ថ្មីៗកន្លងទៅនេះ តារាចម្រៀងសំឡេងពីរ ប្រុសក៏បាន ស្រីក៏បាន អ្នកនាង រ៉ូលីន ទើបតែបានសម្ដែងភាពយន្ដខ្នាតធំមួយ ដែលបានដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សក្នុងរោងភាពយន្តទូទាំងរាជធានីភ្នំពេញដែលមានចំណងជើងថា «ចង្វាក់បេះដូង» ។ រឿងនេះជាខ្សែភាពយន្តខ្មែរដែលនិយាយអំពីនិស្ស័យ និងពាក្យថា មួយប៉ប្រិចភ្នែកក៏អាចកើតជាស្នេហាបានដែរ ដែល រ៉ូលីន សម្តែងជាមិត្តភ័ក្តិស្និទ្ធស្នាលជាមួយតួឯក កញ្ញា ខៀវ លីលី។ ក្នុងរឿងនោះ រ៉ូលីន ត្រូវបុរសសង្ហាម្នាក់ឈ្មោះ មករា មកទាក់ទងសុំស្នេហ៍ ហើយថែមទាំងសុំនាងរៀបការជាមួយទៀតផង។ តែយ៉ាងណាមិញ អ្នកនាងបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា នោះគឺជាលើកចុងក្រោយរបស់នាងហើយ។ តើមានរឿងអ្វីកើតឡើងទៅ?
អ្នកនាង រ៉ូលីន ដែលបានចូលរួមនៅក្នុងកម្មវិធីសម្ពោធក្លិបកម្សាន្ដរាត្រីមួយកន្លែងនៅចំកណ្ដាលរាជធានីភ្នំពេញបានផ្ដល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា «កន្លងទៅថ្មីៗនេះ នាងខ្ញុំបានសម្ដែងរឿងដុំមួយ ដែលមានចំណងជើងថា «ចង្វាក់បេះដូង» ហើយរឿងនេះ ក៏ជារឿងចុងក្រោយរបស់នាងខ្ញុំដែរ។ នាងខ្ញុំលែងទទួលថតភាពយន្ដទៀតហើយ»។ នាងបន្ដថា ដោយសារតែរឿងនេះជារឿងរបស់មិត្តភ័ក្ដិស្គាល់គ្នា គេអញ្ជើញ សុំឱ្យជួយថតរឿងមួយនេះទើបមិនអាចប្រកែកបាន តែតទៅមុខទៀត លែងទទួលទីផ្សារភាពយន្ដទៀតទេ ព្រោះថា មានការងារមមាញឹកច្រើនណាស់។
គួរបញ្ជាក់ផងដែរថា ការងារសិល្បៈរបស់តារាភេទទី 3 រូបនេះ គេសង្កេតឃើញមានតែធ្វើជាពិធីករ-ពិធីការិនី នៅតាមបណ្ដាញស្ថានីយទូរទស្សន៍ និងកម្មវិធីធំៗ និងជាតារាចម្រៀងនៅក្នុងផលិតកម្មថោន ហើយកំពុងតែមានប្រជាប្រិយភាពជាងគេនោះគឺនៅក្នុងកម្មវិធី «ឆ្ងាញ់ទេ?» ដែលជាកម្មវិធីចម្អិនម្ហូបអាហារប្លែកៗឆ្ងាញ់ៗនៅតាមតំបន់ភូមិស្រុកនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