ភាពជោគជ័យលើអាជីពមុខរបររហូតទទួលបានភាពឥស្សរៈសេរីភាពខាងហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗមិនមែនបានមកដោយក្ដីចៃដន្យនោះទេ ប៉ុន្តែបានមកដោយសារការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងជម្នះគ្រប់ឧបសគ្គទាំងអស់ក្នុងជីវិត ដែលទាំងអស់នេះគឺជាការលើកឡើងតាមរយៈបទពិសោធកន្លងមករបស់លោក គង់ តារា ជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យ(ឥស្សរៈ) និងជាប្រធានផ្នែកលក់គម្រោងអចលនទ្រព្យដ៏ពូកែម្នាក់នៅក្នុងក្រុមហ៊ុនធំមួយផងដែរ។
ដើម្បីក្លាយជាគ្រូបណ្តុះបណ្តាលដ៏ល្បី និងជាអ្នកជំនាញផ្នែកលក់ដ៏ពូកែដូចសព្វថ្ងៃនេះ លោកតារា បានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំលើការសិក្សា និងការអនុវត្តការងារជាប្រចាំពោលគឺក្រោយពីរៀបចប់ថ្នាក់បាក់ឌុបក្នុងឆ្នាំ2001មក លោកបានចាកចេញពីស្រុកកំណើត នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅក្រុងភ្នំពេញ។ ពេលមកដល់ភ្នំពេញដំបូង លោកពុំមានផ្ទះបងប្អូនឱ្យស្នាក់នៅជាមួយនោះទេ គឺលោកបានជួលបន្ទប់ស្នាក់នៅជាមួយបងប្រុស និងបានថវិកាឧបត្ថម្ភពីឪពុកម្តាយខ្លះ និងបងប្អូនជួយទំនុកបម្រុងបន្តិចបន្តួច លោកត្រូវរៀនបណ្តើរ និងបង្រៀនភាសាអង់គ្លេសក្រៅម៉ោងបណ្តើរ ដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។
តែអ្វីដែលគួរស្ងើចសរសើរនោះ គឺចាប់ផ្ដើមពីឆ្នាំ2005មក លោកបានរៀនចប់ 3មហាវិទ្យាល័យក្នុងឆ្នាំបន្តបន្ទាប់គ្នា ដោយក្នុងនោះលោកបានចប់បរិញ្ញាបត្ររូបវិទ្យានៅឆ្នាំ2005 ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅឆ្នាំ2006 ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ2007 និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ2009មួយទៀត ដោយការសិក្សាទាំងនេះលោកសុទ្ធតែទទួលបានអាហារូបករណ៍ទាំងអស់លើកលែងតែមហាវិទ្យាល័យភាសាអង់គ្លេសតែមួយប៉ុណ្ណោះដែលលោកត្រូវចំណាយប្រាក់បង់។
ក្រៅពីការសិក្សា លោកក៏បានឆ្លៀតពេលបង្រៀនតាមមហាវិទ្យាល័យផ្សេងៗផងដែរ និងធ្វើការដើម្បីយកប្រាក់មកផ្គត់ផ្គង់ការសិក្សាបន្ថែមទៀត។ ត្រង់ចំណុចនេះលោក គង់ តារា បានរំឭកថា កាលណោះលោកគេងក្នុងមួយយប់ៗបានតែ 5ម៉ោងប៉ុណ្ណោះ ពោលគឺត្រូវងើបនៅម៉ោង 3ទៀបភ្លឺ ដើម្បីធ្វើការបកប្រែភាសាបរទេស និងអានព័ត៌មាននៅទូរទស្សន៍ក្នុងស្រុកមួយ ប៉ុន្តែដោយគិតថាធ្វើការឱ្យគេមិនអាចមានសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនបាន ទើបមួយឆ្នាំក្រោយមកលោកបានសម្រេចចិត្តឈប់ធ្វើការនៅទូរទស្សន៍ ដោយមកធ្វើការជាប្រធានផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយ និងធ្វើជាគ្រូបណ្តុះបណ្តាលឥស្សរៈរហូតមកទល់ពេលបច្ចុប្បន្ន។
