ផ្តើមចេញពីកុមារភាពជាក្មេងជនបទ លោក ម៉ៅ វិបុល ជាម្ចាស់ហាងកាហ្វេដ៏ល្បីមួយដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិត មានរចនាប័ទ្មនៃការតុបតែងបែបខ្មែរព្រោះលោកជាកូនកសិករមានបេះដូងស្រឡាញ់អ្វីដែលជារបស់ខ្មែរយើង។
គេសង្កេតឃើញថា នៅតាមសាខានៃហាងកាហ្វេនីមួយៗរបស់លោកសុទ្ធតែបានដាក់តាំងនូវរទេះនង្គ័លដែលវាមានអត្ថន័យដ៏ធំធេងសម្រាប់រូបលោក ព្រោះវាជាអនុស្សាវរីយ៍ដែលលោកធ្លាប់ប្រើកាលពីអាយុ 7ឆ្នាំ។
តើនៅពីក្រោយភាពជោគជ័យរបស់ហាងកាហ្វេ Brewhouse ដែលមនុស្សគ្រប់គ្នាធ្លាប់បានស្គាល់ និងសរសើរមិនដាច់ពីមាត់ពីស្នាដៃនៃរសជាតិអាហារនោះមានបង្កប់នូវការតស៊ូ និងឧបសគ្គអ្វីខ្លះ?
កុមារភាព និងការអប់រំលោក ម៉ៅ វិបុល បានកើតក្នុងឆ្នាំ1984 នៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងគ្រួសារដែលមានឪពុកម្តាយជាអ្នកធ្វើស្រែចម្ការ ហើយការប្រមូលផលរាល់ឆ្នាំ គឺគ្រប់សម្រាប់តែការទទួលទានតែប៉ុណ្ណោះ មិនមានសល់អ្វីច្រើននោះទេ។
ក្នុងវ័យប្រហែល 7ឆ្នាំ ដែលកាលនោះកុមារាវិបុល ក្រៅតែពីទៅរៀនហើយ នៅមានការងារប្រចាំថ្ងៃមួយទៀត គឺឃ្វាលគោ។ ថ្ងៃមួយគាត់បានឃើញបងប្រុសជីដូនមួយរបស់គាត់មកពីទីក្រុងភ្នំពេញមានម៉ូតូធំ(អាត្រៃ)ជិៈយ៉ាងសង្ហា គាត់ចាប់ផ្តើមមានអារម្មណ៍ប្លែក ហើយក៏សួរទៅបងប្រុសរបស់គាត់ថា បងធ្វើការនៅភ្នំពេញបានប្រាក់ខែប៉ុន្មាន? បងគាត់ឆ្លើយថា ប្រាក់ខែ150ដុល្លារ។ គាត់ក៏ចាប់ផ្តើមអង្គុយគិតថា បងប្រុសរបស់ខ្ញុំតែម្នាក់ឯងរកបានមួយខែ 150ដុល្លារ បើប្រៀបធៀបមកគ្រួសាររបស់ខ្ញុំដែលមានសមាជិក 7-8 នាក់វិញ ធ្វើស្រែពេញ1ឆ្នាំ ហើយបើសិនកុំយកស្រូវដែលធ្វើបាននោះមកហូប តែទុកសម្រាប់លក់វិញ បានចំណូលប្រហែលតែ 300ដុល្លារប៉ុណ្ណោះ។
