ចំពោះករណីវីដេអូនារីម្នាក់បានស៊ីសាច់សត្វព្រៃ និងសត្វកម្រជិតដាច់ពូជជាអាហារ ហើយបានថតបង្ហោះដាក់រកលុយនៅក្នុងបណ្ដាញសង្គម យូធូបនោះ បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងកក្រើកពេញបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដែលមហាជនទូទៅទទូចទាមទារឱ្យរកមុខនាងម្នាក់នោះ និងចាត់វិធានការផ្លូវច្បាប់ចំពោះនាង។
ស្របគ្នានោះដែរ នៅលើគណនីអាចារ្យធំ បានទាមទារថា «ទង្វើថតខ្សែវីដេអូ រកលុយក្នុង YouTube តាមរយៈការសម្លាប់សត្វព្រៃកម្ពុជា បានបង្ហោះយ៉ាងព្រហើនមិនខ្លាចច្បាប់។ ពិតជាមហាសែនថោកទាបពេកហើយ!!! ត្រូវតែបញ្ឈប់ជាបន្ទាន់! ខ្ញុំអាចារ្យធំ សូមគោរពជម្រាបក្រសួង មេត្តាចាត់វិធានការលើជនថោកទាបទាំងហ្នឹងឱ្យខាងតែបាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងបរិសា្ថន សាយ សំអាល់ – Say Samal អង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា Say Samal គោរពបងប្រធាន»។ រីឯតារាស្រីសិចស៊ី ដេននី ក្វាន់ វិញក៏បានធ្វើការរិះគន់ដែរថា «ស៊ីដូចប្រេត ចេះតែទៅរួចហើយនាងអើយ»។
សូមជម្រាបបន្ថែមថា ទង្វើនារីម្នាក់ដែលជាជនជាតិខ្មែរ តែងតែបង្ហោះវីដេអូទាក់ទងទៅនឹងការចម្អិនអាហារនៅក្នុងព្រៃដោយដៃរបស់នាងផ្ទាល់ ហើយបានបង្ហោះវីដេអូរកលុយនៅក្នុងយូធូប ដោយយកការស៊ីសាច់សត្វព្រៃ ដូចជា សត្វត្រដក់ ជាសត្វដែលជិតផុតពូជ និងទទួលការអភិរក្សពីអាជា្ញធរ និងសត្វកូនខ្លាត្រី ដែលជាពពួកសត្វកម្រមកសម្លាប់ហើយចម្អិនហូបដើម្បីទាក់ទាញអ្នកទស្សនានោះ ត្រូវបានមហាជនខ្មែររិះគន់ថា ជាទង្វើព្រៃផ្សៃបំផុត។
គួររំឭកផងដែរថា វីដេអូដែលមាននៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ត្រូវបានអ្នកលេងបណ្ដាញសង្គមជេរព្រោងព្រាត ទៅលើនារីម្នាក់នេះយ៉ាងចាស់ដៃតែម្តង។ វាពិតជាមិនគួរសោះដែលនារីម្នាក់មានរូបសម្រស់សមរម្យ តែបែរជាមកធ្វើអំពើបែបនេះទៅវិញ តើសត្វព្រៃទាំងនេះនឹងត្រូវវិនាសហិនហោចដោយសារតែស្នាដៃរបស់នារីម្នាក់នេះឬ? បើតាមសម្ដីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ពួកគេបានទទូចស្នើសុំឱ្យក្រសួង និងអាជ្ញាធរចាត់វិធានការច្បាប់ទៅលើនារីម្នាក់នេះឱ្យបានឆាប់បំផុត(ទុកយូរ នាងនឹងស៊ីសត្វព្រៃអស់មិនខាន…)៕