លោក គង់ តារា មានប្រសាសន៍ថា លោកបានធ្វើការងារលើផ្នែកលក់គម្រោងអចលនទ្រព្យប្រមាណតែជាង 3ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងនោះ គឺលោកអាចលក់គម្រោងអចលនទ្រព្យបានជាច្រើនគម្រោង ដែលក្នុងនោះលោកបានលក់ផ្ទះល្វែង និងវីឡាកូនកាត់បានចន្លោះពី2,000 – 3,000ល្វែង លក់ដីឡូត៍បានចំនួនប្រមាណជា 5,000 – 6,000ឡូត៍ លក់ខុនដូបានចំនួន 6អគារស្មើនឹង 2,000 Units នៅតំបន់អរិយក្សត្រក្នុងស្រុកខ្សាច់កណ្តាល និងនៅក្រុងកំពង់សោម និងកំពុងបន្តលក់ខុនដូថ្មីមួយកន្លែងទៀតនៅជិតផ្សារទំនើប Aeon ទី2 និងផ្សារម៉ាក្រូក្នុងខណ្ឌសែនសុខទៀតផង។
នៅថ្ងៃខាងមុខលោកនៅតែបន្តអាជីពផ្នែកលក់នេះ ដោយសារតែក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាដ៏ច្រើននៅតែបន្តវិនិយោគលើវិស័យអចលនទ្រព្យ ហើយផ្តោតសំខាន់ទៅលើផ្ទះស្នាក់នៅក្នុងតម្លៃទាប និងមធ្យមដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពអាចទិញផ្ទះរស់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន។
លោកថា អ្វីដែលធ្វើឱ្យការលក់របស់លោកទទួលបានជោគជ័យខ្លាំងនោះ គឺដោយសារតែលោកបានបង្កើតបណ្តាញផ្នែកលក់ជាច្រើនរយនាក់ ទាំងអ្នកធ្វើការពេញម៉ោង និងអ្នកធ្វើការក្រៅម៉ោង។
សម្រាប់បុគ្គលិកទាំងពីរប្រភេទនេះ លោកតែងធ្វើការបណ្តុះបណ្តាលដល់ពួកគេជាប្រចាំដោយផ្តោតសំខាន់លើ 1.យុទ្ធសាស្ត្រនៃការលក់ 2.បង្កើតទំនាក់ទំនង និងបណ្តាញក្នុងសង្គម 3.ជំនាញប្រឹក្សាផ្នែកហិរញ្ញវត្ថុទៅដល់អតិថិជន។ ចំពោះការប្រឹក្សាផ្នែកហិរញ្ញវត្ថុនេះមានសារៈសំខាន់ណាស់ ព្រោះអាចជួយដល់អតិថិជនឱ្យចេះរៀបចំប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេឱ្យបានត្រឹមត្រូវ និងដោយប្រាកដថា ពួកគាត់អាចដកយកប្រាក់ចំណូលនោះមកសម្រាប់ទិញដី ទិញផ្ទះបង់រំលស់ ឬអាចមានលទ្ធភាពទិញផ្ទះដោយគ្មានហានិភ័យតាមរបៀបណា។
លោកថា ក្នុងនាមជាអ្នកលក់ម្នាក់ អ្នកណាក៏ចង់លក់ផលិតផលរបស់ខ្លួនឱ្យបានច្រើនដែរ ប៉ុន្តែក្នុងនាមជាបុគ្គលិកផ្នែកលក់ម្នាក់ ពិសេសលក់ដីឬផ្ទះបង់រំលស់នេះ គឺត្រូវសិក្សាពីចំណូលរបស់អតិថិជនឱ្យបានច្បាស់ ខ្លាចក្រែងកើតមានហានិភ័យណាមួយឡើង ធ្វើឱ្យអតិថិជនខាតបង់ប្រាក់ ព្រោះថា គម្រោងដែលលក់ចេញនីមួយៗ គឺយើងចង់ចំណេញទាំងក្រុមហ៊ុន និងចំណេញទាំងអតិថិជន មានន័យថា បើសិនជាអតិថិជនទិញគម្រោងដីឡូត៍ ឬទិញផ្ទះនៅថ្ងៃនេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ ហើយទៅថ្ងៃខាងមុខអតិថិជនក៏នឹងបានចំណេញបន្តជាមួយក្រុមហ៊ុនដែរ។
ក្រៅតែពីការងារផ្នែកលក់នេះ លោកក៏ត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកម្នាក់ដែលមានភាពលេចធ្លោនៅក្នុងសង្គមផងដែរ ដែលក្នុងនោះលោកបានបណ្តុះបណ្តាលលើជំនាញ៖ 1.លក់ 2.បណ្តុះបណ្តាលពីផ្នត់គំនិតជោគជ័យ 3.បណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុ 4.បណ្តុះបណ្តាលវិធីសាស្ត្រដោះស្រាយបំណុល និង5.វិធីសាស្ត្រក្នុងការពិនិត្យមើលបំណុលល្អ និងបំណុលអាក្រក់ជាដើម។ បំណុលអាក្រក់មានន័យថា អតិថិជនខ្ចីប្រាក់គេ ឬខ្ចីប្រាក់ពីធនាគារ យកទៅរកស៊ីដោយមិនបានគ្រប់គ្រងឱ្យល្អ នាំឱ្យខាត ហើយបើកើតមានបំណុលអាក្រក់ តើត្រូវលុបចោលដោយរបៀបណា?
