ភ្ញាក់អារម្មណ៍យ៉ាងខ្លាំង នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារក្តៅស្លឹកត្រចៀកយ៉ាងវែងអន្លាយមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថាឱ្យបុគ្គលដែលចង់ល្បីឈ្មោះមួយចំនួន ដែលអ្នកនាងបានសង្កត់ធ្ងន់ថា ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម ដើម្បីឱ្យមានគេស្គាល់ច្រើន។ ចង់ដឹងថាសាច់រឿងយ៉ាងណានោះ សូមអានសាររបស់អ្នកនាងខាងក្រោមនេះ៖
អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «នាងខ្ញុំសុំនិយាយរឿងមួយ ចំពោះអ្នកចង់ល្បីដោយសារការបង្កើតរឿងឱ្យខ្លួនឯងល្បីក្នុងបណ្ដាញសង្គមទាំងឡាយ។ បើបងប្អូនចង់ល្បីឈ្មោះ ដើម្បីឱ្យគេស្គាល់កាន់តែច្រើន សូមមេត្តាកុំបង្កើតរឿងដាក់ខ្ញុំ ដោយខ្ញុំមិនដឹងអ្វីទាំងអស់ និងមិនដែលពាក់ព័ន្ធគ្នាសោះអី ព្រោះកន្លងមកខ្ញុំឮពាក្យខ្សឹបខ្សៀវរវាងអ្នកសិល្បៈ និងមិត្តសិល្បៈមួយចំនួននិយាយតៗគ្នាថា បើចង់ល្បីឈ្មោះខ្លាំង ឬចង់ឱ្យគេស្គាល់ផេករបស់ខ្លួន និង Acc របស់ខ្លួនកាន់តែច្រើន គឺត្រូវបង្កើតរឿង និងឈ្លោះជាមួយបងចនច័ន្ទទៅ គឺច្បាស់ជាល្បីហើយ ហើយក៏មានឮដំណឹងថា មានអ្នកខ្លះមុនទៅសម្តែងនៅក្រៅប្រទេស ដើម្បីចង់ឱ្យគេចាប់អារម្មណ៍ច្រើន គឺបង្កើតសាច់រឿងឱ្យមានព័ត៌មាន តាមបែបប្រឌិតផ្សេងៗដាក់ខ្ញុំ ហើយដើរតួជាជនរងគ្រោះ ខ្ញុំជាមារ តែខ្ញុំមិនដែលជឿអ្នកនិយាយទាំងនោះទេ រហូតដល់ពេលអស់ពីម្នាក់ចូលម្នាក់ ខ្ញុំហាក់មានអារម្មណ៍ គិត និងពិចារណា»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តថា «បើនិយាយឱ្យចំ រឿងរ៉ាវកន្លងមក ខ្ញុំមិនដែលទៅបង្កបញ្ហាដាក់អ្នកណាមុនទេ ឆែកមើលដោយគតិទៅបងប្អូននឹងយល់ តែខ្ញុំសុខចិត្តធ្វើជាជនអាក្រក់ ឃោរឃៅទាំងខ្លួនខ្ញុំ តែងតែជួយអ្នកទាំងនោះ តាមរូបភាពស្ងប់ស្ងាត់ ព្រោះតែពាក្យថា ប្រធានសមាគមជាម៉ែជាឪ។ សូមមេត្តាកុំបង្កើតរឿងដោយប្រយោលឱ្យគេយល់ច្រឡំមកលើខ្ញុំ ដោយខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងសាច់រឿងរបស់អ្នក ខ្ញុំមិនមែនជាជនល្បីឈ្មោះខ្លាំងអស្ចារ្យអីទេ ហើយកុំយកតួនាទីប្រធានសមាគមរបស់ខ្ញុំ ទៅលេងសើច។ ពីដើមមកខ្ញុំមិនដែលយកតួនាទីរបស់ខ្ញុំទៅប្រើលើអ្នកណាឡើយ ក្រៅពីប្រមូលអ្នកសិល្បៈឱ្យជួបជុំគ្នា ធ្វើការងារសង្គម និងមនុស្សធម៌ តែបើខ្ញុំយកតួនាទីរបស់ខ្ញុំទៅប្រើ គឺអ្នកដែលមានសកម្មភាពមិនល្អទាំងនោះនឹងមានការកោះព្រមាន តែអ្វីដែលខ្ញុំតែងធ្វើ គឺការសម្របសម្រួល ទោះអ្នកនោះធ្លាប់វាយប្រហារខ្ញុំក៏ដោយ»។
អ្នកនាង សរសេរទៀតថា «បើម្នាក់ៗមានសមត្ថភាពបង្កើតសាច់រឿងផ្សេងៗឱ្យខ្លួនល្បីឈ្មោះហើយ សូមបន្តការប្រឌិតរឿងទាំងនោះទៀតចុះ ខ្ញុំយល់ថា ទីផ្សារសិល្បៈគឺចង្អៀត ឱ្យតែបានល្បី អ្វីក៏ធ្វើបានដែរ តែកុំយកខ្ញុំទៅប្រឡូកប្រឡាក់ ខ្ញុំអត់ដឹងរឿងអ្វីទេ ពេលនេះខ្ញុំគិតតែរឿងរកស៊ីទេ សិល្បៈខ្ញុំក៏ដកខ្លួនខ្លះហើយ។ ពេលមានបញ្ហា គឺរត់រកប្រធានសមាគមជួយ ពេលចង់ល្បី សូមកុំយកប្រធានសមាគម ទៅប្រឌិតសាច់រឿងឱ្យគេស្អប់ ព្រោះពេលជួយគ្នាយើងម្តងៗ ខ្ញុំប៉ះពាល់ជាមួយកូនអ្នកមានអំណាចច្រើនហើយ អ្នកសាង និងអ្នករួចខ្លួនគឺពួកយើង តែអ្នកត្រូវគេស្អប់គឺខ្ញុំ ដូច្នេះអ្នកណាធ្វើអ្វី ដើម្បីឱ្យខ្លួនល្បីតាមរយៈការកុហកទស្សនិកជន និងមហាជនបាន គឺធ្វើតាមទម្លាប់ចាស់ទៅ ខ្ញុំមិនពាក់ព័ន្ធទេ»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «សូមកុំទម្លាក់រឿងឱ្យខ្ញុំជាតួចិត្តអាក្រក់ តួឈ្នានីស ឯខ្លួនឯងជាតួឯក ទាំងតួឈ្នានីសដែលអ្នកផងដាក់រហស្សនាម មិនបានសម្តែងជាមួយ ហើយអូសខ្ញុំទៅសម្តែង ព្រោះតាំងពីដើមមក អ្នកស្គាល់ខ្ញុំច្បាស់ គឺគេដឹងថា ខ្ញុំរវល់យ៉ាងណា ទាំងការងារសិល្បៈ ទាំងការងាររកស៊ី ទោះមុខរបរកំប៉ិកកំប៉ុកក៏ដោយ ហើយខ្ញុំមិនដែលពឹងផ្អែក លើមុខរបរសិល្បៈមួយមុខនោះទេ ដូច្នេះខ្ញុំមិនចាំបាច់ខំបង្កើតរឿងកុហក ទស្សនិកជនឡើយ ដូច្នេះសូមកុំឱ្យខ្ញុំដឹងថា មានរឿងលើខ្ញុំទៀត ខ្ញុំមិនអាចចេះតែមានចិត្តអំណត់ឱ្យគេបង្កើតរឿងអាស្រូវម្តងហើយម្តងទៀតដាក់ខ្ញុំបានទៀតដែរ តែបើរឿងពិត ធ្វើចុះ ខ្ញុំគាំទ្រ។ សូមអរគុណ!»៕