បង្រៀនកូនឱ្យមានវិន័យ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។
គោលការណ៍របស់ EF
1. មើលថែទាំខ្លួនឯងបាន
គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាល ដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៖
** ការមើលថែទាំរាងកាយរបស់ខ្លួនឯង: ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF។
** ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន: អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ3 – 5ឆ្នាំ ដូចជា ការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។
** ការមើលថែទាំការងារផ្ទះ: ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ6 – 7ឆ្នាំឡើងទៅ ដូចជា លាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។
** ការមើលថែទាំនៅក្រៅផ្ទះ: ឬការធ្វើតាមច្បាប់របស់សង្គម ដូចជា ញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ជាដើម។
2. ការចេះដោះខ្លួនរួចពីស្ថានការណ៍
ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។
3. មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង
សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។
• រៀបចំផែនការ
• ចាប់ផ្ដើមធ្វើ
• ទទួលខុសត្រូវ
• បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។
ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ោងប្រមាណ17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេចតាំងពីម៉ោង18ៈ00 – 21ៈ00 សរុប3ម៉ោងតាមលំដាប់ដូចតទៅ។
ការងារផ្ទះ: ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។
កិច្ចការផ្ទះ: សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹក-ហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង2យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។
ការលេង: ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។
អានរឿងនិទានមុនពេលគេង: មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ពន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។
បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រង ចាត់ចែងពេលវេលានៅពេលមានអាយុ2 – 8ឆ្នាំ៕