នាសម័យបច្ចុប្បន្ន ប្រព័ន្ធនៃការធ្វើដំណើរបានរីកដុះដាលខ្លាំង ដែលធ្វើឱ្យការភ្ជាប់ទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយកាន់តែមានលក្ខណៈជិតស្និទ្ធ ហើយកត្តានេះបានផ្តល់ឱកាសឱ្យយុវជនជាច្រើនបានស្វះស្វែងរកការសិក្សានៅបណ្តាប្រទេសនានាដែលគេពេញចិត្ត។
លោក កុលផេង វឌ្ឍនា អ្នកនិពន្ធ និងជាអតីតនិស្សិតពូកែនៅបរទេសម្នាក់បានលើកឡើងថា អ្នករៀនគួរបើកខួរក្បាលឱ្យទូលាយ ហើយគិតថាខ្លួនឯងរស់នៅក្នុងពិភពលោកដ៏ធំធេងមួយ មិនមែនរស់នៅតែក្នុងប្រទេសកម្ពុជានោះទេ។ យើងអាចមានឱកាសច្រើនដើម្បីហោះទៅឱ្យឆ្ងាយ ហើយសម្លឹងឱ្យបានទូលាយឡើងដើម្បីទទួលយកចំណេះដឹងថ្មីៗពីគ្រប់ទីកន្លែង។
លោក កុល ផេង វឌ្ឍនា បាននិយាយថា៖ «នៅពេលដែលយើងបើកចិត្តឱ្យទូលាយ ទទួលយកចំណេះដឹងពីគ្រប់ទីកន្លែងក្នុងពិភពលោក យើងនឹងមានការគិតដែលទូលំទូលាយ ហើយបទពិសោធដែលយើងទទួលបានពីបណ្តាប្រទេសទាំងអស់នោះ នឹងក្លាយជាមេរៀនល្អៗសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។
អ្នកនិពន្ធម្នាក់នេះបានបញ្ជាក់ទៀតថា យុវជនកម្ពុជានាពេលនេះមិនមែនរស់នៅតែម្នាក់ឯងនោះទេ ហើយក៏មិនគួរគិតបែបចង្អៀតពេកដែរ។ ឱ្យតែមានការតស៊ូ និងការតាំងចិត្តច្បាស់លាស់ នោះអ្នកទាំងអស់គ្នាពិតជាអាចមានឱកាសទៅសិក្សានៅបរទេស និងអាចក្លាយជាសិស្សពូកែនៅបរទេសបានទាំងអស់ ។
ស្រដៀងគ្នានេះដែរ កញ្ញា ណារ៉ា សុខេមា យុវនារីខ្មែរដែលធ្លាប់ឆ្លងកាត់ការធ្វើដំណើរទៅធ្វើកម្មសិក្សា និងសិក្សាជាង ៤០ ប្រទេសបានលើកឡើងថា តាមពិតទៅយុវជនកម្ពុជាពិតជាអាចប្រកួតប្រជែងផ្នែកចំណេះដឹងជាមួយនឹងបណ្តាប្រទេសដទៃ ហើយអ្វីដែលកាន់តែសំខាន់ក្នុងការរុញច្រានយើងឱ្យក្លាយជានិស្សិតដែលអាចសិក្សានៅបរទេសបាននោះ គឺកម្លាំងចិត្ត។ កញ្ញាបានបន្តថា ការជំរុញទឹកចិត្តខ្លួនឯងជារឿងសំខាន់មួយដែលយុវជនត្រូវធ្វើ ព្រោះថានៅពេលដែលយើងមានការតាំងចិត្តច្បាស់លាស់ ហើយហ៊ានសម្រេចចិត្តចេញទៅប្រកួតប្រជែង នោះឱកាសនឹងមានកាន់តែច្រើន។
កញ្ញា ណារ៉ា សុខេមា បាននិយាយថា៖ «យុវជនកម្ពុជា គួរមានសេចក្តីក្លាហានក្នុងការដាក់ពាក្យទៅសិក្សា ឬធ្វើកម្មសិក្សានៅបរទេស។ មានកម្មវិធីខ្លះគឺងាយស្រួលជាប់បំផុត គ្រាន់តែមិនមានមនុស្សហ៊ានដាក់ពាក្យតែប៉ុណ្ណោះ ហេតុនេះអ្នកណាចាប់ឱកាសបាន គឺអ្នកនោះនឹងជោគជ័យ»។
យុវនារីម្នាក់នេះបានលើកឡើងផងដែរថា នៅពេលដែលយើងមានការគិតគូរច្បាស់លាស់ និងបង្កើតចំណង់ដែលយើងចង់ទៅសិក្សានៅបរទេសឱ្យក្លាយជាបំណងយ៉ាងមុតមាំនោះ យើងនឹងមានចិត្តតស៊ូដើម្បីធ្វើឱ្យសុបិនក្លាយជាការពិត៕