អ្នកគាំទ្ររបស់ក្រុម Liverpool ដែលសង្ឃឹមថា អាចចូលទស្សនាការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កំពុងតែប្រឈមមុខនឹងការចំណាយប្រាក់រាប់ពាន់ផោន ដើម្បីទិញសំបុត្រតែមួយសន្លឹក។
ក្រុម Liverpool បានលក់សំបុត្រពីចំណែករបស់ខ្លួនដែលមានចំនួន 16,626 អស់រលីង ប៉ុន្តែបច្ចុប្បន្ន សំបុត្រទាំងនោះរាប់រយសន្លឹកត្រូវបានគេដាក់លក់ឡើងវិញនៅលើគេហទំព័រនានា។ សំបុត្រសម្រាប់កន្លែងអង្គុយមួយនៅជ្រុងម្ខាងនៃកីឡដ្ឋាន Olympic ក្នុងទីក្រុងគៀវ ដែលមានតម្លៃជាធម្មតា 281ផោន (ស្មើនឹង 377 ដុល្លារ) ត្រូវបានផ្សាយពាណិជ្ជកម្មដើម្បីដាក់លក់ក្នុងតម្លៃជិត 15,000ផោន (ស្មើនឹង 20,148ដុល្លារអាមេរិក)។ ដោយឡែកសំបុត្រ VIP មួយចំនួនមានតម្លៃដល់ទៅ 20,000ផោន។ នៅលើគេហទំព័រ Ticketbis កាលពីថ្ងៃចន្ទ កៅអីអង្គុយថោកជាងគេបំផុតនៅខាងក្រុម Liverpool ដែលមានតម្លៃជាធម្មតា140ផោន ត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅ 1,181ផោន។ លោក Neil Atkinson អ្នកគាំទ្ររបស់ក្រុម Liverpool បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា៖ «ស្ថានភាពនេះពិតជាគួរឱ្យចង់សើចណាស់។ មនុស្សមួយចំនួនដែលមិនគាំទ្រក្លិបណាមួយសោះ បានទិញសំបុត្រទុក និងសម្លឹងរកឱកាសក្នុងការរកប្រាក់កម្រៃ»។
Liverpool បានធ្វើការរំឭកដល់អ្នកគាំទ្ររបស់ខ្លួនថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ សំបុត្រមិនគួរត្រូវបានទិញពីប្រភពមិនផ្លូវការឡើយ»៕
ប្រភពពី៖ Daily Mail