ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំង គឺកញ្ញា ឆុំ វត្តី បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ ដែលគេមើលឃើញថា នាងកាន់តែបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាលនិងផ្អែមល្ហែមជាងស្ករតាំងម៉ែជាមួយគូស្នេហ៍ហើយលើកនេះ បើគិតចាប់តាំងពីថ្ងៃខួបកំណើតរបស់នាងមក។
កាន់តែលែងលាក់លៀមពីចំណងស្នេហារយៈពេល 1ឆ្នាំនោះហើយ។ តារាស្រីរូបនេះបានបង្ហាញរូបបុរសជាគូសេ្នហ៍ និងសកម្មភាពផ្អែមល្ហែមតាមលំដាប់លំដោយ ព្រមទាំងរៀបរាប់ថា «រីករាយថ្ងៃគម្រប់ខួប 1ឆ្នាំ ដែលពួកយើងបានស្រឡាញ់គ្នា។ សម្រាប់ពួកយើង ការស្គាល់គ្នាត្រឹមតែមួយឆ្នាំមែន តែដូចមនុស្សស្គាល់គ្នារាប់សិបឆ្នាំអ៊ីចឹង តែបើនិយាយពីឈ្លោះគ្នាវិញ រាប់មិនអស់ តែមិនដែលចោលគ្នាឡើយ និងតែងប្រាប់គ្នាទៅវិញទៅមកគ្រប់កន្លែងខ្វះខាត។ និយាយទៅជូរចត់ណាស់ ដូចរឿងភាគអ៊ីចឹង។ អរគុណសម្រាប់ការមើលថែ ការផ្ដល់កម្លាំងចិត្ត ការលើកទឹកចិត្ត និងជាទីប្រឹក្សាអស់ពេញមួយឆ្នាំ សុំពីការស្រឡាញ់មួយនេះមិនច្រើនទេ សុំត្រឹមតែមួយជិវិតសម្រាប់យើងទាំងពីរនាក់»។
គួរបញ្ជាក់ផងដែរថា បុរសជាគូស្នេហ៍របស់តារាស្រី ឆុំ វត្តី ត្រូវបានគេស្គាល់ឈ្មោះតាមរយៈហ្វេសប៊ុកថា រិទ្ធហួរ រក្សា មានរូបរាងខ្ពស់សង្ហា និងមានសម្បុរស្រអែម និងគួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ បុរសជាគូស្នេហ៍បានពញ្ញាក់អារម្មណ៍នាង និងបង្កភាពផ្អែមល្ហែមជាងទឹកឃ្មុំខែចេត្រដល់ទៅ 2ដង ដោយរូបគេបានជូនកាដូជាគ្រឿងអលង្ការមាស ដែលធ្វើឱ្យនាងរំភើបចិត្ត និយាយមិនចេញ ញាប់ញ័រពេញបេះដូង និងដើម្បីបង្ហាញពីភក្ដីភាព និងក្ដីស្រឡាញ់ស្មោះស្ម័គ្រ លោកថែមទាំងបានបំពាក់គ្រឿងអលង្ការនោះឱ្យនាងទៀតផង ដែលមើលឃើញហើយគួរឱ្យរំភើបចិត្តជំនួសសាមីខ្លួនខ្លាំងណាស់៕