ស្របពេលដែលការផ្គត់ផ្គង់ខុនដូហាក់ទំនងជាមានកំណើនលើសពីតម្រូវការខ្លាំងនោះ បានធ្វើឱ្យការលក់បន្ទប់ខុនដូមានការធ្លាក់ចុះនៅដើមត្រីមាសទី1 ឆ្នាំ2018នេះ ជាពិសេសខុនដូប្រភេទមធ្យម និងប្រភេទប្រណីតតែម្តង។
របាយការណ៍ស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា តម្លៃលក់ខុនដូប្រភេទមធ្យម និងប្រភេទប្រណីតបានថយចុះ2% ក្នុងត្រីមាសទី1ដើមឆ្នាំ2018 បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ2017 ស្របពេលដែលតម្លៃជាមធ្យមរបស់ខុនដូប្រភេទតម្លៃសមរម្យបានកើនឡើងចំនួន 7% ក្នុងត្រីមាសទី1ឆ្នាំនេះ។
តម្លៃនៃការជួលរបស់ខុនដូប្រភេទមធ្យម និងប្រភេទប្រណីតស្ថិតក្នុងទីតាំងសំខាន់ៗត្រូវបានធ្លាក់ចុះចំនួន 3.8% ប្រចាំត្រីមាស ចំណែកតម្លៃជួលរបស់អគារការិយាល័យ និងទីតាំងពាណិជ្ជកម្មមានសភាពថេរក្នុងត្រីមាសទី1 នៃឆ្នាំ2018នេះ បើប្រៀបធៀបទៅនឹងត្រីមាសចុងឆ្នាំមុន។ ហើយអត្រានៃការជួលអគារការិយាល័យសម្រាប់ត្រីមាសទី1នៃឆ្នាំ2018 មានប្រមាណ 82.7%។
អ្នកនាង លឹម មុយងីម អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សាអចលនទ្រព្យនៃក្រុមហ៊ុន CBRE Cambodia បាននិយាយថា នៅក្នុងរយៈពេលពីរឆ្នាំខាងមុខទៀតនេះ មានគម្រោងខុនដូជាច្រើនត្រូវបានសាងសង់ចប់ និងតាមការអង្កេតរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញឱ្យឃើញថា ដើម្បីទាក់ទាញអតិថិជនសម្រាប់ការលក់ចេញឱ្យបានលឿន គម្រោងខុនដូមួយចំនួនបានទម្លាក់តម្លៃលក់ទៅតាមអត្រាភាគរយផ្សេងៗគ្នា ឬផ្តល់រង្វាន់ជាសម្ភារ ឬសេវាកម្មផ្សេងៗទៅឱ្យអតិថិជនសម្រាប់ការស្នាក់នៅ ឬក៏ផ្តល់ការប្រាក់កម្ចីជាដើមទៀតផង។
ម្យ៉ាងវិញទៀតខុនដូមួយចំនួន ជាពិសេសខុនដូដែលនឹងបញ្ចប់គម្រោងសាងសង់ក្នុងពេលឆាប់ៗនោះបានផ្តល់ការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនដែលបានបង់ប្រាក់ពេញ 100% ឬយ៉ាងហោចត្រឹម 80%នៅពេលទិញដែលខុសពីដំណាក់កាលសាងសង់ដំបូងដែលតម្រូវឱ្យអតិថិជនបង់ប្រាក់ក្នុងអត្រាភាគរយកម្រិតទាប។
អ្នកនាងបានបន្តថា ខុនដូដែលមានសក្តានុពលសម្រាប់ជួលស្នាក់នៅនោះគឺ ស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន ពិសេសនៅក្នុងសង្កាត់បឹងកេងកងតែម្ដង។ បច្ចុប្បន្នអ្នករស់នៅក្នុងខុនដូភាគច្រើន គឺជាជនបរទេសដែលមានប្រមាណជា 95%នៃអតិថិជន ចំណែកប្រជាជនខ្មែរមានតែ 5%ប៉ុណ្ណោះ ដោយសារការរស់នៅក្នុងខុនដូត្រូវចំណាយច្រើន ហើយប្រជាជនខ្មែរមានចំណូលទាបជាងបរទេស។
យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងរយៈពេល 2ខែដំបូងឆ្នាំ2018 ក្រសួងបានអនុម័តទឹកប្រាក់វិនិយោគសរុបចំនួន 365លានដុល្លារក្នុងចំណោម 386គម្រោងក្នុងវិស័យអចលនទ្រព្យទូទាំងប្រទេស។ របាយការណ៍នេះបានបង្ហាញថា ទឹកប្រាក់ដែលបានអនុម័តនេះមានការធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។ គិតត្រឹមត្រីមាសទី1 ឆ្នាំ2018នេះ តម្លៃដីនឹងមានកំណើនជាមធ្យម 1.2% ចន្លោះពីត្រីមាសមួយទៅត្រីមាសមួយ និងកើនឡើង4.2% ចន្លោះពីឆ្នាំមួយទៅឆ្នាំមួយ។
គិតត្រឹមដំណាច់ត្រីមាសទី1កន្លងមកនេះ ការផ្គត់ផ្គង់អគារខុនដូបានកាន់តែកើនចំនួនឡើងដល់ជិត 10.000យូនីត ស្មើនឹង14% ហើយសម្រាប់រយៈពេលពេញមួយឆ្នាំ2018 ចំនួនខុនដូប្រមាណជា 12.000យូនីតទៀតនឹងត្រូវបញ្ចប់គម្រោងសាងសង់របស់ខ្លួន និងដាក់ចូលទីផ្សារ។ ចំណែកការជួលអគារការិយាល័យវិញ តម្លៃនៅតែដំណើរការទៅមុខដោយបានកើនឡើងដល់82.7% ទោះបីជាចំនួននៃការផ្គត់ផ្គង់មានការកើនឡើងក៏ដោយ៕