Skip to content

ភិន សុ​ដា​លី​ស រក​អ្នក​ស្អំ​បេះដូង​បាន​ហើយ

បើ​គិត​មកដល់ពេលនេះ ដំណើររឿង​រ៉ាវ​នៃ​ការបែកបាក់​របស់​កូនស្រី​ថៅកែ​ផលិតកម្ម​មហាហង្ស ភិន សុ​ដា​លី​ស ជាមួយនឹង​លោក ប៉ែន ចំ​រ៉ុង បាន​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​របស់​ទស្សនិកជន​ប្រមាណ​ជិត2ឆ្នាំ​កន្លង​ទៅហើយ ដោយ​ជា​លទ្ធផល​បាន​បន្សល់ទុក​នូវ​កូនស្រី​ដ៏​ស្រស់ស្អាត និង​គួរឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ខេ​ត ធើ​រី​ណា ដែលមាន​អាយុ​ត្រឹម1ឆ្នាំ8ខែ។ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​សាជាថ្មី​នោះ គឺ​នៅពេលដែល​លេច​ធ្លាយ​ដំណឹង​មក​ថា ពេលនេះ ស្រី​ស្រស់​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​មេម៉ាយ​ទាំង​វ័យក្មេង ភិន សុ​ដា​លី​ស បាន​រកឃើញ​អ្នក​ស្អំ​បេះដូង​ជំនួស ប៉ែន ចំ​រ៉ុង បាន​ហើយ ខណៈដែល​បុរស​ម្នាក់​នោះ​ក៏​ជា​តារា​សម្ដែង និង​ស្ថិតនៅក្នុង​ចង្កោម​ផលិតកម្ម​មហាហង្ស​ផងដែរ។

ផ្អែក​តាម​ប្រភពព័ត៌មាន​ដែល​ទម្លាយ​ចេញពី​ផលិតកម្ម​មហាហង្ស​បាន​បង្ហើប​ថា បច្ចុប្បន្ននេះអ្នក​មេម៉ាយ​ចាយរាង ភិន សុ​ដា​លី​ស បាន​ស្វែងរកឃើញ​អ្នក​ព្យាបាល​ដំបៅ​បេះដូង ដែល​បន្សល់ទុក​ពី ប៉ែន ចំ​រ៉ុង បាន​ហើយ ដោយ​បុរស​ម្នាក់​នោះក្រៅពី​មាន​រូបរាង​ខ្ពស់​ស្អាត​សង្ហា ថែមទាំង​ជាម​នុស្ស​ដែល​ចេះ​ថ្នាក់ថ្នម និង​យកចិត្តទុកដាក់​ជាមួយ​នាង​យ៉ាងខ្លាំង​ថែម​ទៀតផង។ ប្រភព​ដដែល​បាន​បន្តទៀតថា កាល​ដំបូង​ឡើយ សម្រាប់​ទំនាក់ទំនងរ​បស់ ភិន សុ​ដា​លី​ស ជាមួយ​តារា​សម្ដែង​ប្រុស​ម្នាក់​នោះ​ហាក់​មិន​ត្រូវបាន​គេ​កត់សម្គាល់​នោះឡើយ ដោយ​នាង​គ្រាន់តែ​បង្ហាញ​ពី​សកម្មភាព​រាប់អាន និង​និយាយ​លេងសើច​បែប​ធម្មតា​ក្នុងនាម​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​បំផុត​នោះ គឺ​ទើបតែ​ក្នុងអំឡុងពេល​ប្រមាណ​ជាង2ខែ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ខណៈដែល​នាង​បានបង្ហាញ​ពី​ភាពស្និទ្ធស្នាល​ខុសពីពេលមុនៗ ជាពិសេស ភិន សុ​ដា​លី​ស ចាប់ផ្តើម​តុបតែង​ខ្លួន​ដូច​គ្រា​ដែល​នាង​នៅ​ក្រមុំ​យ៉ាង​ដូច្នោះ​ដែរ។ បន្ថែម​ពីនេះ ជានិច្ចកាល នាង​តែង​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​លើ​បុរស​ម្នាក់​នោះ​ជាខ្លាំង ដែល​សូម្បីតែ​ពេល​សម្រាក​ពី​ការសម្ដែងម្ដងៗ ភិន សុ​ដា​លី​ស គឺជា​អ្នកយក​ទឹក​ឱ្យ​តារា​សម្ដែង​ដែល​ប្រៀបដូចជា​ទេព​បុត្រ​របស់​នាង។

យ៉ាងណាមិញ នៅពេល​ជួប​ផ្ទាល់​ជាមួយ​អ្នកព័ត៌មាន​ប្រចាំ​នៅ​ទស្សនាវដ្ដី ឡា​រ៉ែ​ន កាលពីពេល​កន្លងទៅ នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​រឿង​ភាគ​សម្រាប់​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ PNN រឿង “បំណុល​ស្នេហ៍” ភិន សុ​ដា​លី​ស មិនបាន​សារភាព​តប​ទៅនឹង​ដំណឹង​ដ៏​រសើប​ខាងលើ​នេះឡើយ ដោយ​នាង​លើកយក​ហេតុផល​មក​បញ្ជាក់​យ៉ាងដូច្នេះ​ថា “មិនដឹង​ដំណឹង​នេះ​ធ្លាយ​ចេញមក​ណា​នោះទេ ប៉ុន្តែ​សំខាន់​គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​អត់​បានដឹង​សោះ។ ខ្ញុំ​គ្មាន​អ្នក​ស្អំ​បេះដូង​បេះ​ដាំង​មកពីណា​នោះទេ ហើយក៏​មិន​ធ្លាប់​គិតពី​រឿងនេះ​ដែរ។ ដោយឡែក​រឿង​ខ្ញុំ​តុបតែង​ខ្លួន វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី ហើយក៏​ដើម្បី​ការងារ​សិល្បៈ​ដែរ បើ​ខ្ញុំ​មិន​តែងខ្លួន​ឱ្យ​ស្អាត តើ​សម្ដែង​ម៉េចកើត។ ជា​តារា​សម្ដែង រឿង​តុបតែង​ខ្លួន​គឺជា​រឿង​ធម្មតា​ទៅហើយ ហើយក៏​មិនមែន​តែ​ខ្ញុំ​ដែរ ដែល​ចូលចិត្ត​តុបតែង​ខ្លួន​នោះ វា​គ្មាន​អ្វីដែល​ចម្លែក​នោះទេ”។

យ៉ាងណាក៏ដោយ បើទោះជា ភិន សុ​ដា​លី​ស បាន​ឆ្លើយ​បដិសេធ​ទៅនឹង​ការ​លេច​ធ្លាយ​ព័ត៌មាន​ខាងលើនេះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​អ្នកតាមដាន​សកម្មភាព​តារា នៅតែ​ធ្វើការ​កត់សម្គាល់​ដដែល រួមជាមួយ​ការព្យាយាម​រក​ភស្តុតាង​មក​បញ្ជាក់ ដើម្បីឱ្យ​ទស្សនិកជន​បាន​ជ្រាប​ច្បាស់​ពី​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​នាង៕

Leave a Reply

Your email address will not be published. Required fields are marked *