គិតទៅបានចំណូលត្រឹមស្មើបងប្រុសខ្ញុំធ្វើការតែ 2ខែប៉ុណ្ណោះ ខ្ញុំក៏ចាប់ផ្តើមមានផ្នត់គំនិតថ្មី និងតាំងចិត្តថាខ្ញុំអត់នៅស្រុកស្រែទេ។ កូនចិត្តនេះបានធ្វើឱ្យគាត់ចងចាំក្នុងខួរក្បាល ខណៈខ្លួនឯងមិនទាន់ទាំងដឹងផងថា តើអាចធ្វើអ្វីបាន និងតាមវិធីណានៅឡើយ។ គាត់បានចាប់ផ្តើមខិតខំរៀនសូត្រ ព្រោះគាត់មានក្តីស្រមៃចង់មកធ្វើការនៅភ្នំពេញ។ ដល់វ័យចូលអនុវិទ្យាល័យ យុវជនម៉ៅ វិបុល បានចាប់ផ្តើមចូលរៀននៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ដែលមានចម្ងាយប្រហែលជាង 5គីឡូម៉ែត្រពីផ្ទះ ដោយជិះកង់ទៅមកជារៀងរាល់ថ្ងៃ។
ពីមួយថ្ងៃទៅមួយថ្ងៃ ការខិតខំប្រឹងប្រែងចេះតែទទួលបានលទ្ធផលល្អប្រសើរច្រើន ហើយមុខវិជ្ជាដែលគាត់រៀនពូកែនៅពេលនោះ គឺមុខវិជ្ជាវិទ្យាសាស្ត្រពិត (គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាជាដើម) តែគាត់មិនសូវពូកែខ្លាំងលើមុខវិជ្ជាវិទ្យាសាស្ត្រសង្គមនោះទេ។ ពេលវេលាសម្រាប់ការសិក្សានៅថ្នាក់មធ្យមសិក្សាហាក់មិនយូរប៉ុន្មានឡើយ។ ភ្លេចៗខ្លួនលោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។
កាលនោះ អ៊ំប្រុសរបស់គាត់ជានាយកសាលា នៅពេលដែលឃើញគាត់រៀនពូកែខាងវិទ្យាសាស្ត្រពិត អ៊ំប្រុសរបស់គាត់បានផ្តល់យោបល់ថា ឱ្យគាត់ចូលធ្វើជាគ្រូបង្រៀន បើគាត់ក្លាយជាគ្រូបង្រៀនគាត់នឹងអាចបង្រៀនកួរបាន ហើយជីវភាពក៏នឹងធូរធារតាមហ្នឹងដែរ តែខុសពីអ្វីដែលអ៊ំប្រុសគាត់រំពឹង យុវជនវិបុល បានមើលឃើញពីគោលដៅរបស់ខ្លួនសំខាន់ជាងអ្វីៗទាំងអស់។ ទឹកចិត្តដ៏មុតមាំនេះបានជំរុញឱ្យគាត់មានសេចក្តីក្លាហានក្នុងការសុំគ្រួសាររបស់គាត់មកភ្នំពេញ។
ពេលនោះ គាត់សម្លឹងឃើញសាលាតិចណូ(វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)ជាសាលាល្អមួយសម្រាប់គាត់ក្នុងការកសាងអនាគត ព្រោះគាត់ជាអ្នកដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រពិត។
ជាលទ្ធផលគាប់ប្រសើរ លោកបានប្រឡងជាប់ 2សាកលវិទ្យាល័យ គឺសាលាកសិកម្ម និងសាលាពាណិជ្ជសាស្ត្រ ចំណែកឯសាលាតិចណូវិញ គឺលោកជាប់បម្រុងលេខរៀងទី3។ គេនិយាយថា “ក្តីប្រាថ្នាមុតមាំ អាចធ្វើឱ្យទេវតារំភើបចិត្ត” ប្រហែលជាអាចត្រូវសម្រាប់ជីវិតរបស់និស្សិតក្រីក្រដែលពោរពេញដោយក្តីប្រាថ្នាយ៉ាងមុតមាំនៅពេលនោះ។
