បន្លែប្រពាយ ឬឈ្មោះខាងវិទ្យាសាស្ត្រហៅថា Psophocarpus tetragonolobus Linn ជារុក្ខជាតិប្រភេទវល្លិ៍ ដែលគ្មានសាច់ឈើ ដើមរបស់វាលូតតោងវារព័ទ្ធ មានលក្ខណៈជាស្លឹករៀងឆ្លាស់គ្នា មានស្លឹកតូច3សន្លឹក មានលក្ខណៈរាងពងក្រពើ គល់ស្លឹកមូល និងចុងស្លឹកស្រួចផ្កាមានលក្ខណៈតូចៗមានពណ៌សលាយស្វាយ ឯផ្លែជាបន្លែដែលមានរាងទ្រវែងមាន4ឆែកតាមបណ្ដោយផ្លែ ដែលមានប្រវែងប្រមាណពី10ទៅ12សង់ទីម៉ែត្រ ខាងក្នុងមានគ្រាប់មូលរលោង និងមានពណ៌ស។ ដើមប្រពាយអាចដាំបានពេញ1ឆ្នាំ មិនថារដូវណាក៏ដោយ។
បន្លែប្រពាយ គេអាចនាំយកផ្លែខ្ចីៗ ត្រួយ(ឬស្លឹកខ្ចី) និងផ្កាខ្ចីៗមកធ្វើជាអាហារបាន ហើយថែមទាំងមានគុណសម្បត្តិខាងថ្នាំបំបាត់អាការផ្សេងៗបាន ដូចជា ឫសប្រើសម្រាប់ថែបំប៉នរាងកាយ បំបាត់អាការទន់ខ្សោយអស់កម្លាំង បំបាត់អាការក្ដៅក្នុងស្រេកទឹក ព្យាបាលមុន និងរោគសើស្បែកប្រភេទខ្លះបានទៀតផង។
** ការដាំដុះ
• ការត្រៀមដី: ដើមប្រពាយជារុក្ខជាតិវល្លិ៍ដែលមានឫសចាក់ជ្រៅកម្រិតមធ្យម ដូច្នេះការត្រៀមដីគួរភ្ជួរដីឱ្យបានជ្រៅប្រមាណជា25-30សង់ទីម៉ែត្រ។ ហាលដីទុកចោលប្រមាណជា7ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត លើកជារងដោយមានទុកផ្លូវដើរ និងត្រៀមដាំជាស្រេច។
• វិធីដាំដុះ: ការដាក់ដាំប្រើចម្ងាយពីដើមមួយទៅដើមមួយ60សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ100សង់ទីម៉ែត្រ។ ប្រពាយគេនិយមដាំដោយគ្រាប់ បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ចូរជីករន្ធដាក់ដាំតាមចម្ងាយដាំ ទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណជា5គ្រាប់ ជម្រៅប្រមាណជា2សង់ទីម៉ែត្រ រោយដីគ្របពីលើស្ដើងៗ ហើយគ្របពីលើរងដោយចំបើងស្ងួត រួចស្រោចទឹកឱ្យសើមជោក។ បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណជា1-2សប្ដាហ៍ ចូរដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ3ដើម។
ចំណែកការធ្វើទ្រើងប្រពាយ មានវិធីធ្វើបានច្រើនបែប ដូចជា ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង ឬទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឱ្យព័ទ្ធនឹងបង្គោលទ្រើង ដើម្បីឱ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។
** វិធីមើលថែទាំរក្សា
• ការស្រោចទឹក: ស្រោចទឹកមួយថ្ងៃ1-2ដង រៀងរាល់ថ្ងៃ។
• ការដាក់ជី: បន្ទាប់ពីដាក់ដាំបាន30ថ្ងៃរួចហើយ ចូរចាប់ផ្ដើមដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ100ក្រាមក្នុង1គុម្ព រៀងរាល់15ថ្ងៃ ឬអាស្រ័យលើភាពសម្បូរជីវជាតិរបស់ដី។
• ការការពារ និងការកម្ចាត់សត្រូវដំណាំ: ចូរបាញ់ទឹកត្រាំឱសថបុរាណបណ្ដេញសត្វល្អិតដែលត្រាំពីដើមស្ដៅរៀងរាល់7ថ្ងៃម្ដង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជា ដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្ដិប និងក្នុងករណីដែលឃើញមានការឆ្លងរាលដាលរបស់ដង្កូវស៊ីត្រួយធ្ងន់ធ្ងរនោះ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ក្នុងអំឡុងម៉ោង08ៈ00-09ៈ00ព្រឹក រៀងរាល់ថ្ងៃរហូតទាល់តែលែងមានការឆ្លងរាលដាល ហើយក្រៅពីនោះចូរឧស្សាហ៍កម្ចាត់ពពួកស្មៅ ដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិពីដី ហើយថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សត្វល្អិតសត្រូវដំណាំទៀតផង។
** ការប្រមូលផល
នៅពេលដើមប្រពាយមានអាយុបាន70-80ថ្ងៃ ក៏អាចប្រមូលផលបានហើយ ដោយគួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនសូវក្ដៅ ចង់បេះនៅពេលព្រឹក ឬពេលល្ងាចក៏បាន ព្រោះស្រទាប់ផ្លែប្រពាយហាក់ដូចជារាងស្ដើង បើបេះក្នុងអំឡុងពេលដែលថ្ងៃក្ដៅខ្លាំង នឹងធ្វើឱ្យស្រទាប់ផ្លែប្រពាយឆាប់ជាំ ហើយកន្ត្រក ឬកញ្ច្រែងដែលទុកដាក់ផ្លែប្រពាយនោះ ក៏គួរទ្រាប់ដោយស្លឹកចេកផង ដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែប្រពាយ៕