ដូចដែលលោកអ្នកបានស្គាល់ហើយថា លោក ចាន់ សំណាង ហៅ ឌី ជេក្តឹប ជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធមួយរូប ដែលទទួលបានការគាំទ្រខ្លាំងតាមរយៈ « រាំអ៊ីចេះ »កាលពីឆ្នាំមុន និងមានបទចម្រៀងល្បីៗជាច្រើនបទទៀត ដែលលោកបាននិពន្ធឱ្យកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ កញ្ញា ឱក សុគន្ធកញ្ញា លោក និងអ្នកនាង មាស សុខសោភា បានច្រៀងបទចម្រៀងជាស្នាដៃរបស់លោក។ តែមួយរយៈចុងក្រោយនេះ សង្កេតឃើញលោកហាក់បីដូចជាមានជំងឺបាក់ទឹកចិត្តជាខ្លាំងជាមួយអាជីពសិល្បៈដែលខ្លួនបានប្រឡូកអស់ពេលជាង9ឆ្នាំមកនេះ។
ឌី ជេក្តឹប រមែងបង្ហាញឥរិយាថបប្លែកៗ ប្រៀបមនុស្សបែកសតិ តាមរយៈវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក រហូតដល់ថ្នាក់មហាជនគិតថា លោកជាបុរសកំពូលដ្រាម៉ា ស៊ីអារម្មណ៍ណាស់។ តែនៅពេលថ្មីៗនេះ ស្រាប់តែវត្តមានកំពូលតារាចម្រៀងនៅទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ស្កាត់ទៅជួបឌីជេល្បីមួយរូបនេះ ដើម្បីលើកទឹកចិត្ត និងវិលត្រឡប់មកធ្វើការរួមគ្នាជាថ្មីម្ដងទៀតវិញ ដោយ ក្ដឹប បានអះអាងថា លោក សិរីមន្ដ ជាបុគ្គលមុនគេបង្អស់ដែលផ្ដល់តម្លៃ និងកត្តិយសចំពោះស្នាដៃនិពន្ធរបស់លោក។
នាយ ក្ដឹប បានរៀបរាប់ថា« អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ! បងមន្ត! ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ
បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ ។ មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអ៊ីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន)។ នាយបន្ដបញ្ជាក់ទៀតថា « អ៊ីចឹង! តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។ ដូច្នេះ! ដល់វគ្គចម្រៀង230បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (ដែលប្អូនតស៊ូ 9ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)»៕