លោក Sam Allardyce កាលពីថ្ងៃពុធ ត្រូវបានបណ្តេញចេញពីតួនាទីអ្នកចាត់ការទូទៅរបស់ក្រុម Everton ដែលលេងក្នុងក្របខ័ណ្ឌ Premier League ក្រោយពីកាន់តំណែងនេះបានរយៈពេល 6ខែ បើទោះបីបានដឹកនាំឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ8 នៅលើតារាងក្របខ័ណ្ឌ Premier League ក៏ដោយ។ នេះបើយោងតាមការប្រកាសរបស់ក្លិបទូកក្តោងមួយនេះ។
គ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះ បានស្ថិតក្រោមការរិះគន់ពីសំណាក់អ្នកគាំទ្រ ជុំវិញការរៀបចំទម្រង់លេងរបស់លោក ហើយខ្សែប្រយុទ្ធ Wayne Rooney អតីតតារាឆ្នើមអន្តរជាតិអង់គ្លេស និងក្លិប Manchester United ត្រូវបានគេរំពឹងទុកថា នឹងចាកចេញ ប្រសិនបើលោក Allardyce បន្តដឹកនាំ។ លោក Denise Barrett-Baxendale ដែលជាប្រធានក្លិប បានឱ្យដឹងថា៖ «យើងបានធ្វើការសម្រេចចិត្តបែបនេះ ក្នុងនាមជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់យើង។ យើងនឹងតែងតាំងអ្នកចាត់ការទូទៅថ្មីនៅរដូវក្តៅនេះ»។
ប្រធានក្លិបរូបនេះបានបន្ថែមទៀតថា៖ «ក្នុងនាមជាអ្នកតំណាងឱ្យប្រធានក្លិប ក្រុមប្រឹក្សានាយក និងលោក Moshiri ខ្ញុំសូមថ្លែងអំណរគុណដល់លោក Sam សម្រាប់ការងារដែលលោកបានធ្វើក្នុងក្លិប Everton ក្នុងរយៈពេល 7ខែចុងក្រោយនេះ។ លោក Sam ត្រូវបាននាំយកមកក្នុងដំណាក់កាលដ៏តានតឹងមួយកាលពីរដូវកាលមុន ដើម្បីផ្តល់ឱ្យយើងនូវស្ថិរភាព ហើយយើងពិតជាដឹងគុណលោកសម្រាប់ការធ្វើបានល្អបែបនេះ»៕
ប្រភពពី៖ Channel News Asia