លោក Zinedine Zidane បានប្រាប់ទៅក្រុម Liverpool ថា ក្រុម Real Madrid របស់លោកមានការស្រេកឃ្លានខ្លាំងជាង ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League បើទោះបីធ្លាប់បានពាននេះ 3លើកក្នុងរយៈពេល 4ឆ្នាំរួចមកហើយក្ដី។
ក្រុម Real នឹងត្រូវធ្វើការប្រជែងដើម្បីឈ្នះពានក្នុងយុទ្ធនាការកំពូលអឺរ៉ុប 3លើកជាប់ៗគ្នានាថ្ងៃសៅរ៍នេះ ស្របពេលដែលក្រុម Liverpool បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ2007។ លោក Zidane បានឱ្យដឹងថា៖ «មិនមាននរណាម្នាក់អាចប្រាប់យើងថា យើងមានការស្រេកឃ្លានតិចជាងឡើយ។ ខ្ញុំមិនអាចថាឱ្យគូប្រជែងរបស់យើងបានឡើយ ប៉ុន្តែ យើងចង់សង្កត់ធ្ងន់ថា យើងនឹងតែងតែមានការលើកទឹកចិត្តដូចគ្នា តែងតែដូចគ្នាជានិច្ច។ គ្មាននរណាម្នាក់អាចប្រាប់យើងថា យើងមានការស្រេកឃ្លានតិចជាងនោះឡើយ»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានបន្ថែមទៀតថា៖ «យើងគឺជាក្រុម Real Madrid ហើយបើទោះបីជាយើងបានឈ្នះរួចហើយក៏ដោយ ប៉ុន្តែ យើងតែងតែចង់ឈ្នះបន្ថែមទៀត ហើយយើងនឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យបានល្អប្រសើរ»។
បទពិសោធរបស់ក្រុម Real ក្នុងក្របខ័ណ្ឌ Champions League ពិតជាច្រើនជាង បើធៀបទៅនឹងក្រុម Liverpool ដែលមិនមានកីឡាករសូម្បីតែម្នាក់ដែលបានឈានដល់ដំណាក់កាលនេះកាលពីមុន។ លោក Zidane ក៏មានសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកផងដែរ ក្រោយពីបានឈ្នះពានក្របខ័ណ្ឌអឺរ៉ុបមួយនេះ 3លើកក្នុងនាមជាកីឡាករ និងគ្រូបង្វឹក៕
ប្រភពពី៖ Sport24