Lotus Temple គឺជាប្រាសាទដ៏អច្ឆរិយៈ និងជាសំណង់តំណាងឱ្យស្ថាបត្យកម្មដ៏កំពូល និងមហិមាមួយនាដើមសតវត្សរ៍ទី21 ដែលបានទាក់ទាញអ្នកទេសចរមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកទៅទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ សម្រាប់ការចេញផ្សាយប្រចាំខែមីនា ឆ្នាំ2018 លេខ118នេះ ទស្សនាវដ្ដី ឡារ៉ែន សូមនាំយកព័ត៌មានខ្លះដែលបង្ហាញពីទិដ្ឋភាព ក៏ដូចជាលក្ខណៈពិសេសនៃប្រាសាទដ៏ល្បីមួយនេះដើម្បីបានស្វែងយល់ និងទទួលបានចំណេះដឹងទាំងអស់គ្នា។
ប្រាសាទ Lotus Tower មានទីតាំងស្ថិតនៅទីក្រុងដេលី ប្រទេសឥណ្ឌា និងជាព្រះវិហារសាសនា Bahaí សម្រាប់ឧទ្ទិសដល់ព្រះ ដោយបានកសាងឡើងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ1986 ដោយចំណាយទឹកប្រាក់ក្នុងការសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ10លានដុល្លារ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ អាគារ Lotus Tower ដែលមានរាងដូចផ្កាឈូកនេះបានក្លាយជាកន្លែងដ៏ទាក់ទាញ និងលេចធ្លោបំផុតនៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសឥណ្ឌា។ Lotus Tower ត្រូវបានគេបើកយ៉ាងទូលំទូលាយឱ្យមនុស្សគ្រប់គ្នាបានចូលទស្សនា ដោយមិនគិតពីនិន្នាការសាសនា ឬលក្ខណៈសម្បត្តិផ្សេងឡើយ។ អគារដែលត្រូវបានគេបង្កើតឡើងក្នុងរូបរាងជាផ្កាឈូកមានត្របកចំនួន27ស្រទាប់ និងរៀបចំជាចង្កោមដោយមានស្រះទឹកយ៉ាងថ្លាឆ្វេង ផ្តល់នូវភាពត្រជាក់ អមទៅដោយសួនច្បារផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ដាំយ៉ាងមានរបៀបរៀបចំចេញជាទីលានសម្រាប់ដំណើរកម្សាន្តនៅព័ទ្ធជុំវិញប្រាសាទផងដែរ។ អគារនេះមានទ្វារចំនួន9 បើកនៅចំសាលកណ្ដាលនៃអគារដែលមានកម្ពស់ជាង40ម៉ែត្រ មានវិសាលភាពអាចផ្ទុកមនុស្សបានប្រមាណជាង2,500នាក់។
Lotus Tower បានឈ្នះពានរង្វាន់ស្ថាបត្យ-កម្មជាច្រើនប្រភេទ ព្រមទាំងមានការចុះផ្សាយជាអត្ថបទព័ត៌មាននៅតាមបណ្តាស្ថាប័ននានា និងសាយភាយកេរ្តិ៍ឈ្មោះស្ទើរពាសពេញពិភពលោក ដែលសូម្បីតែស្ថាប័នសារព័ត៌មានដ៏ល្បីជាសាកល ទូរទស្សន៍ CNN ក៏បានធ្វើការចុះផ្សាយក្នុងអំឡុងឆ្នាំ2001 ដោយបញ្ជាក់ថា ប្រាសាទដ៏ល្បីល្បាញលំដាប់ពិភពលោកនេះមានការគាំទ្រ និងមានអ្នកចូលទស្សនាច្រើនជាងគេនៅលើពិភលោក។
គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីបានសម្ពោធដាក់ឱ្យសាធារណជនចម្រុះជាតិសាសន៍បានចូលទស្សនា ក្រោយការសាងសង់ប្រមាណជាង4ឆ្នាំនោះរួចមក រហូតមកដល់ត្រឹមឆ្នាំ2014 សំណង់ប្រាសាទ Lotus Tower ត្រូវបានគេរាយការណ៍ថា បានទាក់ទាញភ្ញៀវទេសចរនានាទៅទស្សនាបានប្រមាណជាង100លាននាក់ ដែលចំនួននេះបានធ្វើឱ្យវាក្លាយជាអគារមួយក្នុងចំណោមអគារដ៏ល្បីល្បាញដទៃទៀត ដែលអាចទាក់ទាញអ្នកទស្សនាបានច្រើនបំផុតនៅក្នុងពិភពលោក៕