កាលពីជាង 2ឆ្នាំមុន ឌីជេ អាលីយ៉ា ត្រូវបានបុរសជាជនជាតិខ្មែរ សញ្ជាតិអាមេរិកកាំងម្នាក់វាយធ្វើបាប ប្រើអំពើហិង្សាយ៉ាងឃោរឃៅមកលើរូបនាង រហូតដល់បានដាក់ពាក្យបណ្ដឹង និងព្យាយាមស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ទៀតផង ប៉ុន្តែជាក់ស្ដែងនាងនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ ដោយនាងបាននិយាយថា មិនមានលុយគ្រប់គ្រាន់សម្រាប់ឱ្យទៅមន្ត្រីដែលធ្វើការងារនេះ។ តារាស្រីរូបនេះបានទន្ទឹងរង់ចាំក្ដីយុត្តិធម៌សម្រាប់ខ្លូននាងអស់រយៈពេលជាយូរក្រែលដែរមកហើ់យ ប៉ុន្តែដោយសារតែគ្មានលុយ ទើបយុត្តិធម៌ហាក់ដូចជារៀងស្ងាត់ឈឹង មិនមានសកម្មភាពអ្វីកើតឡើងចំពោះនាងទាល់តែសោះ។
គួររំឭកផងដែរថា កន្លងមកនាងបានជួបចរចាជាមួយភាគីចុងបណ្ដឹង ដែលមានការរៀបចំឱ្យជួបពីសំណាក់មេធាវីម្នាក់ តែនាងក៏បានបញ្ជាក់ផងដែរថា «គេសុំចរចាជាមួយនាងខ្ញុំ តែអត់ដឹងថាគេគិតម៉េចទេ ព្រោះគេមានលុយ មានអំណាច តែបើអត់សមនឹងការខាតបង់របស់ខ្ញុំក្នុងរយៈពេល 2ឆ្នាំហ្នឹងទេ ក៏ខ្ញុំអត់ទទួលយកដែរ គឺសុខចិត្តដើរស្រាត បើគ្មានយុត្តិធម៌!»។ នាងថា នាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជារួចរាល់ហើយ ប៉ុន្តែអ្វីដែលនៅរង់ចាំអស់រយៈពេលជាយូរមកហើយនោះគឺ ការមិនជំរុញឱ្យដំណើរការតាមនីតិវិធីរបស់មន្ត្រីក្នុងស្រុក ដោយសារតែនាងមិនមានលុយគ្រប់គ្រាន់។ នាងបន្ដថា «បើអត់មានយុត្តិធម៌ឱ្យយើង គឺក្រឡើងអស់ខោអាវទៅហើយ ឬមួយទៀត ក៏ស្រាតដើរទៅរកយុត្តិធម៌តែម្តងទៅ ក្រែងគេចាប់អារម្មណ៍ ព្រោះក្រអត់អីឱ្យគេ…»។
នាងបន្តទៀតថា ការរង់ចាំការដោះស្រាយនោះ គឺស្ទើរនឹងស្លាប់ខ្លួនឯងទៅហើយ រាងកាយត្រូវគេវាយដំ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ សុខភាពមិនរឹងមាំ។
គួរបញ្ជាក់ផងដែរថា ឌីជេ អាលីយ៉ា បានបញ្ជាក់ថា នាងមិនមែនមិនចង់ធ្វើតាមបង្គាប់របស់តុលាការនោះទេ ប៉ុន្តែនាងនៅតែប្រកាន់ជំហរដើរស្រាត បើតុលាការនៅតែតម្រូវឱ្យនាងចាយលុយទើបដោះស្រាយក្ដី ឬមិនអើរពើនឹងបណ្ដឹងរបស់នាង ដោយទុកឱ្យនៅត្រាំត្រែងបន្តទៀត បន្ទាប់ពីអត់លទ្ធផលប្រមាណជា2ឆ្នាំមកហើយ។
ដោយសារមិនទាន់ទាមទារបាននូវការបាត់បង់ ការខូចខាតទ្រព្យ និងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ តារាស្រីរូបនេះបានកាត់កេរ្តិ៍ខ្មាសបញ្ចេញរូបថតមួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក រហូតធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកាន់ជំហរទាមទាររកភាពយុត្តិធម៌សម្រាប់ខ្លួននាងផ្ទាល់ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ នាងនៅតែបន្ដពុះពារជម្នះឧបសគ្គមួយនេះឱ្យខាងតែបាន៕