សូនច្បារ 2កន្លែងក្នុងរាជធានីភ្នំពេញ និងវិទ្យាល័យចំនួន 3ទីតាំងផ្សេងទៀតត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធ Public Wi-Fi ដែលមានល្បឿនលឿនកម្រិត 1Gps ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី9 ខែឧសភា ឆ្នាំ2018 នេះតទៅ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា គម្រោង Public Wi-Fi នេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាជីវកម្មទូរគមនាគមន៍កូរ៉េ(KT) នៃសាធារណរដ្ឋកូរ៉េដោយភាគីកូរ៉េបានផ្ដល់ជូននូវជំនួយឥតសំណងសម្រាប់គម្រោង Public WiFi និង Digital Connectivity for School ដោយធ្វើការដំឡើងនៅក្នុងទីតាំងចំនួន5 គឺ៖1. សួនច្បារសម្ដេចហ៊ុន សែន។ 2.សួនច្បារមុខព្រះបរមរាជវាំង។ 3.វិទ្យាល័យហ៊ុន សែន កំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 4. វិទ្យាល័យហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 5.វិទ្យាល័យអ៊ីវ៉ាស្រង់ កំពង់លែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរឧបករណ៍បច្ចេកទេសប្រព័ន្ធ Public Wi-Fi ចំនួន 2កន្លែងនៅសួនច្បារសម្ដេចហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំងត្រូវបានដំឡើងរួចរាល់ហើយជាមួយនឹងល្បឿន 1Gps (1ហ្សីហ្គាប៊ីតក្នុងមួយវិនាទី)។ដោយឡែក 3ទីតាំងទៀតដែលជាគម្រោងសម្រាប់សាលារៀនកំពុងស្ថិតក្នុងដំណើរការដំឡើងដែលអាចនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ។
សម្រាប់ប្រព័ន្ធ Public Wi-Fi នៅទីតាំងសួនច្បារខាងលើនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់អ៊ីនធើណិតបានដោយឥតគិតថ្លៃក្នុងល្បឿនលឿនសម្រាប់ការកម្សាន្ត និងការសិក្សារបស់សិស្សានុសិស្ស។ ដោយឡែក 3ទីតាំងទៀតដែលនៅតាមបណ្ដាខេត្តធ្វើឡើងឱ្យស្របតាមកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំតាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី (NGS) ដែលជាគំរូអភិវឌ្ឍន៍ថ្មីក្នុងប្រព័ន្ធអប់រំសាធារណៈដែលនាំទៅដល់ការបង្កើតសាលារៀនសាធារណៈស្វយ័តទទួលបានការវិនិយោគខ្ពស់ផ្សារភ្ជាប់ស្តង់ដារថ្មីមានគណនេយ្យភាព និងអភិបាលកិច្ចល្អព្រមទាំងស្តងដារវិជ្ជាជីវៈសម្រាប់ការសិក្សាក្នុងសតវត្សទី21 ដែលជាសម័យបច្ចេកវិទ្យាទំនើប និងជឿនលឿន។
តាមរយៈការផ្ដល់នូវសេវាអ៊ីនធើណិតល្បឿនលឿននេះ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សត្រូវបានបំពេញតម្រូវការក្នុងការសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗដែលមានប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ៕