នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ តារាសម្ដែង និងច្រៀង និងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់រថយន្ដប្រណីតចំនួន 2គ្រឿងដល់សមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញការងាររបស់បងប្អូនសិល្បករ-សិល្បការិនី។
នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណ និងបញ្ជាក់ប្រាប់មិត្តសិល្បករ-សិល្បការិនីទាំងអស់ឱ្យបានជ្រាបថា «នាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស ឡេង ណាវ៉ាត្រា ដែលប្អូនប្រុសបានឧបត្ថម្ភនូវរថយន្តទាំងនេះ ដើម្បីប្រើប្រាស់ជាយានដឹកសិល្បករ-សិល្បការនីយើង ( ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាវិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ»។
អ្នកនាងបានបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា អ្នកនាងសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនីដែលជាសមាជិករបស់សមាគមសិល្បករទាំងពីរឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី23 ខែឧសភា នេះតទៅសមាគមមានតាក់ស៊ី 2គ្រឿងសម្រាប់ដឹកជញ្ជូនសមាជិកយើងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅចូលរួមកិច្ចការងារសង្គមផ្សេងៗ។
សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌក្នុងការទំនាក់ទំនងដើម្បីបានសេវាតាក់ស៊ីដោយឥតគិតថ្លៃមានដូចខាងក្រោម៖
– បងប្អូនសិល្បករ-សិល្បការិនីត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ ដែលចេញដោយសមាគមទាំង2ពីរ
– សិល្បករ-សិល្បការិនី អាចប្រើប្រាស់សេវាតាក់ស៊ីបានតែ1ដងក្នុង1ថ្ងៃ
– សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំងពីរ
– លេខទូរស័ព្ទតាក់ស៊ីទី1៖ 077 987 765 ធារិទ្ធ
– លេខទូរស័ព្ទតាក់ស៊ីទី2៖ 061748874 គន្ធា
– Hotline ៖ 017 990 332
– ចាប់ពីម៉ោង 7ព្រឹក ដល់ម៉ោង 6ល្ងាច និងក្នុង1សប្តាហ៍6ថ្ងៃ
– គម្រោងនេះសាកល្បងរយៈពេល 3ខែ៕