ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនច្រើនតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។
យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20-35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត ហើយថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។
ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ20ឆ្នាំ-35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។
យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7-11ឆ្នាំជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