ចំណែកបំណុលល្អ គឺខ្ចីប្រាក់គេមកយកមករកស៊ីទទួលបានប្រាក់ចំណេញ។ ឧទាហរណ៍យើងខ្វះលុយទិញដី ឬផ្ទះ យើងទៅខ្ចីលុយគេមកបង្គ្រប់ ប៉ុន្តែមុននឹងទិញត្រូវគិតថា ទិញយកមកធ្វើអ្វី? យកមកជួល ឬលក់បន្តដើម្បីបានចំណេញ ឬយ៉ាងណា? បើគិតឃើញថា បានចំណេញសឹមខ្ចីលុយគេមក ដែលនេះហៅថា បំណុលល្អ។
លោក តារា បានរៀបរាប់បន្ថែមថា ការសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហេតុនេះហើយទើបលោកចំណាយពេលសឹងតែគ្មាននៅសល់ដើម្បីរៀនក្នុងអំឡុងពេលដែលលោកកំពុងសិក្សានៅមហាវិទ្យាល័យ ប៉ុន្តែសំខាន់បំផុត គឺលោកចេះគ្រប់គ្រងពេលវេលាច្បាស់លាស់។ ដើម្បីទទួលបានចំណេះដឹង និងជំនាញទាំងនោះ មិនមែនលោកបាន ឬមានពីកំណើតមកឡើយ ប៉ុន្តែដោយសារលោកបានព្យាយាមអានសៀវភៅអស់ជាច្រើនរយក្បាល ជាសៀវភៅដែលសរសេរដោយមនុស្សល្បីៗនៅលើពិភពលោក ហើយក្រៅពីនោះលោកបានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិជាច្រើនលើក ដូចជានៅប្រទេសថៃ និងនៅប្រទេសសិង្ហបុរីជាដើម និងទទួលបានចំណេះដឹងផ្សេងៗបន្ថែមទៀតពីមនុស្សនៅជុំវិញខ្លួន ហើយនៅពេលអនាគតក៏លោកនៅតែមិនបោះបង់ចោលការអាន និងការសិក្សាបន្ថែមនេះឡើយ ពោលគឺលោកនៅតែ និងកំពុងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនៅបរទេស ជាពិសេសក្នុងប្រទេសនៅទ្វីបអឺរ៉ុបផ្សេងៗទៀត។
តាមរយៈបទពិសោធខាងលើ លោកបានអំពាវនាវទៅដល់យុវជនជំនាន់ក្រោយ ត្រូវចេះរៀបចំ និងកំណត់ផែនការជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុន និងត្រូវចេះគ្រប់គ្រងពេលវេលាឱ្យល្អ ដោយមិនខ្ជះខ្ជាយពេលវេលា និងមិនឱ្យខាតពេលវេលាដោយឥតប្រយោជន៍ ដើម្បីយើងអាចសម្រេចនូវគោលដៅរបស់យើងនាថ្ងៃអនាគតបានលឿន៕