឹងថា៖ «ក្រុមនេះគឺជាក្រុមដ៏ធំមួយ ដែលមានកីឡាករឆ្នើមៗជាច្រើន ហើយយើងគិតថា យើងត្រូវតែផ្លាស់ប្តូរចំណុចមួយចំនួន និងកីឡាករ3 ទៅ4នាក់។ ក្រោយពីការអវត្តមានក្នុងក្របខ័ណ្ឌ Champions League 2លើក ការងារចម្បងគឺការក្លាយជាក្រុមដ៏ខ្លាំងបំផុតក្នុងក្របខ័ណ្ឌ Premier League និងពិភពលោក»៕
ប្រភពពី៖ The Guardian