Skip to content

ព្រាប សុវត្ថិ ស៊ីថ្លៃកប់ជាមួយទូរស័ព្ទ VIVO

កាលពីដើមខែកន្លងទៅនេះ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានឡើងបង្ហាញខ្លួនជាអ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃស្មាតហ្វូនម៉ាក VIVO ដែលធ្វើឱ្យមហាជននាំគ្នាបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកាលពីពេលកន្លងទៅ គេធ្លាប់តែឃើញ​រូប​លោក​បង្ហាញខ្លួនតែជាមួយផលិតផលស្រាបៀរតែប៉ុណ្ណោះ។ ជាមួយនឹងការបង្ហាញខ្លួនដោយភ្ជាប់ឈ្មោះជាអ្នកតំណាងផលិតផលទិកណូឡូជីមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា គ្រាន់តែតម្លៃថ្លៃធ្វើជាអ្នកតំណាងរបស់លោកក្នុង1ឆ្នាំ គឺស៊ីរហូតដល់ទៅជិត10ម៉ឺនដុល្លារឯណោះ។

លោក ព្រាប សុវត្ថិ បានប្រាប់ក្នុងពេលបង្ហាញខ្លួនថា “ខ្ញុំសប្បាយចិត្តដែលបានធ្វើជាអ្នកតំណាងឱ្យ VIVO សម្រាប់ប្រទេសកម្ពុជានេះហើយ​ខ្ញុំគិតថា VIVO នេះមានភាពអស្ចារ្យខ្លាំងណាស់ ព្រោះអេក្រង់ពេញអាចថតរូបបានស្អាតជាងទូរស័ព្ទដទៃទៀត។ ខ្ញុំពិតជារំភើបដែលខាងក្រុមហ៊ុនជឿ​ទុក​ចិត្ត និងផ្តល់កិត្តិយសសម្រាប់រូបខ្ញុំ”។ យ៉ាងណាក៏ដោយ ចំពោះការធ្វើជាអ្នកតំណាងទូរស័ព្ទ VIVO របស់កំពូលតារាចម្រៀងរូបនេះ ត្រូវបានមហាជនលើក​ឡើង​ថា តារាចម្រៀងដែលមានភាពលេចធ្លោ និងល្បីល្បាញជិត20ឆ្នាំម្នាក់នេះនៅតែជាតារាដែលត្រូវប៉ាន់ស្ប៉តពាណិជ្ជកម្ម និងស៊ីថ្លៃខ្ពស់ជាងគេដដែល បើទោះបីជាពេលនេះលោកមានវ័យច្រើនបន្ដិចក្ដី។

ដោយឡែកពាក់ព័​ន្ធទៅនឹងតម្លៃថ្លៃខ្លួនជាអ្នកតំណាង លោក ព្រាប សុវត្ថិ មិនបានបង្ហើបប្រាប់នោះទេ ដោយលោកលើកឡើងថា មិនអាច​ប្រាប់​បាន ខ្លាចខូចតម្លៃទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាមប្រភពព័ត៌មានដែលធ្លាប់ទាក់ទងរូបលោកឱ្យធ្វើជាអ្នកតំណាងផលិតផល និងថតស្ប៉តផងដែរនោះ​បាន​បង្ហើប​ប្រាប់ថា លោក ព្រាប សុវត្ថិគឺជាតារាដែលស៊ីថ្លៃជាងគេបំផុត ពោលគឺក្នុងមួយឆ្នាំស៊ីមិនក្រោម10ម៉ឺនដុល្លារនោះទេ ហើយបើថ​ត​ស្ប៉តទៀត​ត្រូវ​បន្ថែម​ពី​លើទៀត។ ជាក់ស្ដែងគ្រាន់តែតម្លៃចេញច្រៀងតាមបណ្តាខេត្តម្ដងៗ យ៉ាងហោចណាស់ក៏ទទួលបាន3,500-4,000ដុល្លារ ដែលច្រៀង និងសម្ដែងរាំលើ​ឆាកមិនលើសពី5បទនោះឡើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ខណៈពេលដែលខ្លួនកាន់តែមានវ័យជ្រេរចាស់បន្តិចទៅហើយនោះ លោក ព្រាប សុវត្ថិ បានព្យាយាមជំរុញ​កូន​ប្រុសរបស់ខ្លួនឱ្យជ្រាតចូលមកក្នុងវិស័យចម្រៀងស្នងត្រកូលបន្ត ហើយនៅក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះក៏មានបទចម្រៀងរបស់​កូន​ប្រុស​លោកចេញលក់ដែរ ដូចជា បទ “រាំក្បាច់កង្កែប” ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *