នៅពេលថ្មីនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ប៊ុត សីហា បានមើលឃើញថា មានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើននឹងបង្ហាញវត្តមានក្នុងកម្មវិធីជួបជុំសំណេះសំណាលសាកសួរសុខទុក្ខ និងរួមគ្នាធ្វើសកម្មភាពសង្គមមួយចំនួនទៀតជាមួយក្មេងៗនៅសាលាដូងស្ថិតនៅលើភ្នំគិរីរម្យ។ នៅក្នុងនោះលោក ប៊ុត សីហា បានចូលរួមកិច្ចការជាមួយអង្គការ IKARE និងក្រោមការចូលរួមស្ម័គ្រចិត្ត និងបរិច្ចាកថវិការផ្ទាល់ខ្លួនពីសំណាក់សិល្បករដើម្បីសម្រួលទុកលំបាករបស់ក្មេងៗដែលរស់នៅតំបន់នោះ។
លោក ប៊ុត សីហា បានសរសេរប្រកាសប្រាប់មហាជនកាលពីថ្ងៃម្សិលមិញនៅលើហ្វេសប៊ុកខ្លួនថា « សួរស្តីពុកម៉ែបងប្អូន! តោះស្អែកជួបគ្នាម៉ោង7ព្រឹកនៅរង្វង់មូលចោមចៅ ហើយជុំគ្នាចេញតែម្តង។ បងប្អូនមិនបានទៅបើមានអីចូលរួមយកមកខ្ញុំ សីហា ចាំយកទៅ មានទឹកសុទ្ធក៏យកបាយ1ប្រអប់ក៏យក ត្រីខកំប៉ុង មីកញ្ចប់ ត្រីសាច់ សៀវភៅ សម្ភារៈផ្សេងៗ អ្វីក៏ដោយឱ្យតែយកមកខ្ញុំយកទៅចែកក្មេងៗនៅលើភ្នំទាំងអស់។ តោះស៊ែមួយៗជួបគ្នាណាគិរីរម្យស្អែក។ អ្នកណាមានអត់ស្អែកដល់ហើយ ហើយត្រូវការបន្ទះសូឡាជាច្រើនចាំបាច់ណាស់។ អូខេ! កម្មវិធីសប្បុរសធម៌មិនដែលសូវបានធ្វើទេ (លូវចូលរួមជាមួយIKARE ) ម្តងកុំខ្វល់សំខាន់វគ្គសប្បាយហើយ»។
គួបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌នេះសង្កេតឃើញមានតារាចម្រៀងដួងនឹងបង្ហាញវត្តមាន ធ្វើការងារសង្គមមួយចំនួនមានដូចជា លោក ប៊ុត សីហា , លោក ដួង វីរៈសិទ្ធិ, កញ្ញា នាង គន្ធា, លោក នាង សុគន្ធ, លោក យឹម យន ជាដើម។ លោក ប៊ុត សីហា បានបញ្ជាក់លើគណនីយផ្ទាល់ខ្លួនបន្ថែម ដោយស្នើឲ្យមានការចូលរួមពីសំណាក់សប្បុរសជនដើម្បីជួយជាសម្ភារៈ អាហារ ជួយដល់កុមារដែលកំពុងសិក្សានៅតំបន់នោះ និងកំពុងប្រឈមនឹងការខ្វះខាត។ កម្មវិធីជួបជុំនេះក៏នឹងធ្វើការប្រមូលថវិកាដើម្បីទិញជាផ្ទាំងបន្ទះសូឡាសម្រាប់ផ្គត់ផ្គង់ចរន្តអគ្គីសនីនៅក្នុងសាលាផងដែរ៕