លោករ័ត្ន សុខន ដែលទើបតែឡើងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ឆ្នាំ ២០១៧ ដល់ ២០២១បានសំណូមពរដល់អត្តពលិកទាំងអស់ មិនថាគ្រូ ឬក៍ថ្នាក់ដឹកនាំកីឡាណាផ្សេងឡើយ ត្រូវតែចេះសាមគ្គីគ្នាឲ្យបានល្អ។
បើតាមសេចក្ដីប្រកាសកាលពីព្រឹកម្សិលមិញនេះ ថ្នាក់ដឹកនាំកីឡាវ៉ូវីណាមអាណត្តិថ្មីទាំង១៣រូប ដែលបានអនុម័តរួចរាល់នោះមាន លោក រ័ត្ន សុខន ប្រធាន, លោកអ៊ូ រតនា អនុប្រធានទី១, លោក រស់ មនិន្ទ អនុប្រធានទី២ , លោក ហុង ឈាងគីម អនុប្រធានទី៣ , លោកកែវ ហុកលី អគ្គលេខាធិការ, លោកទេព ជីវសុខុម អគ្គលេខាធិការរង, លោក ជុត សាម៉ុន អគ្គលេខាធិការរង, លោកស្រី ប៉ាល់ ឆររស្មី អគ្គហិរញ្ញិក , លោក ស៊ុំ វណ្ណា អគ្គហិរញ្ញិករង , លោក សល់ មករា សមាជិក, លោកលីពិជ័យ សមាជិក, លោកឯម សុធារ័ត្ន សមាជិក, និង លោក ម៉េង សុខហេង សមាជិក។
នៅក្នុងអាណត្តិទី២ដែលលោករ័ត្ន សុខនបានដឹកនាំជាប្រធាននេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សហព័ន្ធ និង អត្តពលិក ដើម្បីឱ្យបានចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ និងទិញសម្ភារជួយឧបត្ថម្ភក្លឹបមួយចំនួន ដែលខ្វះខាតនៅតាមបណ្ដាខេត្តដោយសរុបទឹកប្រាក់អស់ប្រមាណជាជាង ២០ម៉ឺនដុល្លារអាមេរិក។
លោករ័ត្ន សុខន គឺជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមមួយរូបដែលបានដឹកនាំឲ្យកម្ពុជាឈ្នះមេដាយពិភពលោកកាលពីឆ្នាំ ២០១៥ និងមេដាយក្នុងកីឡាស៊ីហ្គេមជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះលោកក៍ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដែលបានធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញថែមមួយកម្រិតផងដែរ។
ប្រធានសហព័ន្ធអាណត្តិថ្មីរូបនេះបានមានប្រសាសន៍បែបនេះថា៖ នៅអាណត្តិទី៣ ឆ្នាំ២០១៧-២០២១នេះ ខ្ញុំសូមសំណូមពរដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់មិនថានៅតាមបណ្ដាខេត្តក្រុងណានោះទេ សូមរួបរួមគ្នា សាមគ្គីគ្នាឱ្យបានល្អ ដើម្បីបន្តឱ្យប្រភេទកីឡារបស់យើងធ្វើដំណើរឆ្ពោះទៅកាន់ជោគជ័យ និងឈានមុខគេ ដូចដែលខ្ញុំបានបង្កើតសហព័ន្ធកីឡាវ៉ូវីណាមនៅក្នុងប្រទេសយើងមុនគេនៅក្នុងទ្វីបអាស៊ីដែរ។
លោកបន្តថា៖ យើងជាប្រទេសតែមួយគត់ដែលបានបង្កើតជាសហព័ន្ធនេះមុនគេបង្អស់ អ៊ីចឹងការងារអ្វីគ្រប់យ៉ាង យើងត្រូវតែដើរទៅមុខមុនគេ ហើយត្រូវធ្វើឱ្យបានល្អដាច់គេ។ គ្រប់កីឡាករ និងកីឡាការិនីទាំងអស់ត្រូវចាំពាក្យមួយម៉ាត់ថា អ្នកចាស់កុំមើលងាយអ្នកថ្មី អ្នកល្អកុំមើលងាយអ្នកអន់ ពាក្យទាំងនេះហើយដែលអាចជួយឱ្យយើងទទួលបានជោគជ័យទាំងអស់គ្នានៅថ្ងៃអនាគតបាន ជាពិសេសគឺជោគជ័យនៅឆ្នាំ ២០២៣ ដែលកម្ពុជាទទូលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម៕