ក្លិប West Ham United បានតែងតាំងលោក Manuel Pellegrini ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្រោយពីបានបញ្ចប់ការចរចាផ្សេងៗ កាលពីរាត្រីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោក Pellegrini បានចុះហត្ថលេខារយៈពេល 3ឆ្នាំ ដោយទទួលបានចំណូល 7លានផោន (ស្មើនឹង 9,4លានដុល្លារអាមេរិក) ក្នុង1ឆ្នាំ ក្រោយពីបានប្រជុំជាមួយនឹងលោក David Sullivan សហម្ចាស់ក្លិប West Ham។
ប្រធានក្លិបរូបនេះបានសន្យាថា ក្លិបនឹងធ្វើការប្រកាសតែងតាំងមួយ ក្រោយពីបានចែកផ្លូវជាមួយនឹងលោក David Moyes កាលពីឆ្នាំសប្តាហ៍មុន។ លោក Sullivan បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្វាគមន៍លោក Manuel Pellegrini ទៅកាន់ក្លិប West Ham United។ លោកជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកកីឡាបាល់ទាត់ដ៏គួរឲ្យគោរពបំផុតក្នុងពិភពលោក ហើយយើងកំពុងតែរង់ចាំធ្វើការជាមួយនឹងគាត់»។
ប្រធានក្លិបរូបនេះបានបន្ថែមទៀតថា៖ «វាពិតជាសំខាន់ណាស់ដែលយើងបានតែងតាំងមនុស្សម្នាក់ដែលមានចំណេះដឹង និងបទពិសោធក្នុងក្របខ័ណ្ឌ Premier League ដែលមានភាពអស្ចារ្យរួចជាស្រេច ពោលគឺមិនត្រឹមតែក្រុម និងកីឡាករដែលយើងជួប ប៉ុន្តែ ថែមទាំងដឹងពីក្លិប West Ham United និងមហិច្ឆតារបស់យើងផងដែរ»។
លោក Pellegrini អតីតគ្រូបង្វឹករបស់ក្លិប Villarreal, Real Madrid និង Malaga នឹងវិលទៅកាន់ប្រទេសអង់គ្លេសវិញ ក្នុងរយៈពេល 2ឆ្នាំ ក្រោយពីចាកចេញពី Man City ដែលលោកបានដឹកនាំឱ្យឈ្នះពាន Premier League និង League Cup ឆ្នាំ2014៕
ប្រភពពី៖ The Guardian