ក្រុម Juventus បានឈ្នះពាន Coppa Italia សម្រាប់ឆ្នាំទី4 ជាប់ៗគ្នា និងជាលើកទី13 បើសរុបទាំងអស់ ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 4-០ លើក្រុម AC Milan ដែលជួបភាពត្រដាបត្រដួសក្នុងតង់ទី2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ។
ខ្សែការពារកណ្តាល MedhiBenatia បានស៊ុតបាល់បញ្ចូលទី 2គ្រាប់សម្រាប់ក្រុម Juventus ហើយខ្សែបម្រើដ៏មានឥទ្ធិពល Douglas Costa ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ នៅរាត្រីដ៏ខកចិត្តសម្រាប់អ្នកចាំទី Gianluigi Donnarumma របស់ AC Milan ខណៈដែលរូបគេបានធ្វើឱ្យមានកំហុសសម្រាប់ការបណ្តោយឱ្យមានគ្រាប់បាល់ទី2 និងទី3។ ការធ្វើឱ្យបាល់ចូលទីខ្លួនឯងដោយកីឡាករបម្រុង Nikola Kalinic បានបង្កើតភាពវេទនាក្នុងតំបន់ការពាររបស់ក្រុមខ្លួនតែម្តង។ Juventus ដែលបានក្លាយជាក្រុមដំបូងគេក្នុងការឈ្នះពាននេះដោយមិនរបូតសូម្បីតែ 1គ្រាប់នោះ កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះពាន Serie A ឆ្នាំនេះ ដើម្បីបំពេញការឈ្នះពាន2 ក្នុងរដូវកាលតែមួយ និងជាលើកទី4 ជាប់ៗគ្នា។ ក្រុមយក្សក្នុងទីក្រុង Turin មួយនេះ កំពុងតែនាំមុខ 6ពិន្ទុដាច់លើក្រុម Napoli ខណៈដែលនៅសល់ការប្រកួត 2លើកទៀតនៅរដូវកាលនេះ។
លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឱ្យដឹងថា៖ «កីឡាករពិតជាលេងបានយ៉ាងអស្ចារ្យ និងស័ក្តិសមក្នុងការទទួលជ័យជម្នះនេះ ក្រោយពីមិនបានធ្វើអ្វីកើតលើក្រុម AC Milanដែលលេងបានយ៉ាងល្អក្នុងតង់ទី1។ បច្ចុប្បន្ន យើងត្រូវតែធ្វើឱ្យមានភាពច្បាស់លាស់លើការឈ្នះពាន Scudetto និងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យមួយនេះ»៕
ប្រភពពី៖ The Guardian