ពិតជាភ្ញាក់ផ្អើលម្ដងទៀតហើយ និងក៏មិនមានអ្វីចម្លែកដែរ ព្រោះថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលត្រូវបានមហាជនខ្មែរអ្នកលេងបណ្ដាញសង្គមដាក់រហស្សនាមឱ្យលោកថាជាកំពូលអ្នកទើស ទៅហើយនោះ នាពេលថ្មីៗនេះម្ដងទៀត លោក ម៉ៃ សុគន្ធ នៅមិនសុខ មិនស្រណុកក្នុងចិត្តឡើយ ខណៈដែលលោកបានមើលវីដេអូ និងបានស្ដាប់ចម្រៀងរបស់តារាចម្រៀង Original Song លោក ថេណា មិនយល់ ស្ដាប់មិនបាន មិនច្បាស់ រហូតដល់ចេញមុខរិះគន់ចំៗ ចំពោះការបញ្ចេញសំឡេងច្រៀងបែបស្តាយល៍ RnB របស់តារាចម្រៀងខ្មែររូបនោះ។
លោក សុគន្ធ បានលើកឡើងថា «និយាយពី Original Song សម័យឥឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គ្រាន់តែនិយាយពាក្យបែបនេះភា្លម គេសង្កេតឃើញមានមតិជាច្រើនបានចូលមកតិះដៀល និងប្រើសម្ដីអសុរោះចំពោះលោក សុគន្ធ វិញភ្លាមៗដែរ។
គួរបញ្ជាក់ផងដែរថា លោក វិសាល ជាម្ចាស់ផលិតកម្ម Wonder Film ក៏បានគាំទ្រ និងបញ្ចេញមតិដូចលោក សុគន្ធ ដែរថា «មុននឹងបញ្ចេញយោបល់ទៅលើគាត់ ចូរបងប្អូនធ្វើចិត្តឱ្យស្ងប់សិន កុំយកអារម្មណ៍មិនពេញចិត្តគាត់មកបញ្ចេញយោបល់ បើមិនដូច្នេះទេបងប្អូននឹងលម្អៀង លើកនេះខ្ញុំចូលមើល អ្នកបញ្ចេញយោបល់ (comments) មិនប្រើហេតុផលសោះ ប្អូន ម៉ៃ សុគន្ធ គាត់និយាយមានហេតុផល សូមជួយគ្នាក្រឡេកមកមើល អក្ខរាវិរុទ្ធខ្មែរផង ជួយអភិរក្សភាសាជាតិផង នាយកដ្ឋានភាពយន្ត គួរជួយតាមដាន អ្នកបង្ហោះបទចម្រៀងដែលប៉ះពាល់ដល់ អក្សរសិល្ប៏ខ្មែរ អក្ខរាវិរុទ្ធខ្មែរផង ប្អូនៗ អ្នកចម្រៀងជំនាន់នេះមួយចំនួន ច្រៀងពិតជាស្ដាប់មិនបានមែន ដែលវាក៏ជាផលប៉ះពាល់ដ៏អាក្រក់មួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយភាសា និងវប្បធម៌ជាតិដែរណា៎»៕