ការប្រកួតលើកទី316 របស់ខ្សែបម្រើជើងចាស់ Yaya Toure និងការប្រកួតលើទឹកដីខ្លួនឯងជាលើកចុងក្រោយសម្រាប់ក្រុម Manchester City បានបញ្ចប់ដោយក្រុមរបស់លោក Pep Guardiola បានបំបែកកំណត់ត្រានៃការរកបាន 97ពិន្ទុ គ្រាប់បាល់ 105គ្រាប់ និងជ័យជម្នះ 31លើកក្នុងសម័យកាលនៃក្របខ័ណ្ឌ Premier League។
ក្រោយពីការប្រកួតនេះ Koloដែលជាបងប្រុសរបស់ខ្សែបម្រើកូតឌីវ័រ និងជាអតីតកីឡាកររបស់ក្រុម Man City រូបនេះបានយកសំបុត្រចូលទស្សនាការប្រកួតរបស់ Man City ពេញមួយជីវិតសម្រាប់ Yaya ក៏ដូចជាអាវដែលវាយលេខ «316» កាលពីថ្ងៃអង្គារ។ Toureបាននិយាយថា៖ «វាគឺជារឿងដ៏ល្អក្នុងការនាំយកស្នាមញញឹមដល់អ្នកគាំទ្រ។ ពួកគាត់ពិតជាផ្តល់ជំនួយដ៏ធំ ហើយក្រុមគ្រួសាររបស់ខ្ញុំចង់ថ្លែងអំណរគុណដល់ពួកគាត់»។ កាលពីខែមុន ក្រុមរបស់លោក Guardiola បានបំពេញការឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ខណៈដែលនៅសល់ការប្រកួត 5លើកទៀត ហើយបច្ចុប្បន្នកំពុងតែនាំមុខដល់ទៅ 20ពិន្ទុដាច់លើក្រុមលេខ2 Manchester United។ Man City អាចនឹងក្លាយជាក្រុមដំបូងគេក្នុងការរកបាន 100ពិន្ទុក្នុងមួយរដូវកាលនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប្រសិនបើពួកគេផ្តួលក្រុម Southampton នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ នៅថ្ងៃអាទិត្យ។
ខ្សែបម្រើជើងចាស់ Toure បានទទួលតួនាទីជាប្រធានក្រុមសម្រាប់ការប្រកួតលើទឹកដីខ្លួនឯងជាលើកចុងក្រោយរបស់គេ ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ Danilo, Bernardo Silva និងFernandinho បានជួយឱ្យរូបគេបញ្ចប់តួនាទីជាមួយនឹងជ័យជម្នះ។ ខ្សែប្រយុទ្ធ Leonardo Ulloa បានរកគ្រាប់បាល់ 1គ្រាប់វិញសម្រាប់ក្រុមភ្ញៀវ៕
ប្រភពពី៖ The Guardian