ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា រូបគេមានអារម្មណ៍ថា «ហាក់ដូចជាបានជង្គង់ថ្មីអ៊ីចឹង» និងត្រៀមលក្ខណៈរួចរាល់សម្រាប់ការលេងក្នុង «យុទ្ធនាការ World Cup » បានយ៉ាងល្អនៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាខ្លួនបានធ្លាក់ចុះទម្រង់លេងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែរបួសជង្គង់ក៏ដោយ។
ខ្សែប្រយុទ្ធវ័យ 29ឆ្នាំរូបនេះ មិនបានលេងឱ្យក្រុម Manchester City សោះ បើគិតចាប់តាំងពីការរងបរាជ័យរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃទី10 ខែមេសា ហើយគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីនលោក Jorge Sampaoli មានជម្រើសលើខ្សែប្រយុទ្ធជាច្រើនក្នុងការជ្រើសរើសមុនពេលប្រកាសឈ្មោះកីឡាករសម្រាប់ព្រឹត្តិការណ៍ World Cup របស់លោក។ Aguero បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អាហ្សង់ទីន TyCថា៖ «ជង្គង់របស់ខ្ញុំដូចជារបស់ថ្មីអ៊ីចឹង។
ប៉ុន្តែបច្ចុប្បន្ន ខ្ញុំមានអារម្មណ៍ខុសគ្នា។ ខ្ញុំអាចបត់វាបាន ហើយវាពិតជាបានផ្តល់នូវភាពធូរស្រាលល្អមែន»។ Aguero បានលេងការប្រកួត 84លើក ចាប់តាំងពីធ្វើការបង្ហាញខ្លួនជាអន្តរជាតិលើកទី1 របស់គេក្នុងឆ្នាំ2006 ដោយបានស៊ុតបាល់បញ្ចូលទី 36គ្រាប់ ប៉ុន្តែ ប្រឈមមុខនឹងការប្រជែងជាមួយនឹងកីឡាករជាច្រើនដើម្បីទទួលបានកៅអីមួយក្នុងជម្រើសទាំង 11នាក់ដំបូងរបស់លោក Sampaoli។ ស្របពេលដែល Lionel Messi គឺជាកីឡាករមិនអាចខ្វះបានក្នុងក្រុម Aguero នឹងត្រូវតែធ្វើការប្រជែងជាមួយនឹងតារាឆ្នើម Gonzalo Higuain និង Paulo Dybala របស់ក្លិប Juventus ខ្សែប្រយុទ្ធ Diego Perotti របស់ Roma និង Mauro Icardi របស់ក្លិប Inter Milan៕
ប្រភពពី៖ Sport24