ប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងសិចស៊ី ដែលទើបតែរួចផុតពីបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺអ្នកនាង ដេននី ក្វាន់ បានបង្ហោះរូបភាពនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលសម្ញែងឱ្យឃើញលុយដុល្លារក្រដាសប្រាក់ 100ដុល្លារជាច្រើនខ្ទាស់ ដែលនាងត្រៀមទុកទៅកែសម្ផស្សនៅប្រទេសថៃទៀតហើយ។
អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ផងដែរថា «ចង់ប្រាប់ថាលុយនេះមិនមែនទុកចាយ ឬបើកមុខរបររកស៊ីអីទេ គឺត្រៀមទុកសម្រាប់យកទៅកែសម្ផស្សនៅថៃ…ប៉ុណ្ណឹងប្រហែលជាមិនទាន់គ្រប់ថ្លៃពេទ្យទេ តែក៏មិនមានបញ្ហាអីដែល អស់ម៉ានអស់ទៅ ឱ្យតែអូនស្អាត»។ អូហូ! គឺពិតដូចជាពាក្យនាងបានថាកន្លងមកមែន «ប្រណាំងអី ប្រណាំងបាន តែកុំចង់ប្រណាំងជាមួយព្រេងវាសនា!» បើទោះបីជានាងមិនសូវបង្ហាញមុខមាត់នៅក្នុងពិភពសិល្បៈក៏ពិតមែន តែជីវិតនាងហាក់បីដូចជាជោគជ័យក្នុងការងាររកស៊ីរបស់នាងខ្លាំងណាស់។
គួររំឭកផងដែរថា ស្រីស្រស់ ដេននី ក្វាន់ ធ្លាប់សម្ញែងក្រដាសប្រាក់ដុល្លារទាំងខ្ទាស់ៗ និងសម្ញែងទិញចិញ្ចៀនពេជ្រទាំងការ៉ាត់ៗ ហើយនិយាយថា «ក្តីស្រមៃតូចៗរបស់ខ្ញុំ បានដូចបំណងហើយ នៅឡើយតែក្តីស្រមៃធំៗ សង្ឃឹមថានឹងបាននាពេលឆាប់ៗនេះ សំខាន់វាស្ថិតលើការតស៊ូរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ»។ ជាមួយគ្នានឹងភាពជោគជ័យរបស់កញ្ញា មានទស្សនិកជនមិនតិចទេដែលនាំគ្នាសរសើរថា នាងគឺជាស្ដ្រីម្នាក់មានការតស៊ូក្នុងជីវិត ចេះទុកដាក់លុយកាក់ត្រឹមត្រូវបានល្អ មានសមត្ថភាពរកចំណូលបានទាំងខ្លួននៅក្មេង ហើយអាចសន្សំប្រាក់រហូតសម្រេចក្ដីបំណងបាន ដោយមិនបានពឹងផ្អែកលើសមត្ថភាពបុរសឡើយ៕