រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានចេញបម្រាមហាមឃាត់ការលក់ស្មាតហ្វូនដែលផលិតឡើងដោយក្រុមហ៊ុនចិនចំនួនពីរនៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួននៅទូទាំងពិភពលោក ដែលការចេញបម្រាមនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការព្រមានពីមន្ទីរបញ្ចកោណអាមេរិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា មន្ទីរបញ្ចកោណអាមេរិក បានចេញសេចក្ដីព្រមានថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei និង ZTE អាចលួចប្រមូលទិន្នន័យពីមន្ត្រី និងបុគ្គលិកយោធាអាមេរិកទៅឱ្យរដ្ឋាភិបាលចិន ដែលនេះជាក្ដីព្រួយបារម្ភដ៏ធំមួយរបស់អាមេរិកជុំវិញបញ្ហាសុវត្ថិភាព និងសន្តិសុខរបស់ប្រទេស។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Dave Eastburn បានថ្លែងថា “ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei និង ZTE អាចបង្កឱ្យមានហានិភ័យចំពោះសុវត្ថិភាពសន្ដិសុខរបស់បុគ្គលិកនៅក្នុងនាយកដ្ឋាន ដែលមានទាំងព័ត៌មានផ្ទាល់ខ្លួន និងបេសកកម្មរបស់ពួកគេ។
ឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភ ក៏ដូចជាការហាមលក់ស្មាតហ្វូននេះ ក្រុមហ៊ុន Huawei បានចេញសេចក្ដីបំភ្លឺថា ក្រុមហ៊ុនសប្បាយចិត្ត និងបើកចំហចំពោះរឿងគ្រប់យ៉ាងដើម្បីឱ្យរដ្ឋាភិបាលអាមេរិកយល់ច្បាស់ពីឧបករណ៍របស់ខ្លួន ហើយ Huawei សូមបញ្ជាក់ថា គ្មានរដ្ឋាភិបាលណាមួយស្នើឱ្យខ្លួនប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេហើយបើមានមែនក៏ខ្លួនមិនធ្វើដែរ ព្រោះវាជាការរំលោភបំពានលើកម្មសិទ្ធិឯកជនរបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ FBI អាមេរិក ក៏បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់កងទ័ពទៅលើការប្រើប្រាស់ឧបករណ៍ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនបរទេសមិនមែនជារបស់អាមេរិក៕