Skip to content

ពេជ្រ អាវីហ្សា ធ្វើខួបកំណើតលើកចុងក្រោយ លាងជម្រះឆ្នាំឆុង

តារាសម្តែង ពេជ្រ អាវីហ្សា កាលពីយប់មិញបានរៀបចំកម្មវិធីខួបកំណើតវ័យ 29ឆ្នាំរបស់ខ្លួននៅក្នុងភោជនីយដ្ឋាន វីហ្វ្រ៊េន បឹងត្របែក ក្រោមការចូលរួមពីសិល្បករជាច្រើនដួង និងអ្វីដែលជាការកត់សម្គាល់នោះ គឺតារាស្រីសាច់សខ្ចីនិយមចាយរាងសិចស៊ីរូបនេះបានប្រកាសឈប់រៀបចំពិធីខួបកំណើតទៀតហើយ នេះគឺជាឆ្នាំឆុង ដោយបានចាត់ទុកថា ជាកិច្ចលាងជម្រះឧបទ្រពចង្រៃនៅក្នុងឆ្នាំនេះឱ្យអស់។

ថ្លែងក្នុងពិធីខួបកំណើតក្នុងសម្លៀកបំពាក់ឈុតសិចស៊ីទាន់សម័យ ពេជ្រ អាវីហ្សា បានឱ្យដឹងថា ពិតប្រាកដណាស់ នេះជាឱកាសចុងក្រោយហើយ ដែលនាងរៀបចំពិធីខួបកំណើត ដោយសារកន្លងមកធ្លាប់រៀបចំជាលក្ខណៈធំដុំដល់ទៅ2ដងរួចមកហើយ ដូចនេះមានអារម្មណ៍ថា ពិតជាខ្លាចចិត្តមិត្តភ័ក្តិសិល្បករដែលរាប់អានរូបនាងដែលនៅតែលះបង់ពេលវេលាមកចូលរួមមិនដែលខាន។ ម្យ៉ាងទៀតនាងថា អ្វីដែលសំខាន់ គឺចង់ថតរូបទុកជាកម្រងអនុស្សាវរីយ៍ គ្រាន់មើលកម្សាន្តជាមួយរៀមច្បងសិល្បៈ ក៏ដូចជាមិត្តភ័ក្តិផងដែរ ទើបនាងប្រារព្ធឡើងម្ដងទៀតជាលើកចុងក្រោយនេះ។

ជាមួយនឹងការប្រកាសឱ្យដឹងពីបំណងប្រាថ្នារបស់នាងដូចខាងលើហើយ កញ្ញា ពេជ្រ អាវីហ្សាមិនបានបញ្ជាក់ថា តើមកទល់ពេលនេះ នាងមានគូស្នេហ៍ជំនួសបុរសដែលធ្លាប់បានប្រើអំពើហិង្សាលើរូបនាង ដែលគេស្គាល់ថាជាសាច់ថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព ដែលបានវាយតប់នាង រហូតបង្កជារបួសស្នាមនោះនៅឡើយទេ ដោយនាងគ្រាន់តែបានប្រកាសថា មានអ្នកស្រឡាញ់ហើយ តែនាងកំពុងពិចារណា និងរង់ចាំឱ្យនាងសន្សំលុយទិញបានផ្ទះមួយជំនួសផ្ទះជាន់លើដែលនាងកំពុងរស់នៅសព្វថ្ងៃនេះសិន ទើបនាងសម្រេចចិត្តជ្រើសរើសយកម្នាក់ដើម្បីរៀបការ។

នៅក្នុងពិធីខួបកំណើតរបស់នាងនាយប់នោះ តារាសិល្បៈមិនច្រើនប៉ុន្មានទេដែលបានមកចូលរួម ដោយសារតែនាងប្រាប់ថាអញ្ជើញតែតារាៗដែលជិតស្និទ្ធគ្នាឱ្យធ្វើជាភ្ញៀវកិត្តិយសតែប៉ុណ្ណោះ។ តារាៗដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះ រួមមាន កញ្ញា ដេននី ក្វាន់ កញ្ញា យ៉េយ៉េ កញ្ញា ផេនខេក កញ្ញា ស៊ីងស៊ីង អ្នកនាង លី ចាន់សីហា កញ្ញា រំដួលលិចទឹក លោក សេម ម៉ាកូ តារាចម្រៀង កញ្ញា ផន ស្រីខួច លោក សន សុវណ្ណារ៉ា ពិធីករ លោក ង៉ែត សុភ័ក្រ្ត តារាសម្ដែង កញ្ញាភី សម័យ តារាសម្ដែង និងតារាសម្ដែងថ្មីៗមួយចំនួនផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *