បាយដំណើប ស្វាយទុំ ជាប្រភេទអាហារបែបខ្មែរ ដែលជាទូទៅគេតែងឃើញមានការនិយមទទួលទានជាខ្លាំងពីសំណាក់ប្រជាជនខ្មែរ ជាពិសេសនៅតាមបណ្តាទីជនបទជាដើម។ ដោយឡែកពេលនេះ បាយដំណើប ស្វាយទុំ ត្រូវបានក្លាយជាមុខម្ហូបដ៏ទាក់ទាញនៅក្នុងភោជនីយដ្ឋាន Needa ខណៈដែលអ្នកទទួលទានក៏បានសម្ដែងពីការគាំទ្រយ៉ាងលើសលប់ផងដែរ។ ចង់ដឹងទេថា បាយដំណើប ស្វាយទុំ នៅភោជនីយដ្ឋាន ដែលមានបម្រើជូននូវមុខម្ហូបបែបខ្មែរ-ថៃ កំពុងល្បីឈ្មោះមួយនេះមានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងណានោះ សូមចូលរួមទាំងអស់គ្នា។
គ្រឿងផ្សំ
• ស្វាយទុំ
• ខ្ទិះដូង
• សណ្តែកបាយលីង
• បាយដំណើប
• ស្ករស
• ម្សៅខ្សាយ
វិធីចម្អិន
ចំពោះមុខម្ហូបមួយនេះហាក់មិនមានភាពលំបាកក្នុងការចម្អិននោះឡើយ ដោយដំបូងគ្រាន់តែយកសណ្ដែកបាយប្រមាណ1ស្លាបព្រាបាយទៅលីងឱ្យឆ្អិនល្អទុកមួយអន្លើ។ ជ្រើសរើសយកផ្លែស្វាយទុំ ដែលមានសាច់ល្អក្លិនក្រអូបឈ្ងុយមកចិតសម្បកចេញ ហើយឆ្លាក់ដូចក្នុងរូបភាព តម្រៀបដាក់នៅលើចាន រួចចម្អិនបាយដំណើបជាមួយខ្ទិះដូងឱ្យឆ្អិន។ បន្ទាប់មកយកខ្ទិះដូង និងម្សៅខ្សាយ ដោយរោយអំបិល ស្ករសបន្តិច កូររម្ងាស់ឱ្យឆ្អិនល្អ រួចលើកចេញពីភ្លើង ហើយដួសដាក់ចាន និងយកមកដាក់រួមជាមួយដើម្បីទទួលទានជាការស្រេច៕