ខ្សែប្រយុទ្ធអន្តរជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានអនុញ្ញាតឱ្យចាកចេញកាលពីថ្ងៃអង្គារ ដោយក្លិប Pahang FA ក្រោយពីការបង្ហាញទម្រង់លេងមិនបានល្អក្នុងរយៈពេលដ៏ខ្លីរបស់គេជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌម៉ាឡេស៊ី Super League មួយនេះ ក្រោយពីបានចូលក្នុងនាមជាកីឡាករខ្ចីជើង កាលពីដើមឆ្នាំនេះ។
ក្លិប Pahang FAបាននាំយកខ្សែប្រយុទ្ធកាណាដា Issey Nakajima-Farran មកជំនួសវិញភ្លាមៗ ដើម្បីពង្រឹងក្រុមនេះ និងដើម្បីប្រជែងយកពានក្របខ័ណ្ឌម៉ាឡេស៊ី Super League។ ជាមួយគ្នានេះ ពួកគេក៏បាននាំយកខ្សែប្រយុទ្ធ Austin Amutu ដើម្បីជំនួសកន្លែងរបស់ Francis Forkey Doe ដែលមានបញ្ហារបួសជង្គង់រយៈពេលវែងផងដែរ កាលពីខែមីនា។ លោក DollahSalleh គ្រូបង្វឹករបស់ក្រុម Pahang បានឱ្យដឹងថា៖ «យើងសង្ឃឹមថា វត្តមានកីឡាករទាំង 2នេះ នឹងបង្កើនគុណភាពក្នុងក្រុមរបស់យើង។
Amutu អាចនឹងមានបញ្ហាមួយចំនួនក្នុងការសម្របខ្លួនក្នុងក្រុមនេះ ប៉ុន្តែខ្ញុំប្រាកដក្នុងចិត្តថា បទពិសោធរបស់ពួកគេនឹងជួយដល់យើង»។ ការចាកចេញរបស់វឌ្ឍនាកា ត្រូវបានរំពឹងទុកជាមុនទៅហើយ ក្រោយពីខ្សែបម្រើស្លាបរូបនេះបានបង្ហាញពីទម្រង់លេងដ៏គួរឱ្យទាក់ទាញតិចតួចបំផុតក្នុងការចំណាយពេលដ៏ខ្លីរបស់គេជាមួយនឹង Pahang។ លោក Dollah បានប្រាប់បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោកចង់ឱ្យមានការបង្ហាញពីទម្រង់លេងកាន់តែល្អប្រសើរជាងមុនពី វឌ្ឍនាកា ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Kuala Lumpur FAកាលពីថ្ងៃទី15 ខែមេសា៕
ប្រភពពី៖ FOX Sports Asia