នាពេលថ្មីៗនេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុសដែលមានរហស្សនាម «កំពូលទើស»នៅក្នុងពិភពសិល្បៈគឺលោក ម៉ៃ សុគន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ ដែលគេមើលឃើញថា ម៉ៃ សុគន្ធ បានឌឺដងផ្លែផ្កាឱ្យសិរីមន្តចំពោះរឿងស្បែកជើងកែងចោត ហើយប្រដូចទៅនឹងសមាជិកក្រុមតារាបង្ហាញម៉ូដ The King Of CatWalk ដែលជាក្រុមបង្ហាញម៉ូដភេទទី 3 សាច់ដុំធំៗនៅប្រទេសហ្វីលីពីន មានគម្រោងមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ម៉ៃ សុគន្ធ បានសរសេរសារដៀមដាមផ្លែផ្កាថា « អេអាវ៉ា អាចាណយ មានពីរបីរយពាក់ស្បែកជើងកែងចោត ស្បែកជើងដែលអូនប្រាថ្នាចាស្ទីនកូពី!! ចង់ខ្ពស់យកអាស្បែកជើងពណ៌ស របស់ Sinonloresca មកពាក់មក ដឹងតែខ្ពស់កប់ហ្មង!!! បង្ហាញកម្ពស់ពិតមក ស្មានថាដើមត្នោត តាមពិតលេងកែងសោះ សមអើយសម ស្បែកខ្ញុំនេះស្អាតមែន»។ សូមជម្រាបបន្ថែមថា លោក SinonLoresca ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមបានដាក់នាមហៅថា The King Of Catwalk ដោយសារតែជារឿយៗ តារាម៉ូដែលរូបនេះ តែងតែដើរបង្ហាញម៉ូដបញ្ចេញសាច់ដុំធំៗ រួមជាមួយនឹងស្បែកជើងកែងខ្ពស់ៗនៅតាមសាធារណៈ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ភ្ជាប់ជាមួយរឿងលោក SinonLoresca នៅពេលថ្មីៗនេះ បើតាមការបង្ហោះនៅក្នុង Page ផ្លូវការរបស់ក្រុមបង្ហាញម៉ូដបុរសភេទទី3 សាច់ដុំធំៗ «The King of Catwalk» បានឱ្យដឹងថា ពួកគេនឹងធ្វើដំណើរមកជួបអ្នកគាំទ្រ និងបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2018 នេះ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងជោគជ័យពីប្រទេស ហ្វីលីពីន និងវៀតណាម។
គួរបញ្ជាក់ផងដែរថា ការបង្ហាញនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី2 ខែឧសភា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ តារាប្រុសភេទទី3 ល្បីល្បាញទូទាំងពិភពលោកមួយនេះ បានទាក់យកចិត្តប្រិយមិត្តអ្នកគាំទ្រវៀតណាមឱ្យជក់ចិត្តដិតអារម្មណ៍ជាមួយស្នាដៃច្នៃម៉ូដសហសម័យ និងទំនើបកម្ម ដែលមានការរចនាយ៉ាងប្រណីតបង្ហាញជូននៅលើផ្លូវសាធារណៈទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី៕