អយស្ទ័រ ជាប្រភេទអាហារសមុទ្រ ដែលត្រូវបានគេនិយមទទួលទានស្រស់ៗ ដ្បិតគេគិតថាអាហារប្រភេទនេះ អាចជំនួយកម្លាំង និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ដោយមានផ្ទាប់ជាមួយបន្លែស្រស់ផងដែរ ដូចជា ត្រួយកន្ធុំថេត ខ្ទឹមក្រហមបំពង និងទឹកត្រីដែលមានរសជាតិហឹរ។ យ៉ាងណាក៏ដោយ ចំពោះអាហារប្រភេទនេះ ហាក់មិនមានផលលំបាកក្នុងចម្អិននោះឡើយ ដោយលោកអ្នកក៏អាចមានលទ្ធភាពធ្វើបាននៅតាមគេហដ្ឋានយ៉ាងងាយស្រួល។ ដូច្នេះ សូមតាមដានពីរបៀបធ្វើពីមេចុងភៅប្រចាំ Motor Cafe ភោជនីយដ្ឋាន សាខាទួលគោកដូចតទៅ។
គ្រឿងផ្សំ
– អយស្ទ័រប៉ាសីុហ្វិក
– ទឹកខ្មេះក្រហម
– ទឹកត្រីកោះកុង
– ក្រូចឆ្មារលឿង
– ខ្ទឹមក្រហមបំពង
– ផាសស្លី
– កន្ធុំថេត
វិធីចម្អិន
ដំបូងយកអយស្ទ័រមកលាងឱ្យស្អាត រួចយកទៅគាស់ ឬក៏បកសម្បកចេញ ហើយលាងឱ្យស្អាតកុំឱ្យសល់កម្ទេចសម្បក បន្ទាប់មករៀបពីលើទឹកកក។ យកទឹកខ្មេះក្រហមលាយជាមួយខ្ទឹមក្រហម ហើយចាក់ចូលកូនចាន ហើយចាក់ទឹកត្រីកោះកុងដាក់ក្នុងកូនចាន។ ដោយឡែកចំពោះក្រូចឆ្មារលឿងត្រូវហាន់ជាចំណិតៗ រួចរៀបជាមួយផាសស្លី បន្ទាប់មករៀបកន្ធុំថេតដាក់លើចានផ្សេងមួយទៀតជាការស្រេច៕