ដោយសារតែកូនក្រមុំជាមនុស្សម្នាក់ដែលមានភាពសំខាន់បំផុតនៅក្នុងថ្ងៃនេះ ហេតុនេះហើយបានជាការជ្រើសរើសអ្នកផាត់មុខដែលពេញទៅដោយជំនាញក្នុងការផាត់មុខគឺជារឿងសំខាន់បំផុត ហើយអ្វីដែលយើងគ្រប់គ្នាតែងសម្គាល់ឃើញនោះគឺ អ្នកភ្នួងស្ទើរតែគ្រប់គ្នាទាំងអស់ តែងតែផាត់មុខកូនក្រមុំឱ្យមានភាពក្រាស់ខ្លាំងជាងពេលធម្មតា។ អ្នកភ្នួងគេមិនមែនចេះតែធ្វើតាមគ្នា ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ តែដែលគេធ្វើនេះព្រោះតែគេមានហេតុផលរបស់គេ ចំណែកឯហេតុផលនោះគឺ ៖
កូនក្រមុំត្រូវការភាពលេចធ្លោជាងអ្នកណាៗទាំងអស់ ហើយក៏ត្រូវតែតុបតែងឱ្យស្អាតប្លែកជាងពេលរាល់ដងដែលកូនក្រមុំធ្លាប់តុបតែងផងដែរ ហើយការផ្លាស់ប្តូរដើម្បីភាពស្រស់ស្អាតប្លែកភ្នែកនេះអាចធ្វើទៅបានគឺត្រូវពឹងផ្អែកលើការផាត់មុខនេះហើយ។
– ការផាត់មុខក្រាស់មានប្រសិទ្ធភាពក្នុងការជួយបិទបាំងភាពស្លេកស្លាំង ស្នាមមុន ស្លាកស្នាមផ្សេងៗ ស្បែកកន្ទួលក្រហម ឬខូង និងស្នាមខ្មៅស្រអាប់ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ ការផាត់មុខអាចជួយឱ្យទម្រង់មុខរបស់កូនក្រមុំមើលទៅសមស្អាតទៀតផង។
– ការតុបតែងមុខឱ្យបានក្រាស់ជាងធម្មតាក៏ដើម្បីបន្ថែមភាពស្រស់ស្អាតនាពេលថតរូបផងដែរ។ ធ្លាប់ឮដែរទេនៅពេលដែលអ្នកនិយាយថា “ផាត់មុខក្រាស់អ៊ីចឹងខ្លាចថាអាក្រក់មើលទេ?” តែពេលនោះអ្នកតែងមុខក៏ប្រាប់វិញថា “មិនអីទេប៉ុណ្ណឹងទើបពេល ថតរូបទៅមើលឃើញស្រស់ស្អាត” ហើយបន្ទាប់ពីនោះអ្នកនឹងឃើញថាវាពិតដូចអ្នកតែងមុខប្រាប់មែន។
– បើទោះជាថ្ងៃនេះកូនក្រមុំផាត់មុខឱ្យក្រាស់ជាងពេលធម្មតាក៏ដោយ ក៏មិនធ្វើឱ្យអ្នកមានអារម្មណ៍ថាក្រាស់ជ្រុលពេកដែរ ព្រោះនៅពេលដែលអ្នកភ្នួងបន្ថែមគ្រឿងអលង្ការ សម្លៀកបំពាក់ និងគ្រឿងតុបតែងផ្សេងៗទៀតនោះ កូនក្រមុំនឹងមើលទៅស្អាត និងស័ក្តិសមបំផុត។
តាមរយៈការរៀបរាប់ខាងលើអ្នកប្រហែលជាលែងឆ្ងល់ហើយមែនទេថា ហេតុអ្វីបានជាអ្នកភ្នួងចូលចិត្តតែងមុខឱ្យកូនក្រមុំរាងក្រាស់ជាងពេលធម្មតា។ ប៉ុន្តែអ្វីដែលជាចំណុចពិសេសមួយទៀតដែលអ្នកគួរដឹងនោះគឺភាពក្រាស់នៃការផាត់ម្សៅលើផ្ទៃមុខកូនក្រមុំមិនមានភាពស្មើគ្នានោះទេ អ្នកខ្លះអាចក្រាស់តិច អ្នកខ្លះអាចក្រាស់ខ្លាំងនិយាយរួមគឺវាអាស្រ័យទៅលើស្បែកមុខរបស់កូនក្រមុំដែរ។
បើកូនក្រមុំណាដែលមានស្បែកមុខសស្អាត គ្មានស្នាម ភ្លឺម៉ដ្ឋរលោងជាស្រេចហើយនោះ បរិមាណនៃការប្រើម្សៅ និងភាពក្រាស់នៃការផាត់ម្សៅក៏នឹងមានកាន់តែតិច ដូច្នេះសម្រាប់អនាគតកូនក្រមុំណាដែលមិនចង់ប្រើម្សៅជាជំនួយច្រើនពេកទេនោះ ត្រូវតែថែរក្សាសម្រស់ផ្ទៃមុខរបស់ខ្លួនឱ្យបានល្អស្អាតជាមុនឱ្យហើយទៅ៕