អីយ៉ា មិនធម្មតាទេ! ទើបតែប្រកាសថា ខ្លួនទទួលយកការសម្ដែងជាតួរងមិនទាន់បានប៉ុន្មានផង ស្រាប់តែមានភាពយន្ដខ្នាតធំថ្មីមួយទៀតដែលកញ្ញា ភិន សុដាលីស សម្ដែងជាតួឯកជាមួយលោក ជា សុវណ្ណរាន៍ គឺរឿង «ផ្លូវមរណៈ» ត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្ដស្រេចទៅហើយ នៅថ្ងៃនេះ។
បន្ទាប់ពីបានដាក់សម្ពោធកាលពីពេលថ្មីៗកន្លងទៅនេះ និងមានការលើកសរសើរពីអ្នកទស្សនាថា គេពុំដែលបានឃើញកូនស្រីសំណព្វចិត្តរបស់លោក អ៊ិន សុភិន ធ្លាប់បានសម្ដែងជាមួយលោកជា សុវណ្ណរាន៍ ទេ ប៉ុន្ដែក្នុងរឿង “ផ្លូវមរណៈ” នេះ នាងបានសម្ដែងជាតួអង្គកូនកាត់ជនជាតិភាគតិចយ៉ាងល្អឥតខ្ចោះ ហាក់ដូចជាកូនក្រមុំជនជាតិពិតៗតែម្ដង ព្រោះថា ការបញ្ចេញសម្លេងបែបរដឺនៗរបស់នាងដែលនិយាយចេញមក ពិតជាគួរឱ្យចង់ស្ដាប់មែនទែន ពោលគឺ គួរឱ្យទាក់ចិត្ត និងផ្ទុះសំណើចខ្លាំងណាស់។
ទោះយ៉ាងណា កញ្ញា ភិន សុដាលីស បានប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន នៅថ្ងៃសម្ពោធរឿងថា នាងសម្ដែងមិនទាន់បានល្អនៅឡើយទេ ព្រោះរឿងនេះមានការលំបាកខ្លាំងត្រង់ប្រើសំឡេងផ្ទាល់និយាយជាភាសាជនជាតិ។ នាងថា “រឿង ផ្លូវមរណៈនេះ ខ្ញុំខំប្រឹងពត់សំឡេងខ្លួនឯងខ្លាំងណាស់ ធ្វើយ៉ាងណាឱ្យដូចជាជនជាតិមែនទែននិយាយអ៊ីចឹង។ វាពិតជាពិបាកមែន បើយើងនិយាយលេងមួយម៉ាត់ពីរម៉ាត់ វាមិនអីទេ តែនេះនិយាយជាប៉ារ៉ូលវែងនៅក្នុងភាពយន្ដ ត្រូវតែប្រយ័ត្នគ្រប់ពេល។ មិនតែប៉ុណ្ណោះសូម្បីតែការសម្ដែង ក៏ខ្ញុំខំប្រឹងហ្វឹកហាត់ច្រើនជាងមុនដែរ ព្រោះមានការងារសម្ដែងជាច្រើនរង់ចាំយើងនៅខាងមុខទៀត”។
ទោះយ៉ាងណា តារាសម្ដែងមេម៉ាយកូនមួយរូបនេះត្រូវបានគេមើលឃើញថា មហិច្ឆតាក្នុងសិល្បៈរបស់នាងក៏មិនមែនធម្មតាដែរ ព្រោះក្រៅពីប្រឹងប្រែងហ្វឹកហាត់ការសម្ដែងឱ្យមហាជនគ្រប់គ្នាលាន់មាត់ថា មិនមែនធ្វើលំៗហើយនោះ រូបសម្រស់ ក៏នាងខំប្រឹងប្រែងថែទាំឱ្យបានស្រស់ស្អាតជានិច្ចទៀតដែរ ព្រោះអី នាងមិនមែនត្រឹមតែទៅចូលគ្លីនិកដើម្បីសម្រកខ្លាញ់ដើមដៃ និងក្បាលពោះប៉ុណ្ណោះទេ តែនាងថែមទាំងខំប្រឹងហាត់ប្រាណ និងតមអាហារដើម្បីឱ្យមានរូបរាងស្វែលស្អាតទៀតផង។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងរូបនេះបានលើកឡើងថា អ្វីដែលនាងបារម្ភនោះគឺ ទេពកោសល្យ និងរូបសម្រស់ ព្រោះចំណុចទាំងពីរជាកត្តាសំខាន់ណាស់សម្រាប់តារាសម្ដែងគ្រប់រូប។ ម្ល៉ោះហើយបានជាសព្វថ្ងៃនេះ នាងខំប្រឹងហាត់ប្រាណ និងតមអាហារមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសដូចមុនឡើយ៕