ទោះបីជាគាត់ជានិស្សិតបម្រុងក្ដី ក៏គាត់នៅតែរង់ចាំឱកាសសម្រាប់ខ្លួនដដែលហើយទីបំផុតសំណាងល្អក៏រត់មករកគាត់មែន គឺនិស្សិតដែលបានប្រឡងជាប់មួយចំនួនសម្រេចចិត្តបោះបង់ ដែលអាចធ្វើឱ្យគាត់បានក្លាយជានិស្សិតពេញសិទ្ធិរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជីវិតសិក្សានៅមហាវិទ្យាល័យ
ក្តីស្រមៃរបស់មនុស្សមិនមែនចេះតែសម្រេចបានងាយៗនោះទេ ហើយសំណាងល្អក៏មិនចេះតែកើតឡើងផ្ទួនៗគ្នាដែរ វាស្រដៀងគ្នាទៅនឹងខ្សែជីវិតរបស់និស្សិត ម៉ៅ វិបុល នៅពេលនោះដែរ។ ក្តីស្រមៃដែលគាត់ស្រឡាញ់ពិតប្រាកដ គឺសិក្សាផ្នែកសំណង់តែដោយសារតែគាត់មិនអាចប្រឡងជាប់ផ្នែកសំណង់ គាត់ក៏សម្រេចចិត្តជ្រើសយកជំនាញផ្នែកគីមីចំណីអាហារវិញ។
ការជ្រើសរើសជំនាញផ្នែកគីមីចំណីអាហារនេះ ក្រោយមកបានក្លាយជាវិថីយ៉ាងត្រចះត្រចង់របស់លោកទៅវិញ ព្រោះក្រោយពេលសិក្សាបានមួយរយៈទើបលោកដឹងថា ជំនាញផ្នែកចំណីអាហារនេះក៏ជាជំនាញមួយដែលលោកស្រឡាញ់ និងអាចអភិវឌ្ឍខ្លួនបានល្អដែរ។ លោកមានបញ្ហាភាសាមិនសូវខ្លាំង ហើយនៅសាលាតិចណូ គេប្រើភាសាអង់គ្លេស និងបារាំងច្រើន បានធ្វើឱ្យលោកខិតខំប្រឹងប្រែងរហូតដល់មានបញ្ហាខួរក្បាលភ្លេចភ្លាំងច្រើន។
ដោយជីវភាពក្រីក្រគាត់មិនមានលទ្ធភាពក្នុងការទិញថ្នាំព្យាបាលនោះទេ ហេតុនេះនៅថ្ងៃមួយគាត់បានអានទស្សនាវដ្តីឃើញថា មើមរមៀតអាចព្យាបាលបញ្ហាភ្លេចភ្លាំងបាន ហេតុនេះគាត់ក៏បានទាក់ទងទៅម្តាយរបស់គាត់ឱ្យទិញរមៀតមកឱ្យគាត់។ គាត់ទទួលទានរមៀតអស់ប្រហែលជាជិត 40គីឡូក្រាម ដែលធ្វើឱ្យដៃ មាត់ និងធ្មេញរបស់គាត់ប្រឡាក់សុទ្ធតែពណ៌របស់រមៀត។
លោក ម៉ៅ វិបុល បានរំឭកថា៖ “កាលណោះ មានអ្នកខ្លះមើលងាយខ្ញុំ តែខ្ញុំមិនខឹងទេ ខ្ញុំបានតាំងចិត្តថា ថ្ងៃនេះគេមើលងាយខ្ញុំសិនចុះ ព្រោះមកពីគេមានឡានជិៈ ហើយខ្ញុំជិះកង់ តែ10ឆ្នាំក្រោយ ខ្ញុំនឹងមានឡានជិៈហើយបើអ្នកឯងមិនមានឡានជិះទេ នោះអ្នកឯងនឹងអន់ជាងខ្ញុំវិញម្តងហើយ។
អំឡុងពេលរៀននៅសាលាតិចណូនោះ លោកក៏ទទួលបានការជួយជ្រោមជ្រែងផងដែរពីបងប្អូន និងសាច់ញាតិមួយចំនួនដែលជួយឧបត្ថម្ភគាំទ្រដោយផ្តល់ផ្ទះឱ្យស្នាក់នៅ និងធនធានខ្លះៗសម្រាប់ឱ្យលោកខ្ចីបង់សាលារហូតដល់លោកបានបញ្ចប់សាកលវិទ្យាល័យ។
ជីវិតការងារ និងការអភិវឌ្ឍអាជីព
ក្រោយភ្លៀង មេឃនឹងស្រឡះ បន្ទាប់ពីបានតស៊ូនឹងភាពលំបាកអស់រយៈពេលប៉ុន្មានឆ្នាំនៅមហាវិទ្យាល័យរួចមក លោកវិបុលបានចាប់ផ្តើមចូលបម្រើការងារជាអ្នកជំនាញមន្ទីរពិសោធន៍ នៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយនៅចន្លោះឆ្នាំ2005ដល់ឆ្នាំ2008។
ក្នុងអំឡុងពេលនោះ លោកទទួលបានប្រាក់ខែជាង 200ដុល្លារនិងប្រាក់ឧបត្ថម្ភផ្សេងៗទៀតដែលសរុបទៅប្រហែលជាជិត 400ដុល្លារដែលសម័យនោះចំនួននេះ គឺច្រើនហើយសម្រាប់អ្នកធ្វើការងារទូទៅ។ លោកគិតថា ការធ្វើការនៅអង្គការវាមិនសូវមានការអភិវឌ្ឍខ្លាំងដូចនៅក្រុមហ៊ុនឯកជននោះទេ ក្រោយមកលោកក៏សម្រេចចិត្តផ្លាស់ប្តូរមកធ្វើការនៅក្រុមហ៊ុនឯកជនវិញម្ដង។
លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនបណ្តាញទូរស័ព្ទ Qb (ប្រព័ន្ធ 013) ផ្នែកទំនាក់ទំនងព័ត៌មានតាមទូរស័ព្ទ (Call Center)។ នៅពេលនោះព្យុះភ្លៀងបានបោកបក់ចូលមកក្នុងជីវិតរបស់លោកសាជាថ្មីម្តងទៀត។
ដោយសារបទពិសោធនៅអង្គការមិនពាក់ព័ន្ធគ្នានឹងការងារដែលលោកធ្វើនៅក្រុមហ៊ុនឯកជននោះ ទើបធ្វើឱ្យពេលចូលធ្វើការដំបូង គេឱ្យប្រាក់ខែតែជាង 100ដុល្លារប៉ុណ្ណោះ។ លោកវិបុលត្រូវរងការលំបាកខ្លាំងលើជីវភាពរស់នៅ ហើយពេលនោះប្អូនរបស់លោកក៏ត្រូវឡើងមកសិក្សានៅមហាវិទ្យាល័យដែរ។
អំឡុងពេលធ្វើការងារនៅពេលនោះ លោកទើបតែចូលធ្វើការបានមួយសប្តាហ៍ក៏ត្រូវនាយកប្រតិបត្តិ (CEO)ក្រុមហ៊ុនហៅទៅព្រមាន ដែលនេះជារឿងមួយធ្វើឱ្យលោកចងចាំមិនភ្លេចអំពីការងារបម្រើសេវាកម្មដល់អតិថិជន។ លោកជាអ្នករៀនពូកែខាងវិទ្យាសាស្ត្រពិតធ្លាប់តែ 2បូក2 ស្មើ4 ដល់ពេលបម្រើសេវាកម្មជូនអតិថិជន ពេលអតិថិជនមានបញ្ហា លោកមិនបានគិតដល់ការពន្យល់ដែលត្រូវបត់បែនតាមអតិថិជននីមួយៗឡើយ។ ពេលនោះភ្ញៀវមិនយល់ហើយបានស្តីឱ្យលោក ហើយលោកក៏បានឈ្លោះជាមួយភ្ញៀវវិញតែម្តង។
ទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី លោកវិបុលនៅតែមានឱកាសបន្តការងារ ហើយព្យាយាមរៀនសូត្រពីបទពិសោធរហូតដល់បានឡើងតំណែងក្លាយជាមេក្រុមផ្នែកលក់នៅក្នុងរយៈពេលតែប៉ុន្មានខែតែប៉ុណ្ណោះ។ ចាប់ពីពេលនោះមក លោកបានយល់ដឹងច្រើនពីការងារគ្រប់គ្រង។ ក្រោយមកទៀត ដោយមើលឃើញពីឱកាសក្នុងការអភិវឌ្ឍខ្លួនឯង នៅឆ្នាំ2013 លោកវិបុល បានប្តូរទៅធ្វើជានាយកគ្រប់គ្រងទូទៅក្នុងរោងចក្រមួយកន្លែងនៅបែកចាន។
នៅឆ្នាំនោះជាឆ្នាំដែលក្នុងសង្គមរបស់យើងសម្បូរទៅដោយបាតុកម្មរវាងកម្មករ និងថៅកែ តែសំណាងល្អដែរដែលរោងចក្ររបស់លោកគ្រប់គ្រង មិនមានបញ្ហាអ្វីឡើយ តែអ្វីដែលជាបញ្ហាប្រឈមរបស់លោក គឺបញ្ហាគ្រួសារទៅវិញ ព្រោះការងារនៅរោងចក្រឆ្ងាយពីផ្ទះពេក និងត្រូវការចំណាយពេលច្រើនក្នុងការងារកំដរភ្ញៀវមកពីក្រៅប្រទេស។ លោកក៏សម្រេចចិត្តផ្លាស់ប្តូរការងារមកធ្វើការនៅក្រុមហ៊ុន Smart ក្នុងតំណែងជា Head Of Modern Trade and Event Sale ដែលជាតំណែងសំខាន់មួយក្នុងក្រុមហ៊ុន។
នេះជាដំណាក់កាលមួយដែរដែលលោកត្រូវរៀនសូត្រពីបទពិសោធថ្មីៗជាមួយនឹងចៅហ្វាយដែលជាជនជាតិបរទេសដែលមានការដឹកនាំបែបម៉ឺងម៉ាត់ប្លែកថ្មីមួយផ្សេងទៀត ព្រោះកាលពីនៅរោងចក្រលោកបានធ្វើការងារជាមួយចៅហ្វាយដែលស្និទ្ធស្នាលដូចជាបងប្អូន។ ធ្វើការបានយូរបន្តិច ការងាររបស់លោកតម្រូវឱ្យដើរច្រើនដូចជាការងារមុនដដែល ហេតុនេះលោកនៅតែមានបញ្ហាគ្រួសារ ដែលធ្វើឱ្យលោកសម្រេចចិត្តបោះបង់ចោលការងារប្រាក់ខែរាប់ពាន់មកធ្វើអាជីវកម្មផ្ទាល់ខ្លួនវិញ។
ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
លោកបានសិក្សាពីអាជីវកម្មហាងកាហ្វេ និងភោជនីយដ្ឋាន ដោយសារតែភរិយារបស់លោកជាអ្នកស្គាល់គ្នាជាមួយនឹងលោកឧកញ៉ា គួច ម៉េងលី ហើយក៏បានចរចាទិញហាងកាហ្វេនេះក្នុងនាមជាអ្នកទិញសិទ្ធិអាជីវកម្ម (Franchise) ពេលនោះលោកឧកញ៉ា គួច ម៉េងលី ក៏ចង់លក់ហាងកាហ្វេនេះដែរ ព្រោះគាត់រវល់ច្រើនជាមួយសាលារៀន និងមន្ទីរពេទ្យ។
លោកវិបុលក៏សម្រេចចិត្តមកអង្គុយសង្កេតមើលក្នុងហាងកាហ្វេនេះរយៈពេល10ថ្ងៃ តាំងពីព្រឹកដល់ល្ងាច បន្ទាប់មកគាត់ក៏សម្រេចចិត្តទិញហាងកាហ្វេនេះ ដោយលក់ផ្ទះដែលម្តាយក្មេកចែកឱ្យ រួមទាំងលុយកាក់មួយចំនួនបានប្រមាណជិត 40ម៉ឺនដុល្លារជាដើមទុនដើម្បីធ្វើអាជីវកម្មហាងកាហ្វេមួយនេះ។
ស្ថានភាពជាក់ស្តែងមិនដូចអ្វីដែលលោកបានគិតនោះទេក្រោយពេលដែលលោកចាប់ផ្តើមដំណើរការហាងកាហ្វេនេះ ដោយសារខែដំបូងៗត្រូវខាតអស់មួយខែជិត 2ម៉ឺនដុល្លារ ព្រោះគ្រាន់តែថ្លៃភ្លើងខែដំបូងអស់ជាង 4,000ដុល្លារ។ ពេលនោះលោកស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ពីរនាក់ប្តីប្រពន្ធខ្វាយខ្វល់គេងមិនលក់តែងជជែកពិភាក្សាគ្នារកដំណោះស្រាយរាល់យប់ ពេលខ្លះ1យប់គេងបានតែត្រឹមតែ2-3ម៉ោងប៉ុណ្ណោះ ព្រោះត្រូវគិតគូររកវិធីស្តារអាជីវកម្មនេះឡើងវិញ។
ដោយសារលោកបានគិតគ្នាថា ត្រូវតែលូកឱ្យជ្រៅក្នុងអាជីវកម្មមួយនេះ ទើបធ្វើឱ្យលោកសម្រេចផ្អាកអាជីវកម្មនេះ1ខែដើម្បីជួសជុលហាង ដោយធ្វើការសាងសង់ជាន់ទីមួយបន្ថែមទៀត ហើយរើផ្ទះពីស្ទឹងមានជ័យមកស្នាក់នៅក្នុងហាងតែម្តង ងាយស្រួលមើលការខុសត្រូវ និងចាត់ចែងផ្ទាល់ដើម្បីងាយស្វែងយល់ពីការខាតចំណេញឱ្យបានច្បាស់លាស់។ លោកបានចាប់ផ្តើមប្រឡូកការងារដោយផ្ទាល់ជាមួយបុគ្គលិកទាំងការបម្រើអតិថិជន ទាំងការងារចុងភៅ ក៏ដូចជាការគ្រប់គ្រងជាដើម។
លោកសង្កេតឃើញថា ភ្ញៀវបរទេសភាគច្រើនចំណាយតិចតួចជាមធ្យមត្រឹម 3ដុល្លាក្នុងមួយនាក់ខណៈភ្ញៀវខ្មែរ1នាក់ចំណាយអស់ 6-7ដុល្លារលោកក៏សម្រេចចិត្តផ្លាស់ប្តូរមុខម្ហូប និងធ្វើការរចនាតុបតែងក្នុងហាងជាលក្ខណៈខ្មែរដោយបានយករទេះនង្គ័លពីស្រុកកំណើតដែលលោកធ្លាប់ប្រើពេលលោកអាយុ 7ឆ្នាំមកជួលជុលដាក់តាំងក្នុងហាងព្រោះវាជាអនុស្សាវរីយ៍ និងមានអត្ថន័យដ៏ធំធេងសម្រាប់រូបលោក។
លោកបានលើកឡើងពីការខាតធ្ងន់ធ្ងរក្នុងខែទី1 ដែលបណ្តាលមកពីរឿងធំ3 គឺទី1 ដោយសារហាងនេះលោកទិញពីគេ លោកមិនបានដឹងពីការតប្រព័ន្ធទឹក-ភ្លើងផ្សេងៗឡើយ ចំណែកបុគ្គលិកវិញបើកភ្លើងធ្វើយ៉ាងណាឱ្យភ្លឺពេញហាង និងម៉ាស៊ីនត្រជាក់គ្រប់កន្លែងដោយគ្មានការសន្សំសំចៃ។ ទី2វាជាខែដំបូងការគ្រប់គ្រងមិនបានដិតដល់ បុគ្គលិកកុម្ម៉ង់ទិញសម្ភារ និងគ្រឿងគ្រៅសម្រាប់ធ្វើម្ហូបផ្សេងៗ យើងទិញឱ្យគាត់រហូតដោយមិនបានដឹងថា តើពួកគេប្រើអស់ ឬមិនអស់ ឬខ្ជះខ្ជាយគ្រប់មុខយ៉ាងណានោះឡើយ។ ទី3បញ្ហាធនធានមនុស្សគ្រប់ផ្នែកមិនមានលក្ខណៈស្តង់ដារ ការបម្រើសេវាកម្មមិនបានដិតដល់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវជាដើម។
លោកបានចាប់ផ្តើមចូលមកកាន់ការងារដោយពិនិត្យមើលគ្រប់ផ្នែក រើចោលប្រព័ន្ធភ្លើងចាស់ៗរៀបចំតថ្មីឡើងវិញ ពិនិត្យមើលធនធានមនុស្សដោយលោកជាអ្នកបង្ហាត់ និងបណ្តុះបណ្តាលផ្ទាល់ទៅតាមផ្នែកនីមួយៗ ប្រាប់ពីវប្បធម៌នៃការធ្វើការងារ ទស្សនវិស័យរបស់ហាងជាដើម។ល។ ចំណែកបុគ្គលិកជាន់ខ្ពស់លោកពិនិត្យមើលភាគច្រើនទៅលើអត្តចរិត ភាពស្មោះត្រង់ និងការតាំងចិត្តធ្វើការងារ ដោយលោកចាប់ផ្តើមបញ្ជ្រាបអំពីទិសដៅវែងឆ្ងាយរបស់ពួកគាត់ទៅជាមួយហាង។
ចូលដល់ខែទី5 លោកចាប់ផ្តើមដឹងពីវិធីសាស្ត្រក្នុងការបង្វិលលុយ។ លោកថា ក្នុងហាងកាហ្វេលុយចូលរាល់ថ្ងៃ ប្រសិនបើមិនចេះរៀបចំទុកដាក់ទេ ចុងខែដឹងតែរកលុយបើប្រាក់ខែឱ្យបុគ្គលិកមិនបានឡើយ។ អ៊ីចឹងយើងត្រូវដឹងថា លុយកញ្ចប់ណាត្រូវទុក លុយកញ្ចប់ណាត្រូវបង់ឱ្យខាងណាមុនដែលជាការចំណាយចំបាច់។ នៅខែទី7 ទើបហាងរបស់លោកឈប់ខាត។
ពាក់ព័ន្ធនឹងអារម្មណ៍របស់លោកនៅពេលជួបបញ្ហាលើកដំបូង លោកនិយាយថា លោកជឿលើកត្តាផ្លូវចិត្តព្រោះលោកពិតជាមានការតក់ស្លុតណាស់ចំពោះស្ថានភាពខាតធ្ងន់ធ្ងរ ដែលលោកបាននិយាយថា ប្រសិនបើអ្នកខ្លះអាចនឹងបោះបង់ចោលបាត់ទៅហើយផងក៏មិនដឹង តែដោយសារកម្លាំងចិត្តមួយដែលជំរុញឱ្យលោកត្រូវតែក្រោកឈរជម្នះគ្រប់ឧបសគ្គទាំងឡាយដោយមិនរាថយ ព្រោះពេលលោកសម្រេចចិត្តបើកអាជីវកម្មមួយនេះ លោកបានបោះបង់ចោលការងារដែលមានប្រាក់ខែរាប់ពាន់ដុល្លារ មិនតែប៉ុណ្ណោះសូម្បីតែសាច់ញាតិ រួមទាំងមិត្តភ័ក្តិជិតស្និទ្ធមួយចំនួនគ្មានអ្នកណាគាំទ្រលោកទេ មានតែភរិយា ម្តាយក្មេក និងម្តាយមីងរបស់លោកប៉ុណ្ណោះដែលបានគាំទ្រ និងជួយជ្រោមជ្រែងពេលលោកជួបស្ថានភាពលំបាកនេះ។
លោកថា មនុស្សគ្រប់គ្នាដែលមិនគាំទ្រលោក គេនឹងចំអកឱ្យលោកប្រសិនបើអាជីវកម្មមួយនេះបរាជ័យ ដូច្នេះហើយទើបធ្វើឱ្យលោកដាក់ជីវិតជាមួយវាដោយសន្យានឹងខ្លួនឯងថា វាមិនអាចដួលបានទេនិងបើទើបទោះជាលោកគេងបានត្រឹមតែ 2-3ម៉ោងក្នុងមួយយប់ក៏ដោយ ក៏លោកត្រូវតែក្រោកឡើងបន្តការងារដោយមិនខ្លាចនឿយហត់ឡើយ ទោះបីជាឈឺក៏នៅតែមានកម្លាំងធ្វើដែរ នោះគឺកម្លាំងចិត្តហ្នឹងឯង ហើយខំរិះគិត ដើរក៏គិត អង្គុយក៏គិត រិះរកគ្រប់វិធីដើម្បីអភិវឌ្ឍវាឱ្យដំណើរការទៅមុខបាន។
ទីបំផុតរយៈពេលជាងកន្លះឆ្នាំក្រោយទើបលោកបានឈរជើងជាប់ និងបន្តអភិវឌ្ឍរហូតដល់ទទួលបានប្រាក់ចំណេញ ក្លាយជាហាងកាហ្វេមួយដែលមានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យ និងប្រជាជនខ្មែរ។
ជាចុងក្រោយលោកសូមផ្តាំផ្ញើទៅដល់យុវជនទាំងឡាយដែលចូលចិត្តចូលរួមស្តាប់ក្នុងសិក្ខាសាលាផ្សេងៗមេត្តាយល់ឱ្យបានច្បាស់ពីគំនិតរបស់វាគ្មិនដែលបានធ្វើការចែករំលែក។ សូមកុំគិតថា ការចែករំលែកមួយចំនួនតាមបទពិសោធរបស់គេ យើងមើលឃើញគេជោគជ័យ យើងចង់ធ្វើតាម មិនប្រាកដថាជោគជ័យដូចគេនោះទេ ឧទាហរណ៍មហាសេដ្ឋីលើពិភពលោកគេរៀនអត់ចប់អត់មានសញ្ញាបត្រ យើងបែរជាចង់ឈប់រៀនតាមគេដើម្បីក្លាយជាមហាសេដ្ឋីដូចគេដែរនោះ គឺមិនអាចទៅរួចឡើយ គេរៀនអត់ចប់ អត់បានសញ្ញាបត្រមែន តែគេអានសៀវភៅចប់រាប់សិបក្បាលគេមានចំណុចល្អៗជាច្រើនផ្សេងទៀតដែលយើងអត់មាន ដូច្នេះយើងត្រូវស្តាប់ ដោយការត្រិះរិះ វិភាគនិងពិចារណា និងខិតខំប្រឹងសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់។
ជាចុងក្រោយសូមយុវជន ក៏ដូចជាប្រជាជនទាំងអស់មេត្តាជួយគាំទ្រដល់ម៉ាកសញ្ញាក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់អាជីវកររបស់យើងឱ្យមានកម្លាំងចិត្តក្នុងការចូលរួមប្រកួតប្រជែងជាមួយអាជីវកម្មបរទេស